ដោយៈ សុផល / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣កាកបាទក្រហម កម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុជាព្រះប្រធានកិត្តិយស  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជួយសម្រាលការលំបាក ផ្តល់ជូនប្រជា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន .១០១ គ្រួសារ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន លើទីទួលសុវត្ថិភាព។

ពិធីសំណេះសំណាល និងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន  លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលធ្វើឡើងនៅទីតាំងចំនួន គឺ ទីតាំងទី១ នៅវត្តកំពង់ក្តុល សម្រាប់ប្រជាពលរដ្ឋ.៥៤៨ គ្រួសារ មកពីសង្កាត់សាក់ សំពៅ, ព្រៃវែង, គងនយ, ទាន, ក្រាំងពង្រ និងសង្កាត់ស្ពានថ្ម។ ទីតាំងទី២ នៅវត្តព្រែកថ្លឹងសម្រាប់ប្រជាពលរដ្ឋ ៥៥៣គ្រួសារ មកពីសង្កាត់ព្រែកកំពឹស, ជើងឯក, ដង្កោ និងសង្កាត់ព្រៃស។

ក្នុងឱកាសសំណេះសំណាលនេះ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទ ក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តមមុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែគិតគូរដល់សុខទុក្ខ របស់ប្រជារាស្ដ្រគ្រប់រូប ជាពិសេសអ្នកងាយរងគ្រោះជាងគេបំផុត ដើម្បីផ្ដល់ការជួយ សង្គ្រោះ ទាល់ពេលវេលា និងយ៉ាងឆាប់រហ័សដោយមិនទុកឱ្យកូនចៅណាម្នាក់ ចោលនោះឡើយ។

ជាក់ស្ដែង ដូចក្នុងរដូចវស្សានេះ តែងតែកើតមាននូវទឹកជំនន់ទឹកភ្លៀង ដូចនេះកាកបាទ ក្រហមកម្ពុជា ទាំងស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា រាជធានីខេត្ដ បានចេញសកម្មភាពជួយសង្គ្រោះ តាមរយៈការផ្ដល់អំណោយ សម្រាលការលំបាកការអប់រំផ្សព្វផ្សាយពីសុខភាព ចៀងវាងគ្រោះថ្នាក់ណាមួយកើតឡើង ក្នុងកំឡុងពេល ទឹកជំនន់ និងក្រោយទឹកស្រកជាដើម។

លោកស្រី ម៉ែន នារីសោភ័គ បានគូសរម្លឹកថា សព្វមួយដង និងជារៀងរាល់ឆ្នាំ ក្នុងរដូវវស្សា ឬទឹកជំនន់នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែពាំនាំ នូវសារអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពជា ចម្បង បន្ទាប់ពីទៅរកទីទួលមានសុវត្ថិភាព ដែលមានជាអាទិ៍៖

* ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ពិសេសសម្រាប់ក្មេងតូច ពីការលង់ទឹក ដែលបណ្ដាលឱ្យបាត់បង់ជីវិត។

* ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាពឬមុនទៅធ្វើការជិតគំនរ ឬសម្ភារៈដែលអាចពស់រស់នៅបាន។

* ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល ខណៈមកទល់នឹង ពេលនេះករណីពស់ចឹក កន្លងមកនេះ គ្រូពេទ្យ បានព្យាបាលជា ចៀសផុតពីគ្រោះថ្នាក់ ដល់ជីវិតទាំងអស់។

* អំឡុងទឹកជំនន់ ឬទឹកស្រកទៅវិញ ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ពុល និងជំងឺដទៃផ្សេងទៀត។

* ត្រូវបរិភោគទឹកស្អាត ដោយដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរ៉ាមីន។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។

* ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និង បោកសម្លៀកបំពាក់ឲ្យបានស្អាត ចៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ ជាដើមដោយទឹកជំនន់ជនលិចនេះ។

មុននឹងអញ្ជើញផ្ដល់អំណោយ ជូនប្រជាពលរដ្ឋ លោកស្រី ម៉ែន នារីសោភ័គ ក៏បាន ក្រើនរម្លឹកបន្ថែមផងដែរ ពីការថែរក្សាសុខភាពក្នុងរដូវវស្សា ដែលងាយប្រឈមខ្ពស់ នឹងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ជំងឺភ្នែកក្រហម រួមទាំងជំងឺឆ្លង និងមិនឆ្លងផ្សេងៗទៀត ពិសេសសម្រាប់ស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលត្រូវតោង ប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ និងលោក ឃួង ស្រេង ក៏បាននាំយក ទេយ្យទានរបស់កាកបាទក្រហមកម្ពុជាប្រគេនដល់វត្តកំពង់ក្តុល និងវត្តព្រែកថ្លឹង ផងដែរ ដោយវត្តនីមួយៗ ប្រគេនអង្ករ ១០០ គីឡូក្រាម , មី ៤កេស, ត្រីខ ១កេស, ទឹកស៊ីអ៉ីវ២យួរ, ទឹកត្រី ២យួរ, ទឹកក្រូច ៤កេស , ទឹកសុទ្ធ ៤កេស និងបច្ច័យមួយ ចំនួន៕/V-PC