​ម៉ិ​ល ម៉ៅ យុទ្ធជន​នៅ​មន្ទីរពេទ្យ ព​១៧ ភ្នំពេញ​

(​ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព J00041)

2911
ចែករម្លែក
  • 9
    Shares

​ដោយ​: ទ្រី សុជាតា បុគ្គលិក​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ខ្ញុំ​ឈ្មោះ​ម៉ៅ កើត​នៅ​ភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​កំពង់ត្រឡាច​លើ តំបន់​៣១ (​ខេត្តកំពង់ឆ្នាំង​)​។ ឪពុក​ខ្ញុំ​ឈ្មោះ មឿ​ន​។ ចន្លោះ​ឆ្នាំ​១៩៦៦ ដល់​ឆ្នាំ​១៩៦៧ ខ្ញុំ​ឃើញ​ឪពុក​មាន​ទំនាក់ទំនង​ជាមួយ​ស័ក្តិ​បួន​ម្នាក់​ឈ្មោះ ធិ​ញ នៅ​បន្ទាយ​ក្បាលថ្នល់​។ ខ្ញុំ​ឧស្សាហ៍​ឃើញ ធិ​ញ មក​ផ្ទះ​ខ្ញុំ​ណាស់ ហើយ​ជួនកាល​ឪពុក​ចេញ​បាត់​ពី​ផ្ទះ​ទៅជា​មួយ ធិ​ញ ទៅណា​ក៏​មិនដឹង​។

កងផលិតថ្មាំពេទ្យ (រូប: មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្រោយមក ខ្ញុំ​ក៏បាន​ដឹងថា ពុក​បាន​នាំ​មនុស្ស​៥​នាក់ ឲ្យ​ទៅ​ស្គាល់​និង​ស៊ីផឹក​ជាមួយ ធិ​ញ​។ ពួកគេ​គឺ​៖
១) ឆាយ ប្រធាន​ឃុំ​ធ្លក​វៀន ស្រុក​១២ តំបន់​៣១
២) ទិ​ត កសិករ​ចាស់​នៅ​ភូមិ​ដំណាក់​ធ្លក ស្រុក​១២
៣) តាំង កសិករ​ចាស់​នៅ​ភូមិ​ដំណាក់​ធ្លក ស្រុក​១២
៤) ពត កសិករ​ចាស់​នៅ​ភូមិ​ដំណាក់​ធ្លក ស្រុក​១២
៥) សាន កសិករ​ចាស់​នៅ​ភូមិ​ដំណាក់​ធ្លក ស្រុក​១២

​មកដល់​ឆ្នាំ​១៩៧០ ទើប​ពុក​ប្រាប់ថា គាត់​និង​អ្នក​ទាំង​ប្រាំ​ខាងលើ ជា​ខ្សែ​គិញ​របស់​ឈ្មោះ​ធិ​ញ​។ ឪពុក​បាន​ណែនាំ​មិន​ឲ្យ​ខ្ញុំ​ចូល​បដិវត្ត​ទេ ព្រោះ​ពេលនេះ កងកម្លាំង​បដិវត្តន៍​មាន​ចំនួន​តិចជាង​ទាហាន និង​មិនអាច​យកឈ្នះ​ទាហាន​បានទេ​។ ប៉ុន្តែ​ឪពុក​បាន​ចាត់​ឲ្យ​ខ្ញុំ​ជួយ​យក​ការ​ពី​អ្នក​បដិវត្ត​ហើយ​គាត់​ចាំ​រាយការណ៍​បន្តទៅ​ធិ​ញ និង​គិញ​ដទៃទៀត​។

