ប្រែសម្រួលៈបំណង(CNA)៖ អាម៉េរិកនិងកូរ៉េខាងត្បូងនៅថ្ងៃចន្ទទី៣០តុលាបានចាប់ផ្តើមសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្តហោះយោធា១៣០គ្រឿងមកពីប្រទេសសម្ពន្ធមិត្តទាំងពីរសំរាប់ហ្វឹកហាត់ពេញ២៤ម៉ោងដោយធ្វើដូចជាកំពុងមានសង្គ្រាម។
សមយុទ្ធប្រចាំឆ្នាំឈ្មោះថាVigilant Defense នឹងធ្វើរហូតដល់ថ្ងៃសុក្រ ដោយមានការចូលរួមពីយន្តហោះទំនើបបំផុតF-35ក្នុងចំណោមយន្តហោះដទៃទៀត មកពីកងទ័ពអាកាសនៃប្រទេសទាំងពីរ ក្នុងបំណងពង្រឹងប្រតិបត្តិការរួមគ្នារវាងកងយោធានៃប្រទេសទាំងពីរសំរាប់បេសកកម្មអាកាសធំៗ ដូចជាការវាយប្រហារពីអាកាសទៅដីគោក ប្រតិបត្តិការវាយប្រហារក្នុងអាកាស និងការហ្វឹកហាត់គ្រាអាសន្នផ្សេងៗ។
យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងនៅតែត្រៀមខ្លួនបានល្អបំផុតដើម្បីឆ្លើយតបភ្លាមចំពោះការបង្ករឿងណាមួយរបស់សត្រូវ តាមរយៈការហ្វឹកហាត់ខ្លាំងក្លា ធ្វើដូចជាកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាមជាក់ស្តែងមួយ»។
សមយុទ្ធនេះត្រូវបានធ្វើឡើងនៅពេលកូរ៉េខាងជើងបង្កើនកិច្ចសហការយោធាជាមួយរុស្ស៊ី នៅក្នុងអ្វីដែលអាម៉េរិកនិងសម្ពន្ធមិត្តអាស៊ីរបស់ខ្លួនថ្កោលទោសថាជាកិច្ចខិតខំរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដើម្បីទទួលបានបច្ចេកវិទ្យាពីរុស្ស៊ីសំរាប់ជំរុញសមត្ថភាពយោធារបស់ខ្លួនជាថ្នូរនឹងការផ្គត់ផ្គង់គ្រាប់រំសេវដល់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍បាននិយាយថា វាជាគោលបំណងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដើម្បីពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី និងថាវាបំរើជា«សមាសធាតុយុទ្ធសាស្ត្រដ៏មានឥទ្ធិពល»មួយ បើសិនជាសន្តិសុខក្នុងតំបន់ប្រឈមគ្រោះថ្នាក់។
សូមបញ្ជាក់ថា កូរ៉េខាងជើងតែងថ្កោលទោសសមយុទ្ធរួមគ្នារវាងអាម៉េរិកនិងកូរ៉េខាងត្បូង ដោយចាត់ទុកវាជាការហាត់សមសំរាប់ការឈ្លានពាននិងជាភស្តុតាងនៃគោលនយោបាយអរិភាពដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល៕
យន្តហោះ១៣០គ្រឿង រួមមានF-35មកពីកងកម្លាំងនៃប្រទេសទាំងពីរចូលរួមក្នុងសមយុទ្ធព័ទ្ធអាកាស
កាលពីសប្តាហ៍មុន យោធាកូរ៉េខាងត្បូងនិងអាម៉េរិកក៏ហ្វឹកហាត់ប្រើដ្រូននិងឧបករណ៍ចាប់សញ្ញានិងឡាហ្ស៊ែរ