ដោយ៖ រ៉ាម៉ន/ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានស្នើឱ្យអាជ្ញាធរជួយរៀបចំសណ្តាប់ធ្នាប់ នៅលើខឿន វិទ្យាល័យជាស៊ីមសន្ធរម៉ុក ហើយត្រូវបានអាជ្ញាធរខណ្ឌទួលគោក បញ្ជាក់ពីភាពមុតមាំ ក្នុងការដោះស្រាយឲ្យបានល្អប្រសើរ ជាមួយនឹងវិធានការក្តៅផង និងត្រជាក់ផង សំដៅធ្វើយ៉ាងណាអោយទីតាំងនេះ លែងជាចំណត និងជាកន្លែងលក់ដូរដែលគ្មានសណ្តាប់ធ្នាប់ ហើយ បន្ថែមពីនេះ អាជ្ញាធរក៏បានណែនាំឲ្យមន្ត្រី ទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។ នេះជាការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជា អាជ្ញាធរខណ្ឌទួលគោក ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៤ ខែតុលានេះ នៅមហោស្រពចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

វេទិកានេះធ្វើឡើងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួនបីរូប និងលាយលក្ខណ៍អក្សរ ចំនួន៣៨បញ្ហា។ ចំពោះសំណើសំណូមពរផ្ទាល់មាត់ ទាំងបីរូបនោះ ត្រូវបានអាជ្ញាធររាជធានីក៏ដូចជាអាជ្ញាធរខណ្ឌស្រាយបំភ្លឺនិងសន្យាថានឹងដោះស្រាយជូនពួកគាត់ឱ្យបានល្អប្រសើរ។ ចំពោះសំណើនិងសំណូមពរផ្ទាល់មាត់ នោះរួមមានការស្នើសុំឲ្យអាជ្ញាធរខណ្ឌទួលគោកជួយរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ខឿនវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដោយសារតែមានរថយន្តចត លើចិញ្ចើមផ្លូវ មិនអាចឲ្យសិក្សានុសិស្សនិងប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បន្ថែមពីនេះការលក់ដូររំលោភយកចិញ្ចើមផ្លូវក៏បានកើតឡើងជាមួយគ្នានេះផងដែរ ដែលទាមទារឲ្យមានការរៀបសណ្តាប់ធ្នាប់នៅទីនេះឲ្យបានល្អឡើងវិញ ។


ប្រជាពលរដ្ឋក៏បានលើកឡើងឲ្យអាជ្ញាធររឹតបន្តឹង ចំពោះការជីកដាក់បណ្ដាញទឹកស្អាត ដែលបានទុកជំហរយូរពេក បង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋនិងការស្នើសុំឲ្យ ផ្ដល់ ការកែ អត្តសញ្ញាណប័ណ្ណឲ្យបានលឿន។ ដោយពួកគាត់បញ្ជាក់ថា ពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង តែអត្តសញ្ញាណប័ណ្ណ ដាក់នៅសង្កាត់បឹងព្រលិតឯណោះវិញ ហើយពួកគាត់សុំកែតម្រូវឡើងវិញតាំងពីខែ០២ រហូតមកដល់ពេលនេះនៅតែមិនទាន់បានទៀត។

លោក ស៊ុយ សេរិទ្ធ បានមានប្រសាសន៍លើកឡើងថា ការបម្រើប្រជាពលរដ្ឋ វាជារឿងត្រឹមត្រូវរបស់អាជ្ញាធរដែលត្រូវបំរើពួកគាត់ ។ ជុំវិញការស្នើសុំរៀបចំសណ្តាប់ធ្នាប់នៅចិញ្ចើមផ្លូវ នៃវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុកនោះ លោកបានបញ្ជាទៅអាជ្ញាធរខណ្ឌទួលគោក ត្រូវតែរៀបចំឲ្យបានល្អប្រសើរ។

លោក ស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ខណ្ឌទួលគោកយើងបានធ្វើបណ្ដាញលូជាច្រើនដើម្បីដោះស្រាយបញ្ហាលិចលង់ ប៉ុន្តែ ខណ្ឌទួលគោកក៏នៅមានបញ្ហាប្រឈមដោយសារការលិចលង់នេះដែរ ពោលគឺឱ្យតែមានភ្លៀងខ្លាំងម្ដងៗពិសេស នៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ផ្លូវម៉ៅសេទុង ។ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីយកថវិកាមួយចំនួនមកដោះស្រាយ បញ្ហាទាំងនេះពិសេស នៅមុខម៉ុងឌីយ៉ាល់និងនៅស្ថានីយ៍បឹងទំពុន ស្របទៅតាមគោលនយោបាយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត ដែលនឹងធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ នៅក្នុងអាណត្តិនេះ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌទួលគោក ពិតជាបានបម្រើប្រជាពលរដ្ឋ បានយ៉ាងល្អ ដូច្នេះហើយ ទើបការបើកវេទិកាសាធារណៈខាងលើ មិនសូវមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរ ច្រើន ព្រោះអ្វីជាកង្វល់ និងបញ្ហារបស់ពួកគាត់ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ធ្វើការដោះស្រាយជូនពួកគាត់ជាប្រចាំ ដោយក្នុងមួយឆ្នាំៗ យើងបានដោះស្រាយជូនពួកគាត់ ពី២០០ទៅ៣០០ករណី ។ នេះជាតួលេខមួយ បង្ហាញពីការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

លោក ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម៕/r