​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្លិប​ហង្ស​ក្រហម Liverpool បាន​បញ្ជាក់​អំពី​ស្ថានភាព​ដែល​ពាក់ព័ន្ធ​នឹង​គ្រួសារ​របស់​ល្វីស ឌា​ស (Luis Diaz) ចំ​ពេល​មាន​របាយការណ៍​ថា​ឪពុក​ម្តាយ​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​ចាប់ពង្រត់​ក្នុងប្រទេស​កូឡុំប៊ី​។​

​ប្រធានាធិបតី​កូឡុំប៊ី​បាន​និយាយថា ម្តាយ​របស់​ឌា​ស “​ត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ​” ប៉ុន្តែ​ឪពុក​របស់​គេ​នៅតែ​បាត់​ខ្លួន​។​

Liverpool បាន​និយាយថា ពួកគេ​កំពុង​គាំទ្រ​កីឡាករ​រូបនេះ ហើយ​រូបគេ​មិន​បាន​ចូល​លលេង​ការប្រកួត Premier League របស់​ហង្ស​ក្រហម​ជាមួយនឹង Nottingham Forest កាលពី​ថ្ងៃ​អាទិត្យ​ទេ​។​

​សេចក្តីថ្លែងការណ៍​របស់​ក្លិប​បាន​អាន​ថា “​ក្លិប​បាល់ទាត់ Liverpool អាច​បញ្ជាក់បាន​ថា ខ្លួន​បាន​ដឹង​ពី​ស្ថានភាព​ដែល​កំពុង​បន្ត​ពាក់ព័ន្ធ​នឹង​គ្រួសារ​របស់​ល្វីស ឌា​ស នៅក្នុង​ប្រទេស​កូឡុំប៊ី​។​”

“​វា​គឺជា​ក្តីសង្ឃឹម​ដ៏​ក្លៀវក្លា​របស់​យើង​ថា​បញ្ហា​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​ដោយ​សុវត្ថិភាព​និង​បាន​ឆាប់​បំផុត​។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ សុខុមាលភាព​របស់​កីឡាករ​នឹង​បន្ត​ក្លាយ​ជា​អាទិភាព​ភ្លាមៗ​របស់​យើង​។​”

​អ្នក​ចាត់ការ​ទូទៅ​ក្រុម Liverpool លោក ជួ​ហ្គិន ក្លប់ (Jurgen Klopp) បាន​ប្រាប់ BBC ថា “​យើង​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​នៅ​កៀក​ម៉ោង​ប្រកួត​បំផុត ដោយសារ​តែ​ស្ថានភាព​ឯកជន​ពាក់ព័ន្ធ​នឹង​ល្វីស ឌា​ស​។​

“​វា​ជា​ស្ថានភាព​គួរឱ្យ​បារម្ភ​សម្រាប់​យើងទាំងអស់គ្នា ហើយ​វា​ពិតជា​រាត្រី​ដ៏​តានតឹង​។ ខ្ញុំ​មិនដែល​ជួប​រឿង​អ៊ីចឹង​ពីមុនមក​ទេ​។ វា​ជា​បទពិសោធន៍​ថ្មី ដែល​ខ្ញុំ​មិន​ត្រូវការ​នោះ​ទេ​”៕

​ល្វីស ឌា​ស និង​ឪពុក​ម្តាយ​របស់​លោក