​នៅ​ខែសីហា ឆ្នាំ​១៩៧០ ខ្ញុំ​បាន​ទៅ​ចងសន្ទូច​នៅ​បឹង​ធ្លក​វៀន ហើយ​ជួប​ជាមួយ​កងកម្លាំង​បដិវត្តន៍​មួយ​កង​នៅក្នុង​វត្ត​ឈូក​ចាស់​។ ខ្ញុំ​បាន​ទៅប្រាប់​ឪពុក ហើយ​ឪពុក​បាន​យក​រឿងនេះ​ទៅ​រាយការណ៍​ឲ្យ​ធិ​ញ​ដឹង រហូតដល់​យប់​បាន​ត្រឡប់មកផ្ទះ​។ ស្រាប់តែ​ព្រឹក​ឡើង ទាហាន​ផ្លោង​គ្រាប់កាំភ្លើង​ធំ​ជាច្រើន​គ្រាប់​ដាក់​វត្ត​ឈូក​ចាស់​។ ប៉ុន្មាន​ខែក្រោយ​មក ក្នុង​ឆ្នាំ​១៩៧១ ពុក​បង្គាប់​ឲ្យ​ខ្ញុំ​ទៅ​បួស​នៅ​វត្ត​ឈូក ដើម្បី​គេច​ពី​ការចូល​ធ្វើជា​យោធា​បដិវត្តន៍ និង​សេចក្ដីស្លាប់​។ ឪពុក​ប្រាប់​ឲ្យ​ខ្ញុំ​ថា ពេល​បួស ត្រូវ​ទាក់ទង​គាត់​ឲ្យ​បាន​ច្រើន ហើយ​រាយការណ៍​ឲ្យ​គាត់ ស្រួល​គាត់​យកទៅ​រាយការណ៍​ឲ្យ​ទាហាន​បន្ត​។ ក្នុង​ឆ្នាំ​១៩៧១ ខ្ញុំ​បាន​អប់រំ​ព្រះសង្ឃ​ប្រាំ​អង្គ ដោយមាន​បី​អង្គ ត្រូវ​ពុក​នាំទៅ​ធ្វើជា​ទាហាន​នៅ​បន្ទាយ​ក្បាលថ្នល់ និង​ពីរ​អង្គ​ទៀត​នៅ​ធ្វើ​សកម្មភាព​ជាមួយ​ខ្ញុំ​។ អ្នក​ទាំងពីរ​នោះ​គឺ​¨ ៖
១) ធឿន ដក​ចេញពី​យោធា​ស្រុក​១២ ទៅធ្វើជា​ប្រធាន​ឈ្លប​ឃុំ​ឈូកស
២) ម៉េ​ត ដក​ចេញពី​យោធា​ស្រុក​១២ ទៅធ្វើជា​អនុប្រធាន​ឈ្លប​ឃុំ​ឈូកស

