​ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ជាថ្មីទៀត ដល់​ជនរួមជាតិ​ទាំងអស់ ឱ្យ​រួមគ្នា ថែរក្សា​សុខសន្តិភាព ឲ្យ​បាន កុំ​ចាំ​ដល់​បាត់បង់​សន្តិភាព ទើប​ស្ដាយក្រោយ​ឱ្យសោះ ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន​ជាង ១​ម៉ឺន​នាក់ នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ដោយសារ​កត្តា​សុខសន្តិភាព ទើប​ប្រទេសជាតិ​យើង មានការ​អភិវឌ្ឍ​រីកចម្រើន ទៅ​មុខជា​លំដាប់ ហើយ​ប្រជាពលរដ្ឋ រស់នៅ​ជួបជុំ​ក្រុមគ្រួសារ​ជា​ប្រក្រតី ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា នៅពេល​ប្រទេសជាតិ មាន​សន្តិភាព ទោះ​តិច ឬ​ច្រើន គឺ​រាជរដ្ឋាភិបាល អាចមាន​លទ្ធភាព ផ្តល់នូវ​ផល​ប្រ យោជន៍ ជូន​ប្រជាពលរដ្ឋ ទៅតាម​ស្ថានភាព​ជាក់ស្តែង ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​គ្មាន​សន្តិភាព​នោះទេ ប្រជាពលរដ្ឋ គ្មាន​សេចក្តីសុខ​នោះឡើយ​។ សម្តេច បន្តថា បើ​គ្មាន​សន្តិភាព​នោះទេ ទោះបីជា ប្រទេស​អ្នក មាន​ប៉ុន្មាន​ក៏ដោយ ក៏​គ្មាន​សេចក្ដីសុខ​នោះដែរ​។ សម្ដេច​បានលើកឡើង ពី​បញ្ហា​ជម្លោះ​អ៊ីស្រាអែល​- ប៉ា ឡេ​ស្ទី​ន និង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ជា​ឧទាហរណ៍​ជាក់ស្តែង​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ការចង់បាន​អំណាច​ដោយ​ប្រើ​វិធី សង្គ្រាម ឬ​ការ​ញុះញង់ ឲ្យ​បំផ្លាញ​នូវ​សន្តិភាព មិនមែនជា​ជម្រើស​ល្អ​នោះទេ ដែល​អាច​មើលឃើញ​បាន តាមរយៈ​ស្ថានភាព​មួយចំនួន នៅ​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន និង​ថា បើទោះបីជា​ប្រទេស​អ្នក មាន​ប៉ុណ្ណា​ក៏ដោយ ក៏ប៉ុន្តែ​មិនអាច​មាន​ក្ដី​សុខ នោះទេ​៕/V​.mara