ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នារសៀលថ្ងៃសុក្រ ទី ២៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រង ព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។
ក៏មានព្រះវត្តមាន ព្រះមេគណខេត្ត ទាំងពីរគណៈ មន្ត្រីសង្ឃ មន្ត្រីរាជការស៊ីវិល កងកម្លាំង មហាជន យ៉ាងច្រើនកុះករ ។ ព្រះរាជពិធីនេះ ដឹកនាំដោយអាចារ្យខេត្ត និងមន្ទីរធម្មការ ដែលសូត្រស្វាធ្យាយជយន្តោ ប្រោសព្រំថ្វាយព្រះរាជកុសល ដោយព្រះមេគណ មន្ត្រីសង្ឃ ។
លោក លី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ បានអានព្រះរាជជីវប្រវត្តិសង្ខេប របស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះរាជសកម្មភាព និងស្នាព្រហស្ដដ៏ឧត្តុងឧត្តម និងច្រើនឥតគណនា ចំពោះជាតិ មាតុភូមិ និងប្រជាជាតិ ។
ចំណែកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអានលិខិតសុំព្រះរាជានុញ្ញាត ថ្វាយព្រះពរ ដូចដែលថ្លែងថាៈ ”តាងនាមរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ត និងក្នុងនាមទួលព្រះបង្គំជាខ្ញុំ សូមព្រះ បរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ និងសូមលើកហត្ដ ប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហា ប្រសើរ ថ្វាយព្រះករុណា ទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុល មាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរី រាជសម្បត្តិ ជាព្រះម្លប់ពោធិសម្ភារ សម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់រូប និងសូម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព តរៀងទៅ ។
ចុងក្រោយ មានការចែកអំណោយ ដល់យាយជីតាជី ជនទីទ័ល នៅក្នុងពិធី និងនៅក្រៅ ពិធី នាមន្ទីរពេទ្យចំពោះអ្នកជំងឺ កំពុងសម្រាបព្យបាល នៅតាមមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត និងពិធីលែងសត្វផងដែរ៕ V / N