ដោយៈបាយ័ន/សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរ​ការខ្សែ​ទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរ ។

លើបណ្ដាញសង្គមរបស់ អាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី២៧ ខែតុលានេះលោក ខឿន កុសល់  ប្រធានភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ និយាយថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ។ ដោយខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់​យានជំនិះ​នៅ​ផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ 

ចំណែកខ្សែទី២ ជាខ្សែទស្សនាវែង ដែលភ្ញៀវចាប់ផ្តើមចូល​ទស្សនានៅប្រាសាទធម្មនន្ទ ដើរចូលតាមសួនបណ្ដុះកូន​ឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទ​ចៅសាយទេវតា។

តាមការបញ្ជាក់ពីភ្នាក់ងារទេសចរណ៍ ការរៀបចំនេះគឺដើម្បី​សម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ឱ្យកាន់តែងាយស្រួល ពិសេសធ្វើឱ្យការទស្សនាមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយ ខណៈដែលកន្លងមក ភ្ញៀវចូលទស្សនារបៀបសេរី មិនមានគោលដៅចាប់ផ្តើម និងបញ្ចប់ត្រឹមត្រូវនោះទេ។ បច្ចុប្បន្នវង់ទស្សនានេះបានដាក់ឱ្យដំណើរការហើយ ចំណែកភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនេះ កំពុងរៀបចំ និងកែលម្អ ចាក់ដីបំពេញជង្ហុគខ្លះ ដើម្បីឱ្យការដើររបស់ភ្ញៀវមានភាពងាយស្រួល។

ប្រាសាទចៅសាយទេវតា កសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យ​ព្រះបាទសូរ្យវរ្ម័នទី២។ ដ្បិតជាប្រាសាទតូច តែចៅសាយទេវតា​មាន​ក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មានទេ និងមានស្ពាន​ហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត ដែលទេសចរអាច​ផ្ដិតរូប​ភាពនៅទីនោះបាន៕សរន / N