អគ្គរដ្ឋទូត​បារាំង​សាទរ​ចំពោះ​ក្រុមហ៊ុន​ប្រទេស​ខ្លួន​មក​វិនិយោគ​ជួយ​វិស័យ​កីឡា​កម្ពុជា​

878
ចែករម្លែក

ដោយ : បូ​រិ​ន​/ ភ្នំពេញ ​៖ កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា ​បាន​ចូលរួម​សម្ពោធ​ហាង​លក់​សម្ភារៈ​កីឡា​មួយ ​ដែលជា​ក្រុមហ៊ុន​ធំ​របស់​ប្រទេស​បានមក​បើក​នៅ​ផ្សារ​ទំនើប​កម្ពុជា ​ហើយ​ដើម្បី​គាំទ្រ​វិស័យ​កីឡា​កម្ពុជា​កាន់តែ​សម្បូរបែប​និង​រីកចម្រើន​ឡើង​។​

​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ បាន​ថ្លែង​ក្នុង​ពិធី​ហាង​កីឡា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ថា ក្រោយ​ការផ្តោត​សំខាន់​ទៅលើ​សកម្មភាព​ផលិត​នៅក្នុង​ប្រទេស ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​ក្នុងការ​បើកហាង​ទំនិញ​ជាច្រើន​ដើម្បី​ធ្វើ​ឲ្យ​ការស្វែងរក​សម្ភារៈ​កីឡា​នៅ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល និង​សម្បូរបែប​។​

​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​រូបនេះ​បាន​អបអរ​ថា មួយ​នៃ​ចំណុច​ស្នូល​នៃ​ដំណើរការ​របស់ Decathlon គឺជា​ការវិនិយោគ​នៅ​ផ្នែក​ខាងក្នុង និង​ការផ្តោត​ការវិនិយោគ​ទៅលើ​ផលិតផល​កីឡា​។ ស្លាក​សញ្ញា​នីមួយៗ​ទាំង ៦០​របស់​ក្រុមហ៊ុន​តំណាង​នូវ​ប្រភេទ​នៃ​សម្ភារៈ​កីឡា​ខុសៗ​គ្នា ជាមួយនឹង​ការតាំង​ចិត្ត​ដ៏​មុតមាំ​របស់​ក្រុមការងារ​ដែល​រួមមាន​ទំនួល​ខុសត្រូវ​សម្រាប់​កិច្ចការ​ស្រាវជ្រាវ ការ​ឌី​សាញ ការអភិវឌ្ឍន៍ និង​ការធ្វើ​តេស្ត​ទៅលើ​ផលិតផល​របស់​ពួកគេ​។​

​លោក Guillaume Cutuli នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Decathlon​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ដ៏​ធំ​សម្បើម​មួយ​នេះ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ ១៩៧៦ សព្វថ្ងៃ​មាន​ហាង​ទំនិញ​ជាង ១៣០០​ហាង​និង​ដំណើរការ​ក្នុង​៤២​ប្រទេស​ផ្សេងៗ​គ្នា​។ សាខា​ហាង​Decathlon​ខណ្ឌ​សែន​សុខ​ផ្សារ​ទំនើប​អ៊ី​អន​មល​ទី​២​ ជា​សាខា​ហាង​លក់ទំនិញ​របស់​ក្រុមហ៊ុន​ទី​១៧ ​ប្រចាំ​តំបន់​អាស៊ាន​ហើយក៏​ជា​ហាង​ទំនិញ​ដំបូង​បំផុត​ ដែល​ក្រុមហ៊ុន​គ្រោង​នឹង​សម្ពោធ​នៅ​ប្រទេស​កម្ពុជា​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​ទៀត Decathlon គ្រោង​នឹង​ពង្រីក​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ហើយ​បន្ទាប់មកទៀត គ្រោង​នឹង​បន្ត​ពង្រីក​បន្ថែម​នៅតាម​ខេត្ត​ក្រុង​នានា​នៅក្នុង​ប្រទេស ដូចជា​ខេត្តសៀមរាប​ជាដើម​។​

សូមបញ្ជាក់ថា Decathlon ដែលជា​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក កំពុងតែ​បោះ​ជំ​ហ៊ាន​បន្ត​ទៅមុខ​ដើម្បី​បំពេញ​នូវ​ពាក្យស្លោក​របស់ខ្លួន​ដែលថា «​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មានឱកាស​លេង​កីឡា » ខណៈ​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ដ៏​ធំ​មួយ​នេះ​នឹង​បើកហាង​ទំនិញ​ទីមួយ​របស់ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១១ ខែសីហា​ខាងមុខនេះ​នៅឯ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម