ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅដើមសប្តាហ៍នេះ បានជួបពិភាក្សាជាមួយ តំណាងវិស័យឯកជន ដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗ នៅមុនការរៀបចំ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារវិស័យ “កម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” ដោយមានការចូលរួមពី តំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជនប្រមាណ ២០០នាក់។
តំណាងផ្នែកឯកជនវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា បានប្រមូលបញ្ហាប្រឈមនានា ពីសមាជិករបស់ខ្លួននៅទូទាំងប្រទេស ហើយបាន ដាក់សំណើចំនួន ២៩ ចំណុច ដើម្បីស្វែងរកដំណោះស្រាយ ពីរាជរដ្ឋាភិបាល។
បញ្ហាទាំងនេះ មានដូចជា៖ ១. ការចូលទីផ្សាររបស់ផលិតផលក្នុងស្រុក និងការហូរ ចូលផលិតផលក្រៅស្រុក, ២.ការនាំចូលវត្ថុធាតុដើម គ្រឿងចក្រម៉ាស៊ីន និងសារធាតុ គីមី, ៣. ពន្ធដារសម្រាប់សហគ្រាសធុនតូច, ៤. ការប្រើប្រាស់ថាមពល, ៥.ការទទួល បានហិរញ្ញប្បទាន, ៦. ការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រក្នុងផលិតកម្ម និងទីផ្សារ, ៧. ការបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, ៨.ការនាំចេញផលិតផលទៅ ទីផ្សារអន្តរជាតិ, ៩. ការទទួលបានស្តង់ដារផលិតផល ទាំងចំណីអាហារ និងមិនចំណី អាហារ, ១០. ការងារមាត្រាសាស្ត្រ, ១១. ការភ្ជាប់ទំនាក់ទំនង រវាងសហគ្រាសធុន តូច និងមធ្យមជាមួយសហគ្រាសវិនិយោគ, ១២.ប្រសិទ្ធិភាពទទួលបានការលើក ទឹកចិត្តពីរាជរដ្ឋាភិបាល, ១៣. ការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ព្រមទាំងកម្មវិធីគាំទ្រនានា, និង ១៤.ការដោះស្រាយបញ្ហាជាន់អាណត្តិកិច្ច រវាង ស្ថាប័នរដ្ឋ។
លោក ហែម វណ្ណឌី បានលើកឡើងថា៖ “យើងព្យាយាមដោះស្រាយបញ្ហាប្រឈម របស់ វិស័យឯកជន ឱ្យបានច្រើន តាមដែលអាចធ្វើបាន ហើយនឹងបន្តការសន្ទនា ដោយបើកចំហ និងដោះស្រាយបញ្ហាផ្សេងៗទៀត ដែលវិស័យឯកជនមាន។ ក្រសួង ក៏កំពុងធ្វើកំណែទម្រង់សេវាសាធារណៈសំខាន់ៗរបស់ខ្លួន ដែលនឹងរួមបញ្ចូល ការធ្វើឱ្យសេវាទាំងនោះ ផ្តោតលើអតិថិជន, កាត់បន្ថយចំណាយ,និងកាត់បន្ថយរយៈពេលផ្តល់សេវាជាដើម ដើម្បីគាំទ្រដល់វិស័យឯកជនឱ្យបានកាន់តែល្អប្រសើរ។”
នៅក្នុងកិច្ចប្រជុំនេះ តំណាងវិស័យឯកជន បានផ្តល់កិច្ចសហការប្រកបដោយ ភាពស្និទ្ធស្នាល និងបានទទួលយកដំណោះស្រាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ដោយឡែក បញ្ហាដែលទាក់ទងនឹងអាណត្តិ កិច្ចអន្តរក្រសួង នឹងត្រូវបានដោះស្រាយបន្ត ក្នុងក្របខណ្ឌអន្តរក្រសួង។
ក្រសួងឧស្សាហកម្ម កំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយ បញ្ហាជាក់លាក់ទាំងនោះ ហើយនឹងធ្វើរបាយរាយការណ៍ជូនវេទិការរដ្ឋាភិបាល- វិស័យឯកជន៕ V / N