ដោយ:មុនីរ័ត្ន/ភ្នំពេញៈ គណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះកិច្ចព្រមព្រៀងកិច្ចសហ​ប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករានៅព្រឹកថ្ងៃទី ២៥ ខែតុលា នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ការឈានដល់ការចុះកិច្ចព្រមព្រៀងកិច្ចសហ​ប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគ្នានេះ គឺបន្ទាប់ពីគណបក្សនយោបាយចំនួន ២៧ កាលបិថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយជាច្រើនបានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។

គណបក្សនយោបាយចំនួន ២៧ ដែលស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជាៈ
១. គណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ
២. គណបក្សពន្លឺថ្មី
៣. គណបក្សសញ្ជាតិកម្ពុជា
៤. គណបក្សខ្មែរក្រោក
៥. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦. គណបក្សរស្មីខេមរា
៧. គណបក្សខ្មែរសាធារណរដ្ឋ
៨. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៩. គណបក្សយុវជនកម្ពុជា
១០. គណបក្សធម្មាធិបតេយ្យ
១១. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១២. គណបក្សខ្មែរតែមួយ
១៣. គណបក្សឯកភាពជាតិខ្មែរ
១៤. គណបក្សកម្លាំងប្រជាធិបតេយ្យ
១៥. គណបក្សកសិករ
១៦. គណបក្សស្ត្រីដើម្បីស្ត្រី
១៧. គណបក្សបំណងពលរដ្ឋ
១៨. គណបក្សខ្មែរអភិរក្ស
១៩.គណបក្សមហាសាមគ្គីជាតិខ្មែរ
២០. គណបក្សនគរប្រជាធិបតេយ្យ
២១. គណបក្សអំណាចពលរដ្ឋ
២២. គណបក្សខ្មែរអង្គរ
២៣. គណបក្សសេរីឯករាជ្យប្រជាធិបតេយ្យ
២៤. គណបក្សម៉ូលីណាកា
២៥. គណបក្សចលនាប្រជាធិបតេយ្យ
២៦. គណបក្សអភិវឌ្ឍន៍កម្ពុជា
២៧. គណបក្សមហានគរ
ការស្នើសុំចងសម្ព័ន្ធភាពនេះ ត្រូវបានគណបក្សនយោបាយទាំង ២៧ បញ្ជាក់ថា មើលឃើញពីការដឹកនាំរតបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបាននាំឲ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយចង់បំបាត់វប្បធម៌លាបពណ៌ឲ្យគ្នាដែលធ្វបើឲ្យប្រទូស្តរាយដល់ប្រទេសជាតិ។ ហេតុដូចនេះ បានជាគណបក្សនយោបាយទាំងនោះសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែមើលឃើញគោលដៅវែងឆ្ងាយ និងក្នុងឱកាសដែលពិភពលោកកំពុងតែជ្រួលច្របល់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារជាសំឡេងកាលពីសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣នេះថា គណបក្សប្រជាជន កម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជន កម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយ គណបក្សផ្សេងទៀតដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូរស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា៕