​មកដល់​ចុងឆ្នាំ​១៩៧២ ខ្ញុំ​ក៏​សឹក ហើយ​ទៅ​ជួយ​ធ្វើស្រែ​ជាមួយ​ពុក​ម៉ែ​វិញ​។ ដើមឆ្នាំ​១៩៧៣ ពុក​បានប្រគល់​ខ្ញុំ​ឲ្យ​ឈ្មោះ ឆាយ ដឹកនាំ​ធ្វើ​សកម្មភាព​វិញ​ព្រោះ ឆាយ ជា​ខ្សែ​គិញ​របស់ ធិ​ញ ដូច​ពុក​ដែរ ហើយ​ជា​ប្រធាន​ឃុំ​ធ្លក​វៀន​ផង​។ ដំបូង ខ្ញុំ​ធ្វើជា​នីរសារ​ឲ្យ ឆាយ ហើយ ធឿន និង ម៉េ​ត ក៏​មក​នៅ​មន្ទីរ​ឃុំ​ធ្លក​វៀន​ជាមួយ​ខ្ញុំ​ដែរ​។ តាម​ការចាត់​តាំងរបស់ ឆាយ គ្នា​ខ្ញុំ​ទាំងបី​នាក់ បាន​ឈ្លប​វាយ​ទាហាន​នៅ​ផ្សារ​កំពង់ត្រាច ធ្វើ​ឲ្យ​ទាហាន​ចុះមក​បាញ់​យោធា​ស្រុក​១២​ដែល​កំពុង​សម្រាក​មិនដឹង​ខ្លួន​។ ដល់​ដើមឆ្នាំ​១៩៧៤ ឆាយ បាន​ឧទ្ទេសនាម​ឲ្យ​យើង​ទាំង​បីនាក់​ទៅទាក់ទង​ធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ ម៉ៃ ដែលជា ប្រធាន​យោធា​ស្រុក​១២​វិញ​។ ម៉ៃ បាន​ប្រជុំ​ដាក់​ផែនការ​ឲ្យ​មាន​ការកសាង​កម្លាំង​នៅក្នុង​យោធា​ស្រុក​១២​។ ក្រោយពី​ទទួល​ផែនការ ខ្ញុំ​បាន​កសាង​យុទ្ធជន​យោធា​ស្រុក​១២ ម្នាក់​ឈ្មោះ សៀន ឲ្យ​ធ្វើ​សកម្មភាព​។ ពេល​ទៅ​នៅ​ជាមួយ ម៉ៃ​, សៀន ក៏បាន​ចូល​ធ្វើជា​ទាហាន ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​គេ​នៅ​បន្ទាយ​ណា​ទេ​។ ក្រោយមក សៀន ក៏​រត់​ចេញពី​បន្ទាយ​បាត់​ដំណឹង​ទៅ​។ ឆ្នាំ​១៩៧៥ ម៉ៃ គ្រប់គ្រង​យោធា​ស្រុក​១២​ផង និង​មន្ទីរ​សន្តិសុខ​ស្រុក​១២​ផង​។ ខ្ញុំ ធឿន និង ម៉េ​ត ទទួលបន្ទុក​ការពារ​អ្នកទោស​នៅ​មន្ទីរ​សន្តិសុខ​ដែល ម៉ៃ ក្តាប់​។ ក្រោយ​រំដោះ​ភ្នំពេញ ម៉ៃ បាន​វាយ​ខ្មាំង​សួរចម្លើយ​ហើយ​ដឹកមុខ​ខ្មាំង​ឲ្យ​ឆ្លើយ​ដាក់​កងកម្លាំង​បដិវត្តន៍​។ ពេល​រៀប​យក​អ្នក​
​ទោស​ទៅ​វាយចោល ម៉ៃ​, ធឿន និង ម៉េ​ត បាន​រំលោភ​នារី​អ្នកទោស​។ ក្នុង​ឆ្នាំ​ដដែល ធឿន និង ម៉េ​ត ត្រូវ ឆាយ យកទៅ​ធ្វើជា​ឈ្លប​ឃុំ​ធ្លក​វៀន​វិញ​។ មានតែ​ខ្ញុំ​ទេ​ដែល​នៅ​ជាមួយ ម៉ៃ​។ ឆ្នាំ​១៩៧៦ ស្រប​នឹង​ការចាត់​តាំងរបស់​អង្គការ ម៉ៃ បាន​ឲ្យ​ខ្ញុំ​ទៅ​រៀន​វិជ្ជាពេទ្យ​នៅ​មន្ទីរពេទ្យ​ភូមិភាគ​បស្ចិម​។ មុនពេល​ចេញមក ម៉ៃ បាន​ឧទ្ទេសនាម​ឲ្យ​ខ្ញុំ​ធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ​៖
១) នៅ ប្រធាន​ពេទ្យ​ភាគ​បស្ចិម
២) សៀ អនុប្រធាន​ពេទ្យ​ភាគ​បស្ចិម

