ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minibea Mitsumi ពីព្រោះជោគជ័យរបស់ Minibea Mitsumi ក៏ជាជោគជ័យរបស់កម្ពុជាដូចគ្នា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់បែបនេះនៅក្នុងឱកាសអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា (KAINUMA Yoshihisa) អគ្គនាយកក្រុមហ៊ុន Minebea Mitsumiចូលជួបសម្តែងការគួរសមនិងពិភា ក្សាការងារនៅវិមានសន្តិភាព ។
ក្នុងកិច្ចជំនួបនេះលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minibea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង(Green Transformation GX)ដោយព្យាយាមកាត់បន្ថយនូវការ បំភាយឧស្ម័នកាបូនិចក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូលហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូនតាមរយៈការជម្រុញនូវការលក់ផលិតផលបៃតងនិងផលិតផលផ្សេងៗ ទៀតដែលមានលក្ខណៈសន្សំសំចៃថាមពលរួមទាំងផែនការអនាគតក្នុងការបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យនិងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។
ជាការឆ្លើយតបសម្តេចធិបតីបានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minibea នាឱកាសនេះ ។ សម្តេចធិប តីក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minibea នៅកម្ពុជាដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លាររហូតបានកើនដល់ ៦០០ លានដុល្លារហើយការ សម្រេចចិត្តពង្រីកការវិនិយោគនេះពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រ ទេសកម្ពុជា។ជាមួយគ្នានេះសម្តេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minibeaនៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជាតាមរយៈ ការជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារសម្រាប់ប្រជាជនក៏ដូចជាការបង្កើតនូវ គំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ។
សម្តេចធិបតីបានគូសបញ្ចាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុនMinibeaពីព្រោះជោគជ័យរបស់ Minibea ក៏ជាជោគជ័យ របស់កម្ពុជាដូចគ្នា ៕