លោក រស់ ផា​រិ​ទ្ធ នាយក​រដ្ឋបាល​សាលាខេត្ត​ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តស្វាយរៀង​

1154
ចែករម្លែក

ដោយ : វ៉ៃកូ/ ខេត្តស្វាយរៀង​ ៖ ​នៅ​សាលប្រជុំ​ធំសាលា​ខេត្ត​នា​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោកនាយ​ឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ លោក លោកស្រី​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត អស់លោក​លោកស្រី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល លោក​ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​ង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា និង​អភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករង​ទីចាត់ការ ប្រធាន​-​អនុប្រធាន​អង្គភាព​លទ្ធកម្ម ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត លោក​អធិការ​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណ​ជាង ៣០០​នាក់ ។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក ប៉ាវ​ ហមផាន រដ្ឋលេខាធិការ​មានប្រសាសន៍​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ ដែល​បានរួម​សាមគ្គី​សហការគ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង សកម្ម​ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់​សាធារណៈ​សង្គម​បានល្អ​ប្រសើរ នាពេល​កន្លងមក ជាពិសេស ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋបាលខេត្ត ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ការកសាង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ទីក្រុង និង​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ធ្វើ​ការកសាង និង​កែលម្អ​សោភ័ណភាព​ក្នុង​បរិវេណ​សាលាខេត្ត​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

​ទន្ទឹមនេះ​លោក​រដ្ឋលេខាធិការ​ក៏បាន​ថ្លែង​នូវ​ការអបអរសាទរ​ និង​បាន​ផ្ដាំផ្ញើ​ចំពោះ​លោក​អភិបាលរង​ខេត្ ត​ដែល​ទើប​ទទួល​ការតែងតាំង​មុខតំណែង​ថ្មី​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវខិតខំ​ប្រឹងប្រែង​សហការ ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​មានការ​រីកចម្រើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ ប្រកបដោយ​សេចក្ដីសុខសាន្ដ​បន្ថែមទៀត ដោយឡែក​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង ប្រដាប់ អាវុធ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ចាត់តាំង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​២ និង​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើយ៉ាងណា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ចំពោះ​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ប្លន់​ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង​និង​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហ ប្រតិបត្តិការ​ ឲ្យ​បានល្អ​ប្រសើរ​ជាមួយ​ប្រទេសជិតខាង​ដើម្បី​រួមគ្នា​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ព្រំដែន​និង​ការបង្ការ​ទប់ស្កាត់​បទ​ល្មើស​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ​ផងដែរ ។​

សូមបញ្ជាក់ ថា​យោងតាម​អនុក្រឹត្យ​លេខ ៥៦៧ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ត្រូវបានតែងតាំង​លោក រស់​ផា​រិ​ទ្ធ​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៤​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល​រង​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ជំនួស​លោក ហ៊ូ វត​នៈ ដែល​ចូលនិវត្តន៍​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម