ទឹកជំនន់​នៅ​បន្ទាយមានជ័យ​: ខូចខាត​ស្រូវ​ទុំ​ជិត​៥០០​ហិកតា លើ​ផ្ទៃ​ដីស្រែ​ប៉ះពាល់​ជាង​២​ពាន់​ហិកតា​

1821
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ក្រុមមន្ត្រី​ជំនាញ​កសិកម្ម មន្ត្រី​អាជ្ញាធរ​ដែនដី អះអាងថា ស្រូវ​ទុំ​នៅ​បន្ទាយមានជ័យ​ខូចខាត​ជិត ៥០០​ហិកតា លើ​ផ្ទៃ​ដីស្រែ​ប៉ះពាល់​កើន​ដល់​ជិត ២៣០០​ហិកតា ខណៈ​ទឹកជំនន់​ថ្មី​បង្ក​លិច​ស្រូវ​កាន់តែ​ជ្រៅ​, លិច​ទាំង​ផ្លូវ ទាំង​លំនៅឋាន​។ ប៉ុន្តែ​កសិករ​និយាយថា ក្នុង​ជិវិត​ជា​អ្នក​ធ្វើស្រែ​តាំងពី​ដូនតា​មក គឺ​ផ្ទៃដី​ស្រែ​រង​ការលិចលង់ និង​ស្រូវ​ទុំ​ដែល​រង​ខូចខាត​មាន​ទំហំ​ច្រើនជាង​មន្ត្រី​បាន​ស្រង់ និង​វាយតម្លៃ​។​

​ស្ត្រី​កសិករ​ឈ្មោះ ចាប ចាន់​ធី​ន មាន​ដីស្រែ​ស្រូវស្រាល​ដើមរដូវ​នៅ​ភូមិ​ចក​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៧​សីហា​ថា ស្រូវស្រាល​ដើមរដូវ​របស់​អ្នកស្រី ៦​ហិកតា បាន​លិចលង់​កាន់តែ​ជ្រៅ ហើយ​មិន​អាចដាក់​ម៉ាស៊ីន​ឲ្យ​ច្រូត​កាត​កើត​ទៀតឡើយ​។ ដូច្នេះ មានតែ​ប្រើ​មនុស្ស​មុជទឹក​តស៊ូ​ច្រូត​ដណ្តើម​ស្រូវ​ទុំ​ពូជ​សែន​ក្រអូប រួច​ដឹក​តាម​ទូក​មក​ផ្ទេរ​ដាក់​គោយន្ត​យក​ហាល​រង់ចាំ​ម៉ាស៊ីន​បោក ឬក៏​បង្ខំចិត្ត​ប្រើ​មនុស្ស​បោក​បែន​។ ហើយ​ផ្ទៃដី​នេះ ជាង​ពាក់កណ្តាល​ត្រូវ​ខូចខាត​ហើយ​។​

​ចំណែក​ស្ដ្រី​ឈ្មោះ ជុំ ហម កសិករ​មាន​ស្រែ​ពូជ​ស្រូវស្រាល​ដូចគ្នានេះ នៅ​ភូមិ​កាម​ល់ ជា​ភូមិ​ជិតខាង​នឹង​ភូមិ​ចក បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៧​សីហា​ដែរ​ថា ៤​ថ្ងៃ​មកនេះ ស្រាប់​តែមាន​ទឹកជំនន់​ជាថ្មី ច្រាល​ចេញពី​ស្ទឹង​មង្គល​បូរី ហើយ​បង្ក​លិច​ទាំង​ផ្លូវលំ លិច​ទីធ្លា​ផ្ទះ​ក្នុងភូមិ លិចលង់​ស្រូវ​ទុំ​កាន់តែ​ជ្រៅ​។​

​ស្ត្រី​ដដែល​បន្តថា បើ​គិតពី​រយៈពេល​លិច​ស្រូវ​តាំងពី​ជំនន់​ទឹកភ្លៀង​ពី​ចុងខែ​កក្កដា​មក ផ្ទៃដី​ស្រែ​ទំហំ​៤​ហិកតា​របស់គាត់​បាន​លិច​១​សប្តាហ៍​មកហើយៗ ក៏​ខូចខាត​អស់​ស្ទើរ​ទាំងស្រុង​ដែរ​។​

​ចំណែក​កសិករ​ឯទៀត​នៅ​ឃុំ​រហាត់ទឹក ឃុំ​ចំណោម ឃុំ​បត់​ត្រង់ និង​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី ក៏​ដូច​នៅ​សង្កាត់​ខ្លះ​ផ្នែក​ខាងត្បូង​ក្រុង​សិរីសោភ័ណ​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​និង​ទឹកជំនន់​ពី​ស្ទឹង​ប​វេ​ល និង​ពី​ស្ទឹង​មង្គល​បូរី​បាន​កើតឡើង​២​លើក​ហើយ​នា​ឆ្នាំនេះ​។ ក្នុងនោះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​២៨​ខែកក្កដា ដល់​ថ្ងៃទី​៣​ខែសីហា នោះបាន​បង្ក​លិចលង់​ស្រែ​ស្រូវ​ជិត​ទុំ និង​ស្រូវ​ទុំ​របស់​ពួកគាត់​ជាច្រើន​។ ក្នុងនោះ មួយចំនួន​បាន​ឈានដល់​ខូចខាត​។ តែ​ទឹក​នោះ​ហាក់​បាន​ស្រក​ចុះ​ខ្លះ ឯ​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ក៏​ពុំមាន​។​