​ខ្ញុំ​បាន​ទៅ​ស្នាក់នៅ​មន្ទីរ​តំបន់​៣១ អស់​ដប់​ប្រាំ​ថ្ងៃ​ទើប​មកដល់​មន្ទីរពេទ្យ​ភាគ​បស្ចិម​។ ពេលមកដល់ ខ្ញុំ​ក៏បាន​ភ្ជាប់​ជាមួយ សៀ និង នៅ​។ នៅ​ឆ្នាំ​១៩៧៦ ដដែល​នេះ នៅ បាន​ប្រាប់​ឲ្យ​ខ្ញុំ​ចាក់​ថ្នាំ​សម្លាប់​អ្នកជំងឺ​បណ្តើរៗ ព្រោះ​បន្តិចទៀត​បក្ខពួក​រប​ស់​នៅ ទៅ​វាយ​បដិវត្តន៍​ហើយ​។ ខ្ញុំ​បាន​ចាក់​ថ្នាំ​ធ្វើ​ឲ្យ​អ្នកជំងឺ​ពីរ​នាក់​ប្រតិកម្ម តែដោយសារ​ពេទ្យ​នៅ​ជិត​នោះ​ជួយ​ទាន់ អ្នក​ទាំងពីរ​នោះ​ក៏​រួច​ជីវិត​។ នៅ​ខែមករា ឆ្នាំ​១៩៧៦ សៀ និង នៅ បាន​ឲ្យ​ថ្នាំ​ទឹក​បី​អំពូល ទុក​ឲ្យ​ខ្ញុំ​ចាក់​សម្លាប់​អ្នកជំងឺ តែ​ខ្ញុំ​មិនបាន​ប្រើ​វា​ទេ ព្រោះ​មួយខែ​ក្រោយមក ខ្ញុំ​ត្រូវ​ត្រៀម​ផ្លាស់​មក​រៀន​វិជ្ជាពេទ្យ នៅ​ពេទ្យ ព​១៧ នៅ​ទីក្រុង​ភ្នំពេញ​។ នៅ បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើ​សកម្មភាព​ជាមួយ សី ដែលជា​ប្រធាន​ពេទ្យ​។ ខ្ញុំ​បានដាក់​ថ្នាំ​បី​អំពូល​នោះ​តាម​ខ្លួន តែ​ពេលមកដល់ ព​១៧ ខ្ញុំ​មិន​ហ៊ាន​ទាក់ទង​ជាមួយ សី ទេ ព្រោះ​ខ្ញុំ​ជា​យុទ្ធជន​។ ពេល​មក​នៅទីនេះ​បាន​មួយរយៈ ខ្ញុំ​ចេះតែ​បាន​ឮថា នៅទីនេះ ពុល​ញឹកញាប់​ណាស់​។ មាន​ថ្ងៃមួយ​នោះ ខ្ញុំ​ទំនេរ​ពី​ការពិសោធន៍​ថ្នាំ ក៏​ទៅ​ជួយ​ចិតបន្លែ​ជាមួយ​អ្នក​ដាំ​ស្ល​ឈ្មោះ ទៀង​។ ពេលនោះ ខ្ញុំ​ឃើញ​ម្សៅ​ក្នុង​ចាន​មួយ ក៏​លើក​យកមក​ហិត ហើយ​ធុំ​ក្លិនថ្នាំ DDT (​ថ្នាំ​សម្លាប់​សត្វល្អិត​)​។ ខ្ញុំ​ក៏​សួរ ទៀង តែ ទៀង ប្រាប់ថា វា​ជា​ម្សៅ​មី​។ ពេល​ខ្ញុំ​ប្រកែក ទើប ទៀង ប្រាប់​តាម​ត្រង់​ថា វា​ជា​ថ្នាំ​សម្លាប់​សត្វល្អិត​មែន​។ គាត់​ប្រាប់​ខ្ញុំ​ថា បើ​ដឹង​ហើយ​កុំ​មាត់ ធ្វើ​ជាមួយគ្នា​ទៅ មិនបាច់​ខ្លាច​ទេ​ព្រោះ​ថ្នាក់លើ (​ប្រធាន​ពេទ្យ​ឈ្មោះ សី​) សម្រេច​ឲ្យ​ហើយ​។ និយាយ​គ្នា​ហើយ ខ្ញុំ​និង ទៀង ក៏​យក​ថ្នាំ​មួយ​ចាន​នោះ​ចាក់​ចូល​ឆ្នាំងសម្ល​។ ពេលនោះ​អ្នក​នៅក្នុង​ពេទ្យ​មួយចំនួន​ហូប​ទៅ​ពុល​ក្អួតចង្អោរ តែ​មិនមាន​អ្នកស្លាប់​ទេ​។ ក្រោយ​ហេតុការណ៍​នេះ សី បានមក​ពិនិត្យ​ហើយ​និយាយថា នេះ​មិនមែន​ពុល​មកពី​ថ្នាំ​ទេ គឺ​មកពី​ផ្លែ​ប៉េងប៉ោះ​ខ្ចី និង​បន្លែ​ស្លឹកឈើ​ជាច្រើន​ទៀត​។ ក្រោយមក​ក្នុង​ខែ​៤ ខែ​៥ ឆ្នាំ​១៩៧៧ ខ្ញុំ​និង​ទៀង​បាន​យក​ម្សៅ​ថ្នាំ​សម្លាប់​សត្វល្អិត​នេះ​ដាក់​ក្នុង​សម្ល​បី​ដង​ទៀត​។ មកដល់​ខែ​៦ ទៀង បាន​ឲ្យ​ខ្ញុំ​ស្គាល់​ខ្សែរយៈ​បីនាក់ ៖
១) សុង (​ភេទ​ប្រុស​) នៅ​មន្ទីរពិសោធន៍
២) រ៉េត (​ភេទ​ស្រី​) ប្រធាន​មន្ទីរ​ពី​សោធន៍
៣) ទ្រា​ង (​ភេទ​ស្រី​) ប្រធាន​អគារ​ជាន់​ទីមួយ​។

