ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គ្រូបង្វឹករបស់ក្លិប Macarthur FC របស់អូស្ដ្រាលី មិនបានបន្ទោសទៅលើទីលាន ឬអ្នកគាំទ្រនោះឡើយ បន្ទាប់ពីកូនក្រុមរបស់លោក ប្រកួតចាញ់ភ្នំពេញក្រោន ០ទល់៣ នាយប់ថ្ងៃទី ២៦ តុលានោះ។
លោក Mile Sterjovski ពិតជាបានសម្ដែងការខកចិត្តជាខ្លាំង ចំពោះទម្រង់លេង របស់ក្រុមខ្លួន បន្ទាប់ពីរងបរាជ័យ ក្រោមថ្វីជើងម្ចាស់ផ្ទះភ្នំពេញក្រោន កាលពីយប់មិញ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ AFC Cup 2023/24 ពូល F ។ លោកបាននិយាយ ថា ការបរាជ័យនេះ បញ្ហាមិនអាចមកពីទីលាន ឬអ្នកគាំទ្រច្រើននោះទេ តែដោយសារទម្រង់លេង របស់ក្រុមខ្លួនតែម្ដង ។
បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើង ក្រុមជើងឯកលីគកំពូលកម្ពុជា ០ទល់៣ ក្នុងជំនួបបញ្ចប់ ជើងទី១ យប់មិញ ក្រុមខ្លាំងអូស្ដ្រាលី Macarthur FC បានធ្លាក់មកឈរលេខ២ ដោយមាន ៦ ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន បានឡើងឈរកំពូលតារាង ពូល F នៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ បណ្ដោះអាសន្ន ដោយរកបាន ៩ ពិន្ទុពេញ បន្ទាប់ពីឈ្នះ ៣ ប្រកួតជាប់គ្នា ដោយមិនរបូតគ្រាប់បាល់ (Clean Sheet) ។
២ ប្រកួតដំបូង ភ្នំពេញក្រោន បានយកឈ្នះក្រុម Cebu FC របស់ហ្វីលីពីន ៣ទល់០ និងឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៤ទល់០ ។
ថ្លែងក្នុងសន្និសីទ ក្រោយចប់ការប្រកួតគ្រូបង្វឹកវ័យ ៤៤ ឆ្នាំរូបនេះ បានលើកឡើងថា យើងដឹងហើយថា នេះជាការប្រកួតដែលលំបាកសម្រាប់យើង ហើយយើងដឹងថា ភ្នំពេញក្រោន គឺជាក្រុមមួយដែលល្អ ហើយពួកគេ ពិតជាស័ក្ដិសមនឹងទទួលលទ្ធផល បែបនេះ។ ពួកគេធ្វើបានល្អ ជុំវិញនឹងការបោះបាល់ ពីក្រោយខ្នងខ្សែការពារ និងចលនាលេងលើទីលាន។ នេះគឺជាភាពខ្លាំងរបស់ពួកគេ ។
លោកបានបន្ថែមថា ពិតណាស់ ពួកយើងរីករាយ ចំពោះការទទួលរបស់ម្ចាស់ផ្ទះ ហើយយើងមកទីនេះ ដើម្បីលេងបាល់ទាត់ និងរកពិន្ទុត្រឡប់ទៅវិញ។ ប៉ុន្ដែខ្ញុំមាន អារម្មណ៍ខកចិត្ត ជាមួយទម្រង់លេងរបស់ក្រុម ដែលយើងធ្វើដំណើរមកវែងឆ្ងាយ ពីអូស្ដ្រាលី មកដល់ទីនេះ ហើយអាកាសធាតុ ក៏ប៉ះពាល់បន្ដិចបន្ដួច តែយើងអត់អាច និយាយ ពីបញ្ហាទីលាន ឬអ្នកគាំទ្រទេ ព្រោះយើងត្រៀមខ្លួន ក្នុងការលេងជាមួយ មនុស្សច្រើន រួចហើយ តែអ្វីដែលខកចិត្ត ជុំវិញទម្រង់លេង របស់ក្រុមទាំងមូល ៕ V / N