ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ លោកស្រី កែវ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានដឹកនាំក្រុមសកម្មជន នៃក្រុមយុវជន គណបក្សប្រជាជនកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់គណបក្ស ប្រជាជនកម្ពុជាខេត្ត ចែកជូនដោយផ្ទាល់ដៃ ដល់ប្រជាពលរដ្ឋ ចំនួន ១៩ គ្រួសារ ដែលរងគ្រោះខូចខាត ដួលរលំផ្ទះសម្បែង ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅក្នុង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង។
នៅក្នុងឱកាសនោះ លោកស្រី កែវ ច័ន្ទមុនី បានមានប្រសាសន៍ថា នៅក្នុងថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានផ្ដល់ស្បៀងអាហារ និងថវិកា មួយចំនួន ជូនប្រជាពលរដ្ឋរបស់យើង ចំនួន ១៩ គ្រួសារ ដែលមានសមាជិកចំនួន ៩៥ នាក់ នៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបងប្អូនរងគ្រោះខូចខាត ផ្ទះសម្បែង ដោយសារខ្យល់កន្ត្រាក់ ដែលនេះសបញ្ជាក់ឲ្យដឹងថា គណបក្សប្រជាជន រួមសុខ រួមទុក្ខរួម ទទួលខុសត្រូវ និងដោះស្រាយទុក្ខលំបាក និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋជានិ ច្ច គ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ហើយនៅជាមួយបងប្អូន ជានិច្ច។
លោក ឈៀងថារិទ្ធ ប្រធានក្រុមសកម្មជនយុវជនគណបក្សខេត្ត បានរាយការណ៍ឲ្យ ដឹងថា អំណោយរបស់គណបក្សប្រជាជន ដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ ១៩ គ្រួសារ នៅក្នុងពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មី១កេស ក្រមា១ សារុង១ ខោអាវថ្មី ១កំប្លេ និងថវិកា១០ ម៉ឺនរៀល ដោយឡែក ប្រជាពលរដ្ឋដែលរងគ្រោះរលំផ្ទះទាំងស្រុង ១គ្រួសារ ទទួលបានថវិកា ចំនួន ៣០ ម៉ឺនរៀល ៕ V / N