រម្លាយ​, រម្លត់​, រឭក​, រលាស់​, លាភ​, លក្ខខណ្ឌ​, លហុ​, វណ្ណ​, វាគ្មិន​, វឌ្ឍន​, វគ្គ​, វាង​, វៀង​, វាយ​

2832
ចែករម្លែក

​រម្លាយ ( កិ​. ) ធ្វើ​ឲ្យ​រលាយ : រម្លាយក្រមួន​, រំលាយ​សំណ ។ ធ្វើ​ឲ្យ​ខូច​, ឲ្យ​វិនាស​, បំបាត់​បំបង់ : រម្លាយ​ប្រយោជន៍​គេ​, រំលាយ​ពុតត្បុត ។ រំលាយ​

​រម្លត់ ( កិ​. ) ធ្វើ​ឲ្យ​រលត់​, ឲ្យ​បាត់​ក្ដៅ​, ឲ្យ​បាត់​ក្រោធ : រម្លត់ទុក្ខ​, រំលត់ក្រោធ ។ រំ​លត​រលាយ ធ្វើ​ឲ្យ​រលត់រលាយ : រម្លត់រម្លាយ​កំហឹង ។ រំលត់​

​រឭក ( កិ​. ) គិតដល់​, នឹក​ដល់​, នឹក​រឿយៗ​, នឹកឃើញ​ឡើងវិញ : រឭកគុណ​, រឭកកូន​, រឭកស្រុក​, រឭកជាតិ​បាន ។ ទុកជា​ទីរឭក ទុក​គ្រាន់​នឹង​ឲ្យ​ឃើញ​ម្ដងៗ​ឲ្យ​ភ្នកនឹក​ដល់ ។ ភ្ញាក់ពីដេក : រឭក​ពី​ដេក​, ដាស់​មិន​រឭក ។ រលឹក​

​រលាស់ ( កិ​. ) កម្ចាត់​ចោល ដោយ​កម្រើក​ខ្លាំង​, ដោយ​គ្រញែង ឲ្យ​របេះ​របូត​ចេញ : ឈ្លើង​ទាម​ជើង​រលាស់​ស្ទើរ​មិន​របូត​; សុនខ​រលាស់​ខ្លួន ។ កម្រើក ផាត់​ចេញ​, ជម្រុះ​ចេញ : រលាស់សំបត់​, រលាស់កន្ទេល ។ ញាក់​ឬ​កម្រើក​ទាត់​ចេញ : រលាស់ដៃ​, រលាស់ជើង ។ បង់បោយ​រលាស់ដៃ បង់បោយ​កម្រើក​ចុងដៃ​ខ្វិចៗ​ឬ​ធ្លោយៗ​ខ្ជាកៗ ។ ព​. ប្រ​. រើចេញ​, ងាក​ចេញ​, ដោះចេញ : រលាស់​ចិត្ត​ចេញ​, រលាស់​ខ្លួន​ចេញ ។ ទាត់ចោល​លែង​រាប់អាន : ខុសឆ្គង​បន្តិចបន្តួច កុំអាល​រលាស់​គ្នា​ចោល ។​ល​។ គុ​. ដែល​ទន់​ហើបៗ​ខ្លបៗ : ដងរ៉ែក​រលាស់ ។

​លាភ សំ​. បា​. ( ន​. ) ការ​បាន​, ដំណើរ​ប្រទះ​លើ​ការ​បាន​, អ្វីៗ​ដែល​គួរ​បាន​; ចំណេញ : មាន​លាភ​, កើត​លាភ​, ខាត​លាភ ។ ប្រើ​ជា​បទ​សមាស បើ​រៀង​ពី​ខាងដើម អ​. ថ​. លាភៈ​, រៀង​ពី​ខាងចុង អ​.​ថ​. លាប​, ដូចជា : លាភគិទ្ធ ដែល​ជាប់ជំពាក់​ដោយ​លាភ​, ដែល​ញ៉ាម ព្រោះ​ធ្លាប់តែ​បាន​; សេចក្ដី​ជាប់ចិត្ត​ក្នុង​លាភ ។ លាភតណ្ហា (–​តន់​-​ហា​) ចំណង់ ឬ​សេចក្ដី ស្លន់ស្លោ​ទៅរក​លាភ ។ លាភន្តរាយ (​លា​ភ័ន​-​តៈ​រ៉ា​យ​; < លាភ + អន្តរាយ​) សេចក្ដី​អន្តរាយ​លាភ ។ លាភវិនាស ការ​ខូច​លាភ​, ដំណើរ​ខាត​ខាន​បាន ។ លាភសក្ការៈ លាភ​និង​សក្ការៈ ។​

លក្ខខណ្ឌ លាក់​ខាន់ បា​. ( ន​. ) (​លក្ខ + ខណ្ឌ​) កម្រិត​; សង្កាត់​, ប៉ែក​ដោយឡែក​; កំណត់​គោល​; ព្រំ : ទី​មាន​ល័ក្ខខ័ណ្ឌ​, សម្ដី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ​លក្ខខណ្ឌ​ឲ្យ​ទៀងទាត់ ។ ល័ក្ខខ័ណ្ឌ​

​លហុ លៈ​ហ៊ុ បា​.; សំ​. ( គុ​. ) (​លឃុ​) ស្រាល​; រហ័ស​, ឆាប់​, រួសរាន់​; ភ្លាម​; រប៉ិចរប៉ី​, រាយរង​;… ។ ន​. (​ព​. វ​.) អក្សរ​ដែលមាន​សំនៀង​ស្រាល​រហ័ស ជា​គូ​គ្នា​នឹង​អក្សរ​គរុ : និយាយ​ត្រឹមត្រូវ​តាម​គរុ​លហុ គឺ​និយាយ​ត្រឹមត្រង់​តាម​អក្សរ​មាន​សូរ​ធ្ងន់​ឬ​យឺត​មិន​កញ្ឆក់ ឲ្យ​រហ័ស​ដូចជា សារប្រយោជន៍ មិន​ថា សៈ​រ៉ៈ​ប្រយោជន៍​, កសាង មិន​ថា ក៏​សាង ជាដើម ។ ម​. ព​. អក្ខរប្បភេទ ផង ។ លហុកម្ម កម្ម​ស្រាល​; ការងារ​ស្រាល​; ការ​រប៉ិចរប៉ី​, រាយរង ។ លហុចិត្ត​, លហុចិន្តា (​ម​. ព​. លឃុ​) ។ លហុទណ្ឌកម្ម ទណ្ឌកម្ម​ស្រាល ។ លហុទោស ទោស​ស្រាល ។ លហុបរិក្ខារ ឬ លហុភណ្ឌ បរិក្ខារ ឬ​របស់​រាយរង​; ក្នុង​វិន័យ​ពុទ្ធសាសនា សំដៅ​របស់​រាយរង​មាន​បាត្រ​និង​ចីវរ​ជាដើម ។ លហុភាព ភាព​ឬ​ភាវៈ​ស្រាល ។

វណ្ណ វ័ន​-​ណៈ បា​.; សំ​. ( ន​. ) (​វណ្ណ​; វណ៌​) អក្សរ ។ វណ្ណកវី (–​កៈ​វ៉ី​) អ្នកប្រាជ្ញ ខាង​អក្សរសាស្ត្រ​; អ្នកប្រាជ្ញ​ខាង​កាព្យ​ឃ្លោង ។ វណ្ណគតិ (​វ័ន​-​ណៈ​គៈ​–) ដំណើរ​របស់​អក្សរ គឺ​ការ​តែងសេចក្ដី​, ការ​ចងក្រង​ពាក្យ​ត្រូវ​តាម​លក្ខណៈ​អក្សរ ។ វណ្ណកូបិកា (–​ប៉ិ​–) ដប​ទឹកសរសេរ (​ដប​ទឹកខ្មៅ​) ។ វណ្ណតូលិកា ប៉ាកកៃ​; ស្លាបប៉ាកកា ។ វណ្ណតូលិកាទណ្ឌ (–​ទ័ន​) ដង​ប៉ាកកៃ​; ដង​ប៉ាកកា ។ វណ្ណទូត សំបុត្រ​, ចុ​ត​ហ្មាយ​, ដីកា ។

វាគ្មិន សំ​. ( គុ​. ) ដែល​ប៉ិន​និយាយ​, ដែល​ចេះ​និយាយ​ពីរោះ ។ ន​. អ្នក​ឈ្លាស​សម្តី​; អ្នកមាន​សម្តី​ថ្វីមាត់​, អ្នក​ពូកែសម្តី : សូម​លោក​ថ្លែងការណ៍​ចុះ ព្រោះ​លោក​ជា​វាគ្មិន​មាន ល្បី​ណាស់ ។

