ខេត្តស្ទឹងត្រែង​ត្រៀមកម្លាំង​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹក​ដោយសារ​ទឹកជំនន់​

2370
ចែករម្លែក

ស្ទឹងត្រែង៖ ស្រុក​ចំនួន​៤​និង​ក្រុង​មួយ​របស់​ខេត្តស្ទឹងត្រែង​ជិត​ដល់​កម្រិត​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ដោយសារ​គ្រោះទឹកជំនន់​នៅ​ឆ្នាំ​២០១៧​នេះហើយ​។ ខណៈពេល​នេះ អាជ្ញាធរខេត្ត បាន​ត្រៀមកម្លាំង​ការពារ និង​សម្ភារៈ​ជួយ នៅតាម​កន្លែង​សំខាន់ៗ ដើម្បី​ជ​ម្រៀ​ស​ពលរដ្ឋ​លិចលង់​ដោយ​ទឹកជំនន់​ទៅកាន់​ទួល​សុវត្ថិភាព​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ស្ថានភាព​ទឹកជំនន់ ទន្លេមេគង្គ នៅ​ខេត្តស្ទឹងត្រែង នឹង​ឡើងដល់​កម្រិត ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​(១០,៧០​ម៉ែត្រ​) នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​។ ខណៈពេល​នេះ អាកាសធាតុ​នៅក្នុង​ខេត្តស្ទឹងត្រែង​មេឃ​នៅ​បន្ត​ធ្លាក់ភ្លៀង​ផង​រាំង​ផង ធ្វើឱ្យ​ទឹកទន្លេ​ចំនួន​៤​ហក់​ឡើង ហូរ​ចូល​ប្រឡាយ​អូរ តំបន់​ទំនាប បណ្តាលឱ្យ​ចូលដល់​លំនៅដ្ឋាន​ពលរដ្ឋ​មួយចំនួន​។​ចំណែក​ទ្វារ​ទឹក​ប្រឡាយ​អូរ​ទាំងអស់​ក្នុង​ក្រុង​ស្ទឹងត្រែង​ត្រូវបាន​បិទ​មិនឱ្យ​ទឹកទន្លេ​ហូរ​ចូល​ទៀតឡើយ​។​

​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៧ កម្ពស់​ទឹក​នៃ​ទន្លេ​ទាំង​បួន​ក្នុង​ខេត្តស្ទឹងត្រែង​បាន​កើនឡើង ដូចជា​កម្ពស់​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​៦៩.២០​ម៉ែត្រ​។ ទន្លេមេគង្គ​កម្ពស់​ទឹក​១០.៤០​ម៉ែត្រ​, ទន្លេសេសាន​៨.៩១​ម៉ែត្រ​និង​ដង​ទន្លេសេកុង កម្ពស់​ទឹក​១០.២៧​ម៉ែត្រ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​។​

​ទន្ទឹមនឹង​គ្រោះ ទឹកជំនន់​កំពុងតែបន្ត​ហក់​ឡើង​នេះ អាជ្ញាធរខេត្ត​ស្ទឹងត្រែង​បាន​ចាត់តាំង​និង​ត្រៀមកម្លាំង សមត្ថកិច្ច​នៅ​គ្រប់​ទីកន្លែង​ត្រង់ចំណុច តំបន់​ទឹក​ហូរ​ចូល ជួយ​ដល់​ពលរដ្ឋ​និង​ផ្តល់​សម្ភារៈ​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

​ចំណុច​ដែល​ប្រុងប្រយ័ត្ន​ខ្លាំង​គឺ​ឃុំ​ស្រែគ​និង​ក្បាល​រមាស​ចាស់​ស្ថិតក្នុង​តំបន់​បិទទ្វារ​ទឹក​ទំនប់​សាកល្បង​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​។​

​លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ឲ្យ​ដឹងថា អាជ្ញាធរ​បានចេញ​លិខិត​បង្គាប់​ដើម្បី​ត្រៀមកម្លាំង​ការពារ​នៅតាម​ស្រុក និង​ក្រុង​ទាំង​ប្រាំ​។ សម្រាប់​ក្រុមការងារ​គោលដៅ​ក្រុង​ស្ទឹងត្រែង​មាន​លោកស្រី គង់ ស៊ីផា អភិបាល​អភិបាលខេត្ត​។ ក្រុមការងារ​គោលដៅ​ស្រុក​សៀម​បូក​លោក ឈាង ឡាក់​អភិបាលរង​ខេត្ត​ដឹកនាំ​កម្លាំង​។ ក្រុមការងារ​គោលដៅ​ស្រុក​ថា ឡា​បរិ​វ៉ា​ត់​ដឹកនាំ​កម្លាំង​ដោយ​លោក ដួង ពៅ​អភិបាលរង​ខេត្ត​។ ក្រុមការងារ​ស្រុក​សេ​សាន​ដឹកនាំ​ដោយ​លោក ជា វរិ​ទ្ធ អភិបាលរង​ខេត្ត​។ ដោយឡែក​ស្រុក​សៀម​ប៉ាង ក្រុមការងារ​ដឹកនាំ​ដោយ​លោក​ម៉ៅ​តារា ស្នងការ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​លោក ម៉ែន គុង​បាន​បញ្ជាក់ថា បើ​គិត​មក​ត្រឹម​ថ្ងៃទី​២៧​កក្កដា​មាន​ពលរដ្ឋ​ចំនួន​៣​គ្រួសារ​ប៉ុណ្ណោះ រស់នៅ​ក្បែរ​មាត់ទន្លេ​មេគង្គ ត្រូវបាន​ជម្លៀស​ទៅកាន់​ទួ​ស​សុវត្ថិភាព​៕ ដោយ​៖ សុខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម