អនិច្ចា​ព្រៃវែងៈ​ទឹកជំនន់​ផង រាំងស្ងួត​ផង​

1325
ចែករម្លែក

​ដោយៈ​ចាន់ ថន​/​ព្រៃវែងៈ​ជា​បញ្ហា​មួយ​នៅ​ខេត្តព្រៃវែង​ដោយសារ​នៅ​តំបន់​មួយចំនួន​កំពុង​ជន់​លិច​ដោយ​ទឹកទន្លេ​និង​តំបន់​មួយចំនួន​ទៀត​ដំណាំ​ស្រូវ​ស្ងួត​ហែង​ដង្ហោយ​រក​ទឹក​។​

​យោងតាម​របាយការណ៍​សាលាខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​៧​ខែសីហាដែល​រស្មី​កម្ពុជា​ទទួលបានៗ​ឲ្យ​ដឹងថា កម្ពស់​​ទឹកទន្លេ​មេគង្គ (​អ្នក​លឿង​) មាន​កម្ពស់​៦,៧២​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃទី​៦​មាន​កម្រិត​ខ្ពស់ជាង​ចំនួន​០,០៦​ម៉ែត្រ​។​ទឹកទន្លេ​នៅ​ព្រែក​តា​តាំ​(​ចុង​ប៉ម​) មាន​កម្ពស់​៦,០៨ ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​៦ ខែសីហា​មាន​កម្រិត​ខ្ពស់ជាង​ចំនួន​០,០២​ម៉ែត្រ ។​កម្ពស់​ទឹក​ប្រកាសអាសន្ន​៧,៥​ម៉ែត្រ​។​

​ចំពោះ​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកទន្លេ និង​គ្រោះរាំងស្ងួត វិញ​ទឹកជំនន់​បាន​ជន់​លិច ៨ ក្រុង ស្រុក ស្មើនឹង ៤១ ឃុំ សង្កាត់​។​រួមមាន ស្រុក​ពាម​រក៍ ស្រុក​ព្រះស្តេច ស្រុក​ស៊ីធរ​កណ្តាល ស្រុក​កំចាយមារ ស្រុក​ពារាំង ស្រុក​ពោធិ៍​រៀង ក្រុង​ព្រៃវែង និង​ស្រុក​ពាម​ជរ​។​ដោយ​លិច​ចូល​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២.០២០​ខ្នង​។​ប៉ះពាល់​ផ្លូវ ប្រវែង​សរុប​២៧,៦៨៦​គីឡូម៉ែត្រ​។​
​ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន​សរុប​៤.៤៧៧​ហិកតា និង​ដំណាំ​ផ្សេងៗ ចំនួន​២៧​ហិកតា​។​លិច​មណ្ឌល​សុខភាព ចំនួន​មួយកន្លែង និង​វត្ត​មួ​យក សាលារៀន ចំនួន​១៨​កន្លែង​។​ជម្លៀស​គោ​-​ក្របី ទៅ​ទីទួល​សុវត្ថិភាព ចំនួន​សុ​ប​៧៧០​ក្បាល​។​លិច​បង្គន់ អនាម័យ ចំនួន ៤៩​បង្គន់​។ អណ្តូងទឹក ចំនួន​៧១​អណ្តូង​។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្ត និង​អាជ្ញាធរ ស្រុក​ស៊ីធរ​កណ្តាល និង​ស្រុក​ពាម​ជរ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​លិច​ធ្ងន់ធ្ងរ ទៅ​ទីទួល​សុវត្ថិភាព ចំនួន ១៦​គ្រួសារ​។

​ដោយឡែក​គ្រោះរាំងស្ងួត​វិញ ប៉ះពាល់​ផ្ទៃដី​សរុប​ចំនួន​៩.៥៦១​ហិកតា នៅ​ស្រុក​ចំនួន​បួន​។​ក្នុងនោះ ស្រុក​កំពង់​ត្របែក​១.៨៧០​ហិកតា ស្រុក​ស្វាយ​អ​ន្ទ​រ​២.១១៣ ហិកតា ស្រុក​ព្រះស្តេច​២.៦៧៨​ហិកតា និង​ស្រុក​បាភ្នំ​២.៩០០ ហិកតា ។​

​ប្រភព​ដដែល​បន្តថា​ប​ច្ចុ​ប្បន្ន អាជ្ញាធរខេត្ត បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក និង​មន្ទីរជំនាញ​ចុះ​ពិនិត្យ និង​ធ្វើការ​បូម​ទឹក​បញ្ចូល​ស្រែ ដើម្បី​សង្គ្រោះ​ស្រូវ​ដែល​កំពុង​ប្រឈម​ការខូចខាត ជូន​ប្រជាពលរដ្ឋ​បានជា​បណ្ដើរៗ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម