ដោយៈ តារារិទ្ធ / ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បើគោលនយោបាយល្អ តែការអនុវត្ត គ្មានប្រសិទ្ធភាព មិនមែនជាគោលនយោបាយល្អនោះទេ ។ គោលនយោបាយ ដែលមានប្រសិទ្ធភាព គឺគោលនយោបាយ ដែលផ្អែកលើមូលដ្ឋានជាក់ស្ដែង។

សម្តេចតេជោ បានថ្លែងបញ្ជាក់ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង ៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ។

សម្តេចធិបតី បានបញ្ជាក់ថា ការដាក់ចេញគោលនយោបាយនីមួយៗ របស់ រាជរដ្ឋាភិបាល គឺជាការទទួលខុសត្រូវ មិនមែនចេះតែសរសេរទេ ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលនយោបាយនីមួយៗរបស់ រាជរដ្ឋាភិបាល មិនមែនចេះតែដាក់ចេញនោះទេ ពោលគឺ មានការគិតគូរយ៉ាងម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

សម្ដេចធិបតី បានបញ្ជាក់ថាៈ «ខ្ញុំសូមប្រាប់ថា គោលនយោបាយមួយៗ របស់ រដ្ឋាភិបាល មិនមែនឆក់កន្ដៀត មិនមែនកើតឡើងពីការទៅហ្គោហ្គល វាយអក្សរហើយ កូពីផាសនោះទេ មិនមែនជាការសរសេរនិក្ខេបទ ដើម្បីឲ្យគ្រូយកដាក់ពិន្ទុជាប់ ឬមិនជាប់នោះទេ គោលនយោបាយនីមួយៗ គឺជាការទទួលខុសត្រូវរបស់ រាជរដ្ឋាភិបាល »៕ V / N