​ទៀង ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជួយ​ចាក់​ថ្នាំ​មិត្ត​នារី ទ្រា​ង ដោយ​ពេលនោះ​ខ្ញុំ​មាន​ភារកិច្ច​ចាក់​ជាក់ស្ដែង​នៅ​អគារ​នោះ​។ តាម​ការចាត់តាំង ខ្ញុំ​ត្រូវ​ចាក់​ថ្នាំ​សម្លាប់​អ្នកជំងឺ​ជាមួយ ទ្រា​ង ហើយ​ខ្ញុំ​បាន​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ​ម្នាក់​ប្រតិកម្ម​។ ចន្លោះ​ខែ​៦ និង​ខែ​៧ ឆ្នាំ​១៩៧៧ ទ្រា​ង​ប្រើ​ឲ្យ​ខ្ញុំ​ទៅយក​មេ​ថ្នាំ​ពិសោធន៍​ពី​ឈ្មោះ សុង និង រ៉េត យកមក​លាយ​ជាមួយ​ទឹក​ដើម្បី​ចាក់​សម្លាប់​អ្នកជំងឺ​។ ខ្ញុំ​ក៏​យក​ថ្នាំ​នេះ​ទៅ​ចាក់​ធ្វើ​ឲ្យ​អ្នកជំងឺ​ប្រតិកម្ម​រាគ​។ ដោយសារ​ត្រូវ​អ្នកដទៃ​ចាប់អារម្មណ៍ ខ្ញុំ​ក៏​ផ្អាក​សកម្មភាព​មួយរយៈ​។ មកដល់​ចុងឆ្នាំ ខ្ញុំ​ក៏​សម្រេចចិត្ត​យក​ថ្នាំ​បី​អំពូល​ដែល សៀ និង នៅ ឲ្យ​កាលពី​នៅ​មន្ទីរពេទ្យ​ភាគ​បស្ចិម មកចាក់​សម្លាប់​អ្នកជំងឺ​។ សំណាងអាក្រក់ ខ្ញុំ​ត្រូវ​អ្នកតាមដាន​មក​ចាប់ដៃ​ពិនិត្យ​ថ្នាំ​ហើយ​បែកការណ៍​ថា​ជា​ថ្នាំ​សម្លាប់​អ្នកជំងឺ​។ ស្អែក​ឡើង អង្គការ​ក៏​សម្រេច​ចាប់ខ្លួន​ខ្ញុំ​តែម្ដង​។​

​កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​ស​ន្និ​ដ្នា​ន​បាន​ថា ចម្លើយ​របស់ ម៉ិ​ល ម៉ៅ ពិត​ឬ​យ៉ាងណា​នោះទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម