ដោយៈ​មុនីរ័ត្ន/ភ្នំពេញៈ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ដ្រីពន្ធនាគាររាជធានី-ខេត្តទាំងអស់ ត្រូវមានការឆែកឆេរឱ្យបានជាប់ជាប្រចាំ ចំពោះអ្នកចូលសួរសុខទុក្ខ អ្នកជាប់ពន្ធនាគារ ជាពិសេសទៀតនោះ មន្ដ្រីពន្ធនាគារ ត្រូវសហការឱ្យបានជាប់ជាប្រចាំជាមួយ ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ នៅពេលបញ្ជូនជនជាប់ឃុំ ទៅមន្ទីរពេទ្យ ឬតុលា ជាដើម ដើម្បីការពារជនជាប់ឃុំទាំងនោះ កុំឱ្យមានកើតឡើងករណីណាមួយផងដែរ។

ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ។

លោក ឈន សាណាត បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះមន្ដ្រីពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងរយៈពេលកន្លង នៅតាមពន្ធនាគារនីមួយៗ។ ហើយក៏បានធ្វើការណែនាំដល់មន្ដ្រីពន្ធនាគារទាំងអស់ ត្រូវអនុវត្តនូវវិធានាការនានាឱ្យបានម៉ឺងមាត់ ក្នុងការគ្រប់គ្រងពន្ធនាគារ។

លោកឈន សាណាត បានផ្ដាំផ្ញើដល់មន្ដ្រីពន្ធនាគាររាជធានី-ខេត្ត ត្រូវមានការត្រួតពិនិត្យ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក នៅជុំវិញអគារពន្ធនាគារ។ មន្ដ្រីពន្ធនាគារ ត្រូវធ្វើអនាម័យសម្អាតជាប្រចាំ នៅបន្ទប់ឃុំ អគារឃុំ និងបរិវេនពន្ធនាគារ៕/r