អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវបាន​ចោទប្រកាន់​បី​ករណី​ចំពោះ​ការលាង​លុយ​

3128
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​ឡើង​តុលាការ​កាលពី​ថ្ងៃ​ពុធ​ទី​៨​សីហា​ដើម្បី​ប្រឈម​ការចោទប្រកាន់​៣ ពាក់ព័ន្ធ​ការលាង​លុយ​។​លោក​ត្រូវ​​បាន​ចោទប្រកាន់ថា​ទទួល​ប្រាក់​៤២​លាន​រីង​ហ្គី​ត ក្នុង​សកម្មភាព​ខុសច្បាប់​ចន្លោះ​ខែធ្នូ​ឆ្នាំ​២០១៤​និង​ខែកុម្ភៈ​ឆ្នាំ​២០១៥​។​

​ក្នុង​តុលាការ លោក​ណា​ជីប​បាន​ឈរ​យ៉ាង​ស្ងៀមស្ងាត់​ខណៈ​ការចោទប្រកាន់​ត្រូវបាន​អាន​។​

​រាល់​ការចោទប្រកាន់​ប្រឆាំង​រូបលោក ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ប្រាក់​៤២​លាន​រីង​ហ្គី​ត​ចូលក្នុង​គណនី​របស់លោក​មកពី​ក្រុមហ៊ុន​SRC International ដែលជា​អតីត​សាខា​មួយ​​នៃ​មូលនិធិ​1MDB ដែល​ការស៊ើបអង្កេត​អន្តរជាតិ​បង្ហាញថា​លុយរាប់​ពាន់​លាន​ដុល្លារ​ត្រូវបាន​គេ​កឹ​ប​កេង​លួច​យក​ពី​មូលនិធិ​រដ្ឋ​នេះ​។​

​ក្រោយ​ការប្រកាស​ការចោទប្រកាន់ ឥឡូវ​ករណីនេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ជាន់ខ្ពស់ កន្លែង​ដែល​លោក​ណា​ជីប​ត្រូវ​រំពឹងថា​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ចំពោះ​​ការ​ចោទ​បករ​កាន់​នីមួយ​នៅ​ថ្ងៃ​ពុធ​នេះ​។​

​វា​ជា​ការឡើង​តុលាការ​លើក​ទី​២​សម្រាប់​អតីត​មេដឹកនាំ​រូបនេះ ចាប់តាំងពី​លោក​ធ្លាក់​ពី​តំណែង​ដោយ​ការ​ចាញ់ឆ្នោត​ដ៏​គួរអោយភ្ញាក់ផ្អើល​កាលពី​ខែឧសភា​។​

​កាលពី​ថ្ងៃ​៤​កក្កដា លោក​ណា​ជីប​ត្រូវបាន​ចោទប្រកាន់​៣​ករណី​ចំពោះ​ការរំលោភ​សេចក្តីទុកចិត្ត និង​មួយ​ករណី​ពីបទ​រំលោភ​អំណាច ពាក់ព័ន្ធ​នឹង​ប្រាក់​៤២​លាន​រីង​ហ្គី​ត​​ដែល​ត្រូវបាន​ផ្ទេរ​ពី​ក្រុមហ៊ុន​រដ្ឋ​មួយ​ចូលក្នុង​គណនី​របស់លោក​។​ទោះជា​យ៉ាងណា លោក​មិនបាន​ឆ្លើយ​ទទួលកំហុស​ទេ​៕​ដោយ​៖​វាសនា​

​ណា​ជីប ជា​អតីត​នាយករដ្ឋមន្ត្រី​ដំបូង​គេ​ដែល​ត្រូវបាន​នាំ​ឡើង​តុលាការ​។​លោក​ត្រូវបាន​នាំ​ឡើង​តុលាការ​ជា​លើក​ទី​២​កាលពី​ព្រឹក​ថ្ងៃ​ពុធ និង​រង​ការចោទប្រកាន់​​បី​ពាក់ព័ន្ធ​ការលាង​លុយ​

ទីតាំងផ្សាយពាណិជ្ជកម្ម