ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌឫស្សីកែវ បានស្នើសុំ ឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយចំនួន ៧ បញ្ហា ដែលមានទាំងការពន្លឿន ការផ្តល់កម្មសិទ្ធិដីធ្លី ការផ្តល់សេវាលើការធ្វើប៉ាស័្ពរ ដែលមានភាពមិនប្រក្រតីមួយ ចំនួន, ការផ្តល់ទឹកស្អាត និងការសុំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

ការស្នើឡើងនេះ បានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅភោជនីយដ្ឋាន ម៉ូឌែន៥ (Modern5) ខណ្ឌឫស្សីកែវ ។

ប្រជាពលរដ្ឋ រស់នៅសង្កាត់ទួលសង្កែទី២ ចំនួន ៦៦ គ្រួសារ ស្នើឱ្យអាជ្ញាធរ ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ក្រោយការវាស់វែងកំណត់ព្រំដីយូរខែហើយ និងការសុំដក បង្គោលភ្លើង លើផ្លូវលេខ១០៣ សូមកែសម្រួលលើការផ្តល់សេវាធ្វើប៉ាស័្ពរ ដែលមាន ភាពមិនប្រក្រតីមួយចំនួន, ការសុំផ្តល់សេវាទឹកស្អាត សុំអោយស្ថាប័នពាក់ព័ន្ធកំណត់ ច្រាំងទន្លេ និងផ្លូវ ឱ្យបានច្បាស់ ក្រោយពីសម្រេចឱ្យពលរដ្ឋចុះដីធ្លីជាប្រព័ន្ធ និងការសុំដាក់បង្គោលភ្លើង បំភ្លឺសាធារណៈជាដើម។

លោកស្រី កែវ សុខពិសី បានលើកឡើងថា វេទិកានេះ មានប្រជាពលរដ្ឋលើកឡើង ជាសំណើ និងសំណូមពរដោយផ្ទាល់មាត់ ចំនួន ២ នាក់ ស្មើនឹង ៧ បញ្ហា និងសំណើ ជាលាយលក្ខណ៍អក្សរ ចំនួន ៦៦ ច្បាប់ ហើយរាល់សំណើ និងសំណូមដោយផ្ទាល់ មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់ និងបន្តតាមដានពីវឌ្ឍនភាពបន្តទៀត ។ ចំពោះ សំណើជាលាយលក្ខណ៍អក្សរ ទាំង ៦៦ ច្បាប់ ក្រុមការងារ នឹងប្រជុំពិភាក្សា ពិនិត្យ លទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំរំកិល។

ពាក់ព័ន្ធនិងសំណើ និងសំណូមពរ ដោយផ្ទាល់មាត់ ខាងលើនេះ លោកស្រី កែវ សុខពិសី និងអាជ្ញាធរខណ្ឌ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានដោះស្រាយ និងបំភ្លឺថា ដីធ្លីប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែទី២ ចំនួន ៦៦ គ្រួសារ គឺជាការចុះវាស់វែង កំណត់ព្រំដី ដែលប៉ះពាល់ប្រឡាយ និងផ្លូវ ក្រោយពីកំណត់ហើយ ត្រូវឆ្លងស្ថាប័ន ជំនាញពាក់ព័ន្ធ ទើបសម្រេចផ្តល់កម្មសិទ្ធិជូន ។

ចំពោះការផ្តល់សេវាធ្វើប៉ាស័្ពរ នៅអុីអន ២ នោះ គឺគេមានបារ៉ែម កំណត់តម្លៃត្រឹមត្រូវ ហើយ។ ចំពោះការស្នើសុំផ្សេងៗទៀតនោះ អាជ្ញាធរ នឹងដោះស្រាយជូនជាបន្តបន្ទាប់ ទៀត ពោលគឺ មិនទុកចោលនោះទេ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋ បានដឹងពីសមិទ្ធផល ដែលសម្រេចបាន និង បញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយ សំដៅធ្វើយ៉ាងណា ឱ្យការគ្រប់គ្រងរាជធានីភ្នំពេញ កាន់តែល្អប្រសើរ តាមរយៈការ ចូលរួមពីប្រជាពលរដ្ឋ ៕ V / N