​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក អាន​ថូ​នី អាល់​បាណេ​ស (Anthony Albanese) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​២២ តុលា ថា លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី លី ឈាង ក្នុង​គោលបំណង​ធានា​នូវ​ទំនាក់ទំនង “​ស្ថិរភាព​និង​ផលិតភាព​” រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​អាល់​បាណេ​ស ដែល​បាន​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ ២០២២ ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អូស្ត្រាលី បាន​និយាយថា លោក​នឹង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ដោយ​មេដឹកនាំ​អូស្ត្រាលី​ចាប់តាំងពី​ឆ្នាំ ២០១៦ និង បញ្ជាក់​ពី​ជំហាន​ដ៏​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ទំនាក់ទំនង​។​

​លោក​អាល់​បាណេ​ស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មេដឹកនាំ​នឹង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដូចជា ទំនាក់ទំនង​សេដ្ឋកិច្ច ការប្រែប្រួល​អាកាសធាតុ និង “​ទំនាក់ទំនង​រវាង​ប្រជាជន​របស់​យើង​” ។​

​លោក​បាន​និយាយថា “​ខ្ញុំ​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការធានា​នូវ​ទំនាក់ទំនង​ស្ថិរភាព​និង​ផលិតភាព​។​”

“​ខ្ញុំ​ទន្ទឹងរង់ចាំ​ចូលរួម​បន្ថែមទៀត​ជាមួយ​ប្រធានាធិបតី​ស៊ី​និង​នាយករដ្ឋមន្ត្រី​លី​ដើម្បី​ផលប្រយោជន៍​ជាតិ​របស់​អូស្ត្រាលី​។​”

​កាលពី​ថ្ងៃអាទិត្យ​ផងដែរ លោក​អាល់​បាណេ​ស​បាន​និយាយថា អូស្ត្រាលី​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ដើម្បី​ឆ្ពោះទៅមុខ​ដើម្បី​ដោះស្រាយ​វិវាទ​ជុំវិញ​ស្រា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ទំនង​ជម្រះ​ផ្លូវ​សម្រាប់​ការបន្ត​ការ​នាំចូល​ដែល​មាន​តម្លៃ ៨០០ លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ឆ្នាំ​មុន​ពេល​ពន្ធគយ​ត្រូវបាន​ដាក់ចេញ​ក្នុង​ឆ្នាំ ២០២០​។​

​លោក​អាល់​បាណេ​ស​បាន​និយាយថា “​យើង​ស្វាគមន៍​កិច្ចព្រមព្រៀង​របស់​ចិន​ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ​យ៉ាង​រហ័ស​នៃ​ពន្ធគយ​របស់ខ្លួន​។ ដំណើរការ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ចំណាយ​ពេល​ប្រាំ​ខែ​។​”

“​អូស្ត្រាលី​និង​ចិន​បាន​ព្រមព្រៀង​គ្នា​ថា យើង​នឹង​ផ្អាក​ជម្លោះ​លើ​ស្រា​នៅក្នុង​អង្គការ WTO ដោយ​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​នេះ​”៕

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក អាន​ថូ​នី អាល់​បាណេ​ស