ដោយៈ ចាន់តូ / ភ្នំពេញៈ ពីរនាក់ប្ដីប្រពន្ធ បានបាត់បង់ជីវិត បន្ទាប់ពីមានរថយន្ត មិនស្គាល់ម៉ាក បានមកមុខពីក្រោយ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៣ រំលង អធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី ២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិចោមចៅ ២ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ជាប្ដីមានឈ្មោះ ឈើន គឹមស៊ាង អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធមានឈ្មោះ ឃុត គឹមស្រ៊ុន អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ មានមុខរបរលក់សាច់ជ្រូក ស្នាក់នៅបន្ទប់ជួល ជិតផ្សារជម្ពូវ័ន មានស្រុកកំណើត នៅភូមិរាមអណ្តើក ឃុំរាមអណ្តើក ស្រុកគីរីវង្ស ខេត្តតាកែវ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញពីរនាក់ប្ដីប្រពន្ធ បើកម៉ូតូសណ្ដោងរុឺម៉ក ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE.7880 តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីខាង លិចមកខាងកើត ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក មកពីក្រោយ បានមកបុកពេញទំហឹងបោកខ្ទាតប្ដី ទៅចិញ្ចើមផ្លូវ មុខផ្ទះប្រជាពលរដ្ឋ ស្លាប់ យ៉ាងអណោចអធ័ម និងប្រពន្ធ ស្លាប់នៅចិញ្ចើមផ្លូវ ព្រមទាំងរុឺម៉កម៉ូតូខ្ទាត ទៅប៉ះផ្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម នៅលើចិញ្ចើមផ្លូវ មុខផ្ទះប្រជាពលរដ្ឋ ក្រោយពីបង្កហេតុហើយ រថយន្ត បានបើករត់បាត់ស្រមោលតែម្តង។
តាមសម្ដីសាច់ញាតិ បានប្រាប់ឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធ គាត់ងើបជិតៗភ្លឺ ចេញពីបន្ទប់ ជួល នៅជិតផ្សារជម្ពូវ័ន គាត់ទៅយកសាច់ជ្រូក នៅកុងស៊ីកាប់ជ្រូក បឹងក្រពើ យកទៅ លក់នៅផ្សារជម្ពូវ័ន ជារៀងរាល់ថ្ងៃ។ ស្រាប់តែថ្ងៃនេះ មកជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចោលកូនពីរនាក់ ឲ្យនៅកំព្រាបែបនេះទៅវិញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ បានចុះមកយកមធ្យោបាយ ទៅរក្សាទុក ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕/V/r