ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជាមួយនឹងគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ស្រោចពេញប្រទេសអ៊ីស្រាអែល ប្រទេសនេះបានពឹងផ្អែកលើប្រព័ន្ធការពារមីស៊ីល Iron Dome ដែលជាឧបករណ៍យោធាដ៏សំខាន់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដើម្បីជួយសង្គ្រោះជីវិតជនស៊ីវិលរាប់មិនអស់ក្នុងជម្លោះផ្សេងៗក្នុងទសវត្សរ៍ចុងក្រោយនេះ។ តើមីស៊ីល ដែលប្រទេសនេះបានដាក់ពង្រាយ មានប្រសិទ្ធភាពកម្រិតណាក្នុងការស្ទាក់ចាប់និងកម្ទេចគ្រាប់រ៉ុក្កែតដែលចូលមក?
ធម្មជាតិនៃស្ថានភាពភូមិសាស្ត្រនយោបាយជុំវិញមជ្ឈិមបូព៌ាបាននាំឱ្យប្រទេសមួយចំនួនស្វែងរកប្រព័ន្ធការពារដែនអាកាសដើម្បីទប់ស្កាត់ការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ។ ហានិភ័យខ្ពស់នៃការគំរាមកំហែងដល់សន្តិសុខជាតិបង្ខំឱ្យប្រទេសងាយរងគ្រោះស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់គ្រោះថ្នាក់ទាំងខាងក្រៅនិងខាងក្នុង។
កាលពីថ្ងៃទី៧ខែតុលា អ៊ីស្រាអែលត្រូវបានវាយប្រហារមីស៊ីលជាច្រើនគ្រាប់ទៅលើគោលដៅជាច្រើននៅលើទឹកដីរបស់ខ្លួនពីសំណាក់កងយោធារបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ យោងតាមរបាយការណ៍ មីស៊ីលទាំងនោះជាច្រើនបានគេចផុតពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល ដែលគេស្គាល់ថា Iron Dome និងដែលត្រូវបានគេសរសើរយ៉ាងទូលំទូលាយថាជាប្រព័ន្ធការពារដ៏ល្អបំផុតរបស់ពិភពលោកប្រឆាំងនឹងមីស៊ីលនិងគ្រាប់រ៉ុក្កែត។
ហេតុអ្វីបានជា Iron Dome ត្រូវបានបង្កើតឡើង?
Iron Dome ត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងគ្រាប់កាំភ្លើងត្បាល់និងគ្រាប់រ៉ុក្កែតដែលបានបាញ់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈចម្ងាយជិតដោយពួកសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សានិងដោយយុទ្ធជនប្រឆាំងអ៊ីស្រាអែលនៅលីបង់ ដែលជាកម្មសិទ្ធិរបស់ក្រុមហេសប៊ូឡា។ ការស្ទាក់ចាប់លើកដំបូងរបស់វាគឺនៅក្នុងខែមេសា ឆ្នាំ ២០១១ នៅពេលដែលវាបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត Grad ដែលបានបាញ់ចេញពីតំបន់ហ្កាហ្សា ចូលទៅក្នុងទីក្រុងអាសកេឡុន (Ashkelon) របស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក វាបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់។
តើវាដំណើរការយ៉ាងដូចម្តេច?
រ៉ាដារំញោចមួយចាប់សញ្ញាគ្រាប់ដែលកំពុងហោះចូលមកពីចម្ងាយពី ៤ ទៅ ៧០ គីឡូម៉ែត្រហើយព្យាករណ៍ពីគន្លងនិងចំណុចនៃការធ្លាក់គ្រាប់។ មជ្ឈមណ្ឌលបញ្ជាបានដំណើរការព័ត៌មាននោះនិងបញ្ជូនវាទៅឧបករណ៍ជើងទម្របាញ់ ដែលបាញ់មីស៊ីលដើម្បីបំផ្លាញគ្រាប់នោះ។
ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបតែនឹងការបាញ់មីស៊ីលណាដែលបង្កការគំរាមកំហែងជាពិសេសដល់មជ្ឈមណ្ឌលសម្បូរប្រជាជនប៉ុណ្ណោះ។ វាមិនបាញ់លើគ្រាប់រ៉ុក្កែតណា ដែលត្រូវបានគណនាឃើញថាធ្លាក់ក្នុងតំបន់ដីទទេនោះទេ ហើយដូច្នេះជួយសន្សំសំចៃមីស៊ីល ដែលមានសារៈសំខាន់ជាពិសេសក្នុងករណីនៃការបាញ់ស្រោចគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំ។
តម្លៃនៃមីស៊ីលនីមួយៗគឺប្រហែល ៤០.០០០ ដុល្លារអាម៉េរិកទៅ ៥០.០០០ ដុល្លារអាម៉េរិក នេះបើយោងតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល។
យោងតាមអ្នកម៉ៅការយោធាអាម៉េរិក គឺក្រុមហ៊ុន Raytheon Technologies ដែលក្នុងឆ្នាំ ២០១៤ បានចាប់ផ្តើមសហផលិតប្រព័ន្ធ Iron Dome ជាមួយក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defence Systems បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២១ អ៊ីស្រាអែលមានប្រព័ន្ធនេះចំនួន១០ដាក់ពង្រាយទូទាំងប្រទេស។
យោងតាមក្រុមហ៊ុន Raytheon បានឱ្យដឹងថា ជើងទម្របាញ់នីមួយៗមានឧបករណ៍បាញ់ពី ៣ ទៅ ៤ គ្រឿងក្នុងគោលបំណងការពារតំបន់ដែលមានប្រជាជនរស់នៅ ១៥៥ គីឡូម៉ែត្រការ៉េ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពនៅគ្រប់លក្ខខណ្ឌអាកាសធាតុ។
តើអ្នកណាជាអ្នកបង្កើតវា?
Iron Dome ដំបូងឡើយត្រូវបានបង្កើតឡើងដោយគ្មានការជួយពីសហរដ្ឋអាម៉េរិក ប៉ុន្តែក្នុងឆ្នាំ ២០១១ សម្ពន្ធមិត្តសំខាន់របស់អ៊ីស្រាអែលបានចាប់ផ្តើមគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មវិធីនេះ។
នៅពេលណាដែលសហរដ្ឋអាម៉េរិកបានវិនិយោគលើប្រព័ន្ធ Iron Dome រួច សភាបានជំរុញឱ្យមានការចែករំលែកបច្ចេកវិជ្ជានិងការផលិតរួមគ្នា ដែលនេះជារបៀបដែលក្រុមហ៊ុន Raytheon ចាប់ផ្តើមដើរតួសំខាន់។ ក្រុមហ៊ុននេះផលិតសមាសធាតុសម្រាប់ឧបករណ៍ស្ទាក់ចាប់។ សព្វថ្ងៃនេះ ជើងទម្របាញ់កាំជ្រួចប្រឆាំងគ្រាប់រ៉ុក្កែតមួយចំនួនត្រូវបានផលិតនៅសហរដ្ឋអាម៉េរិក។
ការគាំទ្ររបស់អាម៉េរិកសម្រាប់ប្រព័ន្ធនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាដ៏ធំរបស់សហរដ្ឋអាម៉េរិកដល់អ៊ីស្រាអែល ដែលយោងតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនឹងមានចំនួនសរុប ៣៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៨។
តើជោគជ័យរបស់ Iron Dome មានផលប៉ះពាល់អ្វីខ្លះ?
Iron Dome បានជួយសង្គ្រោះជនជាតិអ៊ីស្រាអែលជាច្រើននាក់ពីការស្លាប់ឬរបួស។ គេអាចនិយាយបានថាវាមានក៏មានផលប៉ះពាល់បន្ទាប់បន្សំផ្សេងៗផងដែរ។
សម្រាប់ចំណុចមួយគឺថា វាផ្តល់ឱ្យរដ្ឋាភិបាលអ៊ីស្រាអែលនូវពេលវេលានិងចន្លោះនយោបាយដើម្បីសម្រេចថាតើពេលណានិងរបៀបឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ ក្នុងករណីខ្លះ វាបានន័យថា អ៊ីស្រាអែលបានជ្រើសរើសប្រឆាំងនឹងហ្គាហ្សាតាមការវាយលុកជើងគោក។
អ្នកវិភាគខ្លះប្រកែកថា ការការពាររបស់ Iron Dome បានបញ្ឆោតជនជាតិអ៊ីស្រាអែលឱ្យយល់ខុសថាពួកគេមិនចាំបាច់អើពើនឹងជម្លោះរាប់ជំនាន់ជាមួយប៉ាឡេស្ទីន ជាជាងចូលរួមក្នុងការទូតដើម្បីដោះស្រាយវា៕
ប្រព័ន្ធ Iron Dome
គ្រាប់ស្ទាក់កំទេចរបស់ប្រព័ន្ធ Iron Dome