ដោយៈ សុផល / ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចប្រជុំជាមួយ​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី ២៣ តុលា ២០២៣ នៅទីស្តីការក្រសួង បានមានប្រសាសន៍ថា «វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់​ប្រទេស។ យើងទាំងអស់គ្នា ត្រូវរួមគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារ វិស័យឧស្សាហកម្មនេះ សំដៅឈានទៅសម្រេចឱ្យបាន នូវគោលនយោបាយ លំនៅឋាន​សមរម្យ ជូនប្រជាពលរដ្ឋកម្ពុជា»។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកពីវិធានការចាំបាច់ចំនួន ៤ ចំណុច ដើម្បីកែលម្អ​និងលើកស្ទួយវិស័យអចលនទ្រព្យគឺ ៖ ១. ពិភាក្សាលើការជួល អចិន្ត្រៃយ៍សម្រាប់ជនបរទេស ២. ពិនិត្យ និងស្នើធនាគារជាតិ ពិចារណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់ ៣. ស្វែងរកវិធីគៀងគរទុន វិនិយោគពីបរទេស ៤. បើកទំព័រសករាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សានិងដាក់ចេញនូវវិធានការនានា ដើម្បីទ្រទ្រង់ វិស័យអចលនទ្រព្យ។

កិច្ចប្រជុំនេះ​ មានវត្តមាន​អ្នកឧកញ៉ា ឧកញ៉ា ជា​ម្ចាស់បុរី​ធំៗ​​ដូចជា អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ជា​​ម្ចាស់បុរី វិមានភ្នំពេញ, អ្នកឧកញ៉ា លាង ឃុន ម្ចាស់បុរី​ ជីប ម៉ុង លែន,​ អ្នកឧកញ៉ា ថៃ ជាហួត ម្ចាស់​បុរី ប៉េង ហួត, អ្នកឧកញ៉ា ជាម ឃុនណាត ម្ចាស់​បុរី មេគង្គលែន, អ្នកឧកញ៉ា​ សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប។

គួរជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពបុរី និងផ្ទះល្វែងឡើងវិញ ព្រមទាំងជំរុញឱ្យសមាជិករបស់ខ្លួន សាងសង់ផ្ទះ សំណង់អគារ ដែលមានចរិតលក្ខណៈបែបរចនាបទខ្មែរ ព្រមទាំងផ្តល់ ព័ត៌មានចាំបាច់ ជុំវិញការរកស៊ីខុសច្បាប់របស់ក្រុមហ៊ុនខ្លះ ដែលឆ្មក់ឱកាសឆបោក ពលរដ្ឋ និងជួយជំរុញឱ្យមានការប្រកួតប្រជែកគ្នាផ្នែកតម្លៃ និងសេវាកម្ម ដែលជា ប្រយោជន៍ ដើម្បីអតិថិជនទទួល​ព័ត៌មាន​ច្រើនជាងមុន និងមានជម្រើសល្អច្រើន ជាងមុន។ លើសពីនេះ សមាគម ក៏នឹងមានការផ្សព្វផ្សាយ​ជុំវិញវិស័យលំនៅឋាន ឱ្យទូលំទូលាយ ដោះដូរបទពិសោធន៍ រវាងសមាជិក ព្រមទាំងចូលរួមដោះស្រាយ បញ្ហា​ផ្លូវច្បាប់នានា ជូនអ្នកទិញរបស់ខ្លួន ឱ្យបានច្រើនជាងមុន៕ V / N