ដោយ៖រ៉ាម៉ន/ភ្នំពេញ ៖ ស្ពានកោះពេជ្រ-កោះនរា នឹងបើកឱ្យធ្វើចរាចរផ្លូវទាំងសងខាង ចាប់ពីម៉ោង៦ល្ងាចថ្ងៃនេះតទៅ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈដែលកំណើនយានយន្តលើស្ពានកោះពេជ្រ-កោះនរា មានការកើនឡើង។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំ អាជ្ញាធរ កងកម្លាំងនិងមន្ទីរពាក់ព័ន្ធចុះពិនិត្យទីតាំងរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនារសៀលថ្ងៃទី២៣ ខែតុលានេះ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖សូមបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយព័ត៌មាន ពីស្ពានកោះពេជ្រ-កោះនរា ដោយនៅម៉ោង៦ល្ងាចថ្ងៃនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរផ្លូវទាំងសងខាងលើស្ពានហើយ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅស្ពានច្បារអំពៅ ច្រមុះជ្រូកក្បាលថ្នល់។ ការបើកឱ្យធ្វើចរាចរផ្លូវទាំងសងខាង លើស្ពានកោះពេជ្រ-កោះនរា នឹងដោះស្រាយបាននៅការកកស្ទះចរាចរណ៍កាន់តែប្រសើរឡើង។បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងធ្វើស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត ពីខាងខណ្ឌច្បារអំពៅនេះ ទៅកាន់តំបន់អភិវឌ្ឍន៍ជើងឯក ឆ្ពោះទៅផ្លូវលេខ២១៧។

គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដែលពេលនោះដាក់ឱ្យដំណើរការចរាចរតែម្ខាងស្ពានប៉ុណ្ណោះ។

ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។

គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍ កោះ នរានេះ  មាន ប្រវែងសរុប ៨២៤ម៉ែត្រ ទទឹង ២៤,៥ម៉ែត្របណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម៉ែត្រសសរស្ពានមានគម្លាត២០ម៉ែត្រ +២១ម៉ែត្រ +១០៨ម៉ែត្រ + ១៨០ ម៉ែត្រ+១០៨ម៉ែត្រ+ ២៣ម៉ែត្រ+ ២៣ម៉ែត្រ

ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ ក្បាលស្ពាន កោះនរា ប្រវែង ៩២ម៉ែត្រ   ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្ត ចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣,២៥ម៉ែត្រ  និងមានគន្លង សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ សងខាង 

 ស្ពាន នេះតម្រូវឱ្យបើកបរ  ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ/ម៉ោង ជម្រាលទទឹងស្ពាន២%  សសរ សម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ  គិតពីផ្ទៃតួស្ពានទៅលើអាកាស  សសរ ស្ពាន សម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ   គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២មានជម្រៅ ៧៣,៤០ម៉ែត្រ   ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣  ជើងតាងស្ពានមានទំហំ ២៤,៣ម៉ែត្រx១៧,៧ម៉ែត្រx៤,៥ម៉ែត្រ  ។កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម៉ែត្រនៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត  កំពស់អតិបរមា នាវា ឆ្លងកាត់ក្រោមស្ពាន ១៨ម៉ែត្រ នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត  គម្លាតពីសរសរស្ពាន ខ្សែ កាប មានប្រវែង ១៨០ម៉ែត្រ សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើម សង ខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥,២មីលីម៉ែត្រ សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោល ភ្លើងបំភ្លឺស្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ ។

ស្ពាននេះចំណាយការសាងសង់ ៣៨ លានដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC  ៕ P / N