​កសិករ​បាន​បន្តថា លុះដល់​ថ្ងៃទី​៥​ខែសីហា ក៏​ស្រាប់​តែមាន​ទឹកជំនន់​ជាថ្មី​ពី​ស្ទឹង​ប​វេ​ល និង​ស្ទឹង​មង្គល​បូរី បង្ក​ឲ្យ​លិចលង់​ស្រូវ​ទុំ​កាន់តែ​ជ្រៅ ហើយ​លើក​នេះ ការ​ច្រូតកាត់​ពុំ​អាច​ប្រើប្រាស​ម៉ាស៊ីន​កើត​ទៀត​ទេ ព្រោះ​ទឹក​ជ្រៅ​ពេក​។ អ៊ីចឹង​ហើយ កសិករ​មានតែ​ប្រើ​កម្លាំង​មនុស្ស​មុជទឹក​ច្រូត​ដណ្តើម​ស្រូវ​ពី​ទឹកជំនន់ គឺ​ច្រូត​បាន​ខ្លះ​តែប៉ុណ្ណោះ​។​

​ចំណែក​លោក រុន សុផាន់​ណា​រ៉ា អនុប្រធាន​មន្ទីរ​កសិក​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៨​ខែសីហា​នេះ​ថា ជំនន់​ទឹកភ្លៀង និង​ជំនន់​ពី​ស្ទឹង​ប​វេ​ល ស្ទឹង​មង្គល​បូរី​ពីថ្ងៃ​ទី​២៨​កក្កដា​១៨​មក បង្ក​លិចលង់ ប៉ះពាល់​ដំណាំ​ស្រូវស្រាល​ដើមរដូវរ (​ទាំង​ក្នុងដំណាក់កាល​ស្រូវ​ផើម ស្រូវ​ដាក់​ម្សៅ​គ្រាប់​និង​ស្រូវ​ទុំ​) របស់​កសិករ​ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ មាន​ទំហំ​២.២៨៣​ហិកតា (​លើ​ផ្ទៃដី​ស្រូវ​ធ្វើបាន​សរុប​ក្នុង​ខេត្ត​២៥២.៦៥៥​ហិកតា​)​។ ក្នុងនោះ​ទើប​ខូចខាត​អស់​ទំហំ​៤៩០​ហិកតា​ប៉ុណ្ណោះ​។ ហើយ​នៅ​ឃុំ​រហាត់ទឹក ស្រូវ​រង​ផលប៉ះពាល់​ច្រើនជាងគេ​គឺ​ចំនួន​

​ចំពោះ​ប្រធាន​មន្ទីរ​នេះ លោក​ប៉ាង វណ្ណា​សេដ្ឋ​វិញ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៨​ខែសីហា​ដែរ​ថា តួលេខ​ផ្ទៃដី​ស្រូប​ផលប៉ះពាល់ និង​ខូចខាត​បន្ថែមទៀត​ពី​ទឹកជំនន់​តាម​ដងស្ទឹង និង​ជំនន់​ទឹកភ្លៀង​១​មេ​យ៉ាង​ធំ កាលពី​យប់​ថ្ងៃទី​៧​ខែសីហា​។​

​លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៨​ខែសីហា​ដែរ​ថា ផ្ទៃដី​ស្រ​របស់​កសិករ​នៅ​ស្រុក​នេះ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ជាថ្មី​អាច​កើនឡើង ហើយ​កន្លែង​ខ្លះ​ទឹក​ជ្រៅ​ជាង​មុន ហើយ​វា​បង្ក​ប៉ះពា់ ខូចខាត ក៏​អាច​កើនឡើង​ដែរ​។ លោក​បន្តថា ចំពោះមុខ​គ្រោះធម្មជាតិ​បង្ក​ផល​លំបាក ខូចខាត​និង​ទុក្ខព្រួយ​ដល់​កសិករ​នេះ កម្លាំង​នគរបាល មន្ត្រីរាជការ​ស៊ីវិល កងទ័ព កងរាជអាវុធហត្ថ​រាប់រយ​នាក់ បាន​អន្តរាគមន៍​ចុះជួយ​ច្រូតស្រូវ ដែល​រងគ្រោះ​លិចលង់​របស់​កសិករ​នៅ​ឃុំ​រហាត់ទឹក ឃុំ​បត់​ត្រង់​ជាដើម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម