​ដោយ​៖ តារា​រិ​ទ្ធ / កំពង់ស្ពឺ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២៣ នេះ បាន​អញ្ជើញ​ជា អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នានា នៅ​ខេត្ត​កំ​ព ង់​ស្ពឺ ព្រមទាំង​ប្រកាស​ខេត្តកំពង់ស្ពឺ ជា​ខេត្ត​អស់​មីន ។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា សមិទ្ធផល​នានា ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នេះ រួមមាន អគារ​រដ្ឋបាល​សាលាខេត្ត​, រូបសំណាក​ដែល​កសាងឡើង សម្រាប់​បង្ហាញ​នូវ​សក្ដានុពល ផ្នែក​សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាក​តា​រែក​ទឹកត្នោត​, រូប​ផ្លែ​ត្នោត​, រូប​ប្រើស​ពីរ និង​រង្វង់​មូល បង្ហាញ​ពី​សក្ដានុពល​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហ៍កម្ម នៅក្នុង​ខេត្តកំពង់ស្ពឺ​។​

​អគារ​រដ្ឋបាល​ថ្មី មាន​កម្ពស់ ៤​ជាន់ មាន​ទំហំ ១២០ ម៉ែត្រ​បួន​ជ្រុង សាងសង់ឡើង តាម​រចនាបទ​នា​សម័យ​ដើម ហើយ​បាន​បើក​ការដ្ឋាន​សាងសង់ តាំងពី​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ​២០១៧ មកម្ល៉េះ ។ អគារ​នេះ ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត នៅក្នុង​ចំណោម​សមិទ្ធផល​ដទៃទៀត សម្រាប់​ខេត្តកំពង់ស្ពឺ ដែលជា​ខេត្ត កំពុងមាន​សក្ដានុពល​មួយ លើ​គ្រប់​វិស័យ​។​

​បើតាម​អភិបាលខេត្ត​កំពង់ស្ពឺ ក្រៅពី​សមិទ្ធផល​ខាងលើនេះ នៅមាន​សមិទ្ធផល ជាច្រើន​ផ្សេងទៀត នៅតាម​បណ្ដា​ឃុំ សង្កាត់ ក្រុង ស្រុក ទាំង​៩ ដូចជា អគារ​រដ្ឋបាល សាលាស្រុក​, ការិយាល័យ​ច្រកចេញចូល​តែមួយ​, អគារ​សាលាឃុំ សង្កាត់ ។​

​ដោយឡែក សម្រាប់​ការប្រកាស​ខេត្ត អស់​មីន​វិញ រហូតមកដល់​ពេលនេះ គោលដៅ កម្ពុជា​គ្មាន​មីន ឆ្នាំ​២០២៥ បាននិងកំពុង​មា​នវ​ឌ្ឍ​នភា​ព​យ៉ាង​ល្អប្រសើរ ឆ្ពោះទៅរក គោលដៅ​ដែល​បាន​រំពឹងទុក ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។ ខេត្តកំពង់ស្ពឺ គឺជា​ខេត្ត​ទី​១៣ ដែល​អស់​មីន​ទាំងស្រុង បន្ទាប់ពី​រាជធានី​-​ខេត្ត ទាំង ១២ ផ្សេងទៀត រួមមាន ខេត្តស្ទឹងត្រែង ខេត្ត​កែប ខេត្តព្រៃវែង រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពត​។​

​លោក វ៉ី សំណាង បាន​អះអាងថា សម្រាប់​ខេត្តកំពង់ស្ពឺ ចំការមីន​មាន​រហូតដល់ ៦៤០ ចំការ ក្នុងនោះ គិត​ជា​ផ្ទៃដី ៧៨ គីឡូម៉ែត្រ​ក្រឡា ៕/V​