​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចិន​បាន​ដក​រដ្ឋមន្ត្រី​ការពារជាតិ លី សាង​ហ្វ៊ូ​( Li Shangfu)​និង​បណ្តេញ​អតីតរដ្ឋមន្ត្រី​ការបរទេស ឈីន ហ្កាង​( Qin Gang)​ចេញពី​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​តុលា នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន ក្នុង​ការរុះរើ​ដ៏​ធំ​មួយ​នៃ​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​ចិន​។​

​ព័ត៌មាន​នេះ​លេចឡើង​ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​រាប់​ខែ​ជុំវិញ​ការ​បាត់​ខ្លួន​លោក លី សាង​ហ្វ៊ូនិ​ង​លោក​ឈីន ហ្កាង​ដោយ​គ្មាន​ការពន្យល់​។​

​កាលពី​ថ្ងៃ​អង្គារ ទូរទស្សន៍​រដ្ឋ CCTV បានប្រកាស​ការដក​មន្ត្រី​កំពូល​ទាំងពីរ​ក្នុង​ការផ្សាយ​ពេល​ល្ងាច​របស់ខ្លួន តែ​មិន​បាន​ផ្តល់​ហេតុផល​ចំពោះ​ការដក​នេះ​ទេ​។​

លោកលី បាត់ខ្លួនក្រោយវិលមកពីដំណើរទស្សនកិច្ចនៅរុស្ស៊ីនិងបេឡារូស

​នៅ​មិនទាន់​មាន​ការដាក់​មនុស្ស​ជំនួស​លោកលី​នៅ​ឡើយ​ទេ​។​

​ក្រៅ​ពី​ត្រូវបាន​ដកចេញ​ពី​រដ្ឋមន្ត្រី​ការពារជាតិ លោក​លី​ក៏​បាត់បង់​តំណែង​នៅ​ក្រុមប្រឹក្សារដ្ឋ ឬ​គណៈរដ្ឋមន្ត្រី​ចិន​ផង​ដែរ​។​

​អតីតរដ្ឋមន្ត្រី​ការបរទេស ឈីន ឥឡូវ​ក៏​ត្រូវបាន​ដកចេញ​ពី​គណៈរដ្ឋមន្ត្រី​ចិន​ផងដែរ​។​លោក​ត្រូវបាន​ជំនួស​ដោយ​អ្នកការទូត​ជើងចាស់ វ៉ាង យី ដែល​មាន​ឋានៈ​ខ្ពស់​ជាង​ក្នុង​ឋានានុក្រម​រដ្ឋាភិបាល​ចិន​។​

​សារព័ត៌មាន​ស៊ីនហួ បាន​រាយការណ៍​ថា អតីត​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​វ៉ាង ហូ​ប៊ីន​(Wang Houbin) ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​ថ្មី​នៃ​កងកម្លាំង​នេះ ក្រោយ​មេបញ្ជាការ​មុន​លោក លី យូ​ចាវ​(Li Yuchao)​បាត់​មុខ​អស់​រាប់​សប្តាហ៍​ដោយ​មិន​ដឹង​ហេតុផល​។​

CCTV កាលពី​ថ្ងៃ​អង្គារ​ក៏​បាន​ប្រកាសថា រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា វ៉ាង ហ្ស៊ី​កាង​(Wang Zhigang)​និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ លីវ គុន​(Liu Kun)​ក៏​ត្រូវបាន​ដកចេញ​ពី​តំណែង​៕

​លោក​ឈីន ហ្កាង​(​ឆ្វេង​) និង​លោក​លី សាង​ហ្វ៊ូ​(​ស្តាំ​) ត្រូវបាន​ដកចេញ​ពី​គណៈរដ្ឋមន្ត្រី​ចិន​ទាំង​គ្មាន​ការពន្យល់​ហេតុផល​