ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អូស្ត្រាលីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ជូនយន្តហោះយោធាពីរគ្រឿងបន្ថែមទៀត និងបុគ្គលិកការពារជាតិក្នុង “ចំនួនដ៏ច្រើន” ទៅកាន់មជ្ឈិមបូព៌ាដើម្បីជួយគាំទ្រដល់ពលរដ្ឋរបស់ខ្លួននៅទីនោះ ប្រសិនបើសង្គ្រាមកំពុងបន្តរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសកាន់តែកើនឡើង។
ការវាយប្រហារឆ្លងព្រំដែនដ៏សាហាវដោយក្រុមហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃទី ៧ ខែតុលា បានធ្វើឱ្យអ៊ីស្រាអែលស្រឡាំងកាំង ដោយសម្លាប់មនុស្សជាង ១.៤០០ នាក់ ខណៈក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ៥.៧៩១ នាក់ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល រួមទាំងកុមារចំនួន ២.៣៦០ នាក់។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក រីឆាត ម៉ាឡេស (Richard Marles) បាននិយាយថា អូស្ត្រាលីបានបញ្ជូនយន្តហោះ Boeing C-17 មួយគ្រឿង និងយន្តហោះចាក់សាំងតាមអាកាសមួយគ្រឿង ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ដោយនាំឱ្យចំនួនយន្តហោះសរុបកើនដល់បីគ្រឿង។
លោកមិនបានបង្ហាញពីចំនួនបុគ្គលិកសរុបដែលត្រូវបានបញ្ជូន និងកន្លែងដែលយន្តហោះនឹងត្រូវចតទេ ដោយផ្អែកលើហេតុផលសន្តិសុខ ប៉ុន្តែបាននិយាយថា ពួកវានឹងមិនមានទីតាំងនៅប្រទេសអ៊ីស្រាអែលទេ។
លោកម៉ាឡេសបានប្រាប់វេបសាយ Channel Nine ថា “ទោះយ៉ាងណា វាជាចំនួនបុគ្គលិកដ៏សំខាន់ ហើយពួកគេនៅទីនោះដើម្បីគាំទ្រយន្តហោះ និងដើម្បីគាំទ្រនូវអ្វីដែលយន្តហោះនោះអាចនឹងត្រូវធ្វើនៅទីបំផុត។”
“ទាំងអស់នេះគឺជាការបង្ការគ្រាអាសន្ន ហើយគោលបំណងរបស់វាគឺដើម្បីជួយដល់ប្រជាជនអូស្ត្រាលីដែលស្ថិតនៅមជ្ឈិមបូព៌ា… នេះគឺជាស្ថានភាពដែលងាយប្រែប្រួល ហើយយើងពិតជាមិនដឹងថាតើចេញពីទីនេះទៅវានឹងទៅជាយ៉ាងណាទេ។”
តាំងពីជម្លោះបានកើតឡើង រដ្ឋាភិបាលអូស្ត្រាលីបានរៀបចំមាតុភូមិនិវត្តន៍សម្រាប់ពលរដ្ឋដែលជាប់ក្នុងប្រទេសអ៊ីស្រាអែល។ រដ្ឋាភិបាលបាននិងកំពុងព្យាយាមជួយសង្គ្រោះជនជាតិអូស្ត្រាលី ៧៩ នាក់ពីតំបន់ហ្គាហ្សាដែលឡោមព័ទ្ធដោយអ៊ីស្រាអែល និង៥១ នាក់ពីតំបន់វេសប៊ែង៕
ផ្ទះនៅតំបន់ខាន់យូនីសនៃតំបន់ហ្កាហ្សាត្រូវអ៊ីស្រាអែលបាញ់កម្ទេច