​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អ្នកការទូត​កំពូល​របស់​ចិន​នឹង​ធ្វើ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នាសប្តាហ៍​នេះ ដោយ​បើកផ្លូវ​សំរាប់​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង ក្នុង​បំណង​ទប់​កុំអោយ​ភាព​តានតឹងពិភពលោក​រីក​រាលដាល​ហួស​ពី​លទ្ធភាព​អាច​គ្រប់គ្រង​បាន​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​អាម៉េរិក​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​តុលា​ដល់​ថ្ងៃ​សៅរ៍​ទី​២៨​តុលា ចំ​ពេល​មហាអំណាច​ទាំង​ពីរ​កំពុង​មាន​បញ្ហា​នឹង​គ្នា​អំពី​ពា​ណិ​ជ្ជកម្ម អ៊ុ​យក្រែន មជ្ឈិម​បូព៌ា តៃវ៉ាន់ និង​ការអះអាង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​មន្ត្រី​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា ដំណើរ​នេះ​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​ទាំងពីរ​ដើម្បី​«​គ្រប់គ្រង​ការប្រកួតប្រជែង​ដោយ​ទទួលខុសត្រូវ​»​។​

«​យើង​បន្ត​ជឿថា កិច្ចការ​ទូត​ទល់មុខ​ដោយ​ផ្ទាល់​ជា​វិធី​ល្អ​បំផុត​ដើម្បី​លើកឡើង​អំពី​បញ្ហា​ប្រឈម ដោះស្រាយ​ការគិត​ខុស​និង​ទាក់ទង​ខុស ហើយ​យើង​ស្វះស្វែង​ធ្វើការ​ជាមួយ​ចិន​នៅក្នុង​ផ្នែក​ណា​ផ្តល់​ផលប្រយោជន៍​ដល់​យើង​»​។​

​តាមពិត​ដំណើរ​របស់​លោក​វ៉ាង​ជា​ការ​ឆ្លើយតប​នឹង​ដំណើរ​របស់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក អ៊ែន​ថូ​នី ប្លីង​កិន ដែល​បាន​ទៅធ្វើ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មិថុនា​។​លោក​ប្លីង​កិនបាន​ចំណាយពេល​១១​ម៉ោង​នៅ​ក្រុង​ប៉េកាំង​ដោយ​ជួប​ប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ​ចិន រួម​មាន​ប្រធានាធិបតី​ស៊ី ជីន​ពីង​។

​ពួក​អ្នកការទូត​រំពឹងថា លោក​វ៉ាង​នឹង​ជួប​ប្រធានាធិបតី​ចូ បៃ​ដិន ដែល​ស្ថិតនៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ

​លោកបៃ​ដិន ដែល​បាន​ជួប​លោក​ស៊ី​ជា​ចុងក្រោយ​នៅក្រៅ​ជំនួប​G20​នៅ​កោះ​បាលី​កាលពី​ខែ​វិច្ឆិកា​មុន បាន​អញ្ជើញ​លោក​ស៊ី​អោយទៅ​ទីក្រុង សាន់ ហ្វ្រា​ន​ស៊ី​ស្កូ នៅ​ខែ​ក្រោយ កន្លែង​ដែល​អាម៉េរិក​នឹង​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​APEC៕