ដោយៈ បូកគោ / កំពតៈ ជាកិច្ចត្រៀមលក្ខណៈ ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកំពត កំពុងមមាញឹកក្នុងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពតុបតែងលម្អ ក៏ដូចជា ការបង្កើនសោភ័ណភាពក្រុង បំណងទាក់ទាញចំណាប់អារម្មណ៍ទេសចរ ដែលចូលមក កម្សាន្ត។ អាជ្ញាធរខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក-ង ខ្នាតប្រពៃណី រយៈពេល ២ ថ្ងៃក្នុងព្រែកកំពង់បាយ នាខែវិច្ឆិកា ខាងមុខ ដើម្បីបង្កភាពសប្បាយ រីករាយ ជូនភ្ញៀវមកពីទីជិតឆ្ងាយ។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពត បានប្រាប់ឱ្យដឹងថា ដើម្បីបង្កើន សោភ័ណភាពក្រុង ក៏ដូចជាបន្ថែមភាពទាក់ទាញសម្រាប់ទេសចរជិតឆ្ងាយ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់ក្រុមការងារ ឱ្យរៀបចំកែលម្អហេដ្ឋារចនា សម្ព័ន្ធ ដូចជាការស្ថាបនាសួនកម្សាន្ត មុខសាលសន្និសីទបូកគោ សម្រាប់ភ្ញៀវថតរូប អនុស្សាវរីយ៍ និងមើលថ្ងៃលិច លើខ្នងភ្នំបូកគោ ជាដើម។ ទន្ទឹមនឹងនោះ ក្រុមការងារ កំពុងមមាញឹក ក្នុងការរៀបចំភ្លើងពណ៌ លម្អតាមសួនច្បារសាធារណៈ និងទីតាំង សំខាន់ៗ ជាច្រើនកន្លែង។ កិច្ចការទាំងនេះ នឹងត្រូវធ្វើឱ្យរួចរាល់ នៅមុនព្រឹត្តិការណ៍ ប្រណាំងទូក-ង ខ្នាតប្រពៃណី ក្នុងព្រែកកំពង់បាយ ដែលនឹងធ្វើឡើង នាថ្ងៃទី ១០ និងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

លោកនាយករដ្ឋបាល បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅខេត្តកំពត ក៏នឹងមានការប្រគុំតន្ត្រី បាញ់កាំជ្រួច ការតាំងពិព័រណ៌ ភូមិមួយផលិតផលមួយ ដើម្បីដាក់តាំងបង្ហាញ នូវរាល់ផលិតផលសក្តានុពល របស់ខេត្តទៀតផង៕ V / N