​វឌ្ឍន វ័ត​-​ឍៈ​នៈ បា​.; សំ​. ( ន​. ) (​វឌ្ឍន​; វ​ទ៌្ធ​ន ឬ វ​ធ៌​ន​) សេចក្ដីចម្រើន​; ការលូតលាស់​; ដំណើរ​ដុះដាល​; ដំណើរ​កើត​កាល​វាលគុម្ព ។ ព​. ផ្ទ​. ហាយន ឬ ហាយនៈ ។ វឌ្ឍនកម្ម អំពើ​ឬ​ការងារ​ដែល​នាំ​ឲ្យ​ចម្រើន​ផលប្រយោជន៍ ។ វឌ្ឍនកាល ឬ​–​សម័យ កាល​ឬ​សម័យ​ដែល មាន​សេចក្ដីចម្រើន​ប្រយោជន៍​ផ្សេងៗ ។ វឌ្ឍនធម៌ ធម៌​ឬ​សភាវៈ​ដែល​នាំ​ឲ្យ​កើត​សេចក្ដីចម្រើន ។ វេ​វ​. វប្បធម៌ ។ វឌ្ឍនភាព ភាវៈ​ឬ​ដំណើរ​នាំ​ឲ្យ​ចម្រើន ។ វឌ្ឍនាការ (​បា​. < វឌ្ឍន + អាការ​) អាការ​នៃ​សេចក្ដីចម្រើន ។​ល​។ វឌ្ឍនៈ​

វគ្គ វ័ក បា​.; សំ​. ( ន​. ) (​វ​គ៌​) ពួក​, បន​; ក្រុម​; ប្រជុំ​; សង្កាត់​; គ្នា : វគ្គអក្សរ​, សេចក្ដី​ច្រើន​វគ្គ ។ វគ្គក្ខរៈ (​វ័ក​-​គ័ក​-​ខៈ​រ៉ៈ​; បា​. វគ្គ​ក្ខ​រ < វគ្គ + អក្ខរ​) អក្សរ​ក្នុង​វគ្គ គឺ​ព្យញ្ជនៈ ២៥ តួ តាំងពី ក ដល់ ម ចែកជា​វគ្គ​មាន ៥ គឺ វគ្គក​, វគ្គច​, វគ្គដ​, វគ្គត​, វគ្គប​, តាំងពី យ រៀង​ទៅ​ហៅថា អក្សរ​សេសវគ្គ ឬ អក្សរ​អវគ្គ (​ព​. វ​.) ។ និយាយ​មាន​វោតវគ្គ និយាយ​
​តាម​ដំណើរ​សេចក្ដី​មាន​សង្កាត់​ច្បាស់លាស់​ងាយ​ស្តាប់​ងាយ​យល់ (​ម​. ព​. វោត ផង​) ។ និយាយ​មាន​វគ្គស្នើរ​,​សេចក្ដី​មាន​វគ្គស្នើរ ។​ល​។

​វាង ( គុ​. ) ដែល​វៀច​វែង​, ដែល​កុង​វែង​, ដែល​វៀច​កុង​ចែងវ៉ែង : ផ្លូវ​វាង​, គំនិត​វាង​, សម្តី​វាង ។
​វៀង ល​. ស​. ( ន​. ) (​វ្យ​ង​, វ្យើ​ង អ​. ថ​. វៀង ដូចគ្នា​) រាជធានី​, ក្រុង​; វាំង​; កំពែង​ក្រុង : វៀងចន្ទន៍ ក្រុង​ចន្ទន៍ (​ក្នុងប្រទេស​លាវ​ប៉ែក​ខាងកើត​) ។

វាយ ព​. សា​. ( កិ​. ) (​វ៉ៃ​) ប្រហារ​ដោយ​ប​ហ​រណ​វត្ថុ​ឥត​មុខ​មុត មាន​រំពាត់​, ដំបង​ជាដើម : វាយ​ដោយ​រំពាត់​, វាយ​មួយ​ដំបង ។ សំពង​ឲ្យ​មុត​លិច​ចុះ : វាយ​ដែកគោល ។ សំពង​បញ្ចូល ឲ្យ​ណែន​តឹង : វាយ​រនុក​ក្រោល ។ ទួង​, គោះ ឬ​ដំ​ឲ្យ​លាន់ឮ​សូរសព្ទ : វាយស្គរធំ​, វាយ​រគាំង​, វាយគង ។ យក​សេចក្ដី​ឬ​លម្អិត​សេចក្តី​ឲ្យ​ជាក់​ប្រាកដ : វាយ​សេចក្ដី​មិន​បែក ។ តថ្លៃ : វាយ​ថ្លៃទំនិញ ។ ច្បាំង​គ្នា​, ច្បាំង​ដណ្ដើមយក​ស្រុក : វាយ​កងទ័ព​បច្ចាមិត្ត​, វាយយក​ស្រុក ។ វាយដំ វាយ​សំពង​ថែម​ហើយ​ថែមទៀត ។ វាយដំច្រំធាក់ វាយ​សំពង​រឿយៗ ទាំង​ធាក់​តន្ត្រំ ផ្ទួនៗ​ផង ។ ព​. ប្រ​. វាយកន្ទុយភ្នែក ញាក់​ចុង​ភ្នែក​ឲ្យ​សញ្ញា​គ្នា ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​