ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ យប់មិញនេះ ក្នុងព្រឹត្តិការណ៍ AFC Cup 2023-2024 ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Macarthur FC របស់អូស្ដ្រាលី ៣ទល់០។

ក្រុមភ្នំពេញក្រោន បានដាក់ការគាបសង្កត់ លើក្រុមឆ្លងទ្វីបនេះ តាំងពីដើមតង់ទី១ មកម្ល៉េះ តែភ្នំពេញក្រោន មិនអាចរកគ្រាប់បាល់បានឡើយ នៅក្នុងតង់ទី១។
ក្រុមជើងឯកលីគកំពូលកម្ពុជា ធ្វើបានយ៉ាងល្អ នៅក្នុងតង់ទី២ ដោយអាចទម្លាយរនាំង ការពារ ក្រុម Macarthur FCបាន ១គ្រាប់មុន ដោយកីឡាករ Shimizu Shintaro នៅនាទី ៧៥ ហើយខ្សែប្រយុទ្ធជនជាតិជប៉ុនដដែល បានស៊ុតបន្ថែម គ្រាប់ទី២ នៅនាទី ៨៦ មុនកីឡាករ ផាច សុជាវីឡា រកបានគ្រាប់ទី៣ នៅចុងម៉ោង ដើម្បីធានាជ័យជំនះ ឲ្យក្រុមភ្នំពេញក្រោន ក្នុងជំនួបជើងទី១ លើក្រុមខ្លាំងអូស្ដ្រាលី នេះតែម្ដង ។

ជ័យជំនះនេះ អមជាមួយការរក្សាសំណាញ់ទី មិនឲ្យរបូតគ្រាប់បាល់ (Clean Sheet) នេះដែរ បានធ្វើឲ្យក្រុមភ្នំពេញក្រោន ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៩ ពិន្ទុពេញ សម្រាប់ពូល F នៃពានរង្វាន់ AFC Cup 2023/24 មុនបន្ដការប្រកួតជើងទី២ ដែលភ្នំពេញក្រោន ត្រូវទៅលេងក្រៅដី ជាមួយក្រុម Macarthur FC វិញម្ដង នាថ្ងៃទី ០៩ វិច្ឆិកា មុនបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី ៣០ វិច្ឆិកា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ៕ V / N