ដោយៈ ប.ខុន / ភ្នំពេញៈ ភ្លៀងរដូវវស្សា អស់ហើយ បន្ទាប់ពីបានធ្វើឱ្យទឹកទន្លេមេគង្គ នៅចតុមុខ ឡើងដល់កម្ពស់ខ្ពស់បំផុត ៨,១៧ ម៉ែត្រ នៅថ្ងៃទី ៤ ខែតុលា និងទឹកបឹងទន្លេសាប នៅក្រគរ កំពង់លួង ឡើងដល់កម្ពស់ខ្ពស់បំផុត ៦,៩៨ ម៉ែត្រ នៅថ្ងៃទី ២២ ខែតុលា ហើយនៅថ្ងៃទី ២៩ ខែតុលា ខ្យល់មូសុងឦសាន ក៏បានមកដល់ តែសីតុណ្ហភាពជាទូទៅ នៅមិនទាន់ចុះនៅឡើយទេ និងព្យុះដែល បានកើតមានរួចត្រឹម ថ្ងៃទី ៣០ ខែតុលា មានចំនួន ១៦ នៅក្នុងចំណោមព្យុះ ដែលក្រសួងព្យាករណ៍ថា អាចកើតមានពី ២៥ ឬ ២៧ ព្យុះ នៅក្នុងឆ្នាំ២០២៣ នេះ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ធៃទី ៣០ ខែតុលា ឆ្នាំ២០២៣ថា ភ្លៀងរដូវវស្សា ឆ្នាំ២០២៣ បានឈានចូលដល់ទីបញ្ចប់ហើយ ខ្យល់មូសុងឦសាន ក៏បានចាប់ផ្តើមរុញ ចុះមកដល់ តែសីតុណ្ហភាព ជាទូទៅ នៅមិនទាន់ចុះត្រជាក់នៅឡើយទេ ដោយសាររបប ខ្យល់មូសុងឦសាន នៅមិនទាន់បានធ្លាក់មកទាំងព្រម (ទាំងខ្យល់លើ និងខ្យល់ក្រោម) គឺមានតែខ្យល់ក្រោម។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថា ភ្លៀងអាចនៅមានរប៉េះរប៉ោះ ជាពិសេស នៅខ្ពង់រាបភាគឦសាន និងតំបន់ជាប់ព្រំដែន កម្ពុជា វៀតណាម ដោយសារឥទ្ធិពលសម្ពាធទាបមួយ នៅលើភាគកណ្តាលប្រទេសវៀតណាម ត្រូវបានរុញចុះ ដោយខ្យល់មូសុងឦសាន។ ភ្លៀងកើតមានដោយកន្លែងនេះ នឹងមិនបង្កឱ្យកើតមានជាជំនន់ទេ ។ រីឯទឹកបឹងទន្លេសាប បានបន្តហូរចេញ និងទឹកទន្លេមេគង្គ បន្តស្រកចុះ ជាលំដាប់។
រំលឹកឱ្យដឹងថា ទឹកបឹងទន្លេសាប នៅក្នុងរដូវវស្សា ឆ្នាំ២០២៣ ឡើងដល់កម្ពស់ខ្ពស់ បំផុត នៅស្ថានីយជលសាស្ត្រក្រគរ កំពង់លួង ៦,៩៨ ម៉ែត្រ នៅថ្ងៃទី ២២ ខែតុលា និងទឹកទន្លេមេគង្គ នៅក្នុងរដូវវស្សា ឆ្នាំ២០២៣ ឡើងខ្ពស់បំផុត នៅស្ថានីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានឡើងដល់កម្ពស់ ៨,១៧ ម៉ែត្រ នៅថ្ងៃទី ៤ ខែតុលា ។ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍កម្ពស់ទឹកទន្លេ កាលពីដើមរដូវវស្សា ឆ្នាំ២០២៣ថា ទឹកទន្លេមេគង្គ នៅចតុមុខ ក្នុងរដូវវស្សានេះ អាចឡើងដល់កម្ពស់ ៨,៣៥ ម៉ែត្រ ជាប្រភេទជំនន់តូច។ ឯស្ថានភាពព្យុះដែលក្រសួង បានព្យាករណ៍ថា អាចនឹងកើត មានចំនួនពី ២៥ ទៅ ២៧ ព្យុះនោះ តែគិតមកដល់ត្រឹមថ្ងៃទី ៣០ ខែតុលា បានកើតមានរួច ចំនួន ១៦ ព្យុះហើយ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ស្តីពីការព្យាករអាកាសធាតុ លើកទី៣ សម្រាប់រដូវវស្សា ឆ្នាំ២០២៣ថា តាមការវិវត្តនៃអាកាសធាតុជាសកល និងតំបន់ ក៏ដូចជា នៅក្នុងផ្ទៃប្រទេសកម្ពុជា បង្ហាញឱ្យឃើញថា នៅក្នុងរដូវវស្សា ឆ្នាំ២០២៣នេះ បាតុភូតអែលនីណូ បានបង្កើនឥទ្ធិពល ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ ដល់អត្រា មធ្យមភាគ ១០០ ភាគរយ នាំឱ្យផ្ទៃដីរងទឹកភ្លៀង និងបរិមាណទឹកភ្លៀង ចាប់ផ្តើមថយ ចុះជាលំដាប់ ហើយនឹងរដូវវស្សា បញ្ចប់លឿនជាងឆ្នាំ២០២២។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ បានសរសេរថា នៅក្នុង ខែកញ្ញា ស្ថានភាពភ្លៀងជាទូទៅ ធ្លាក់មិនសូវបានរាយប៉ាយ គឺភ្លៀងធ្លាក់បានតែនៅលើ ផ្ទៃដីរងទឹកភ្លៀង ប្រមាណជាពី ៤០ ទៅ ៦០ ភាគរយ (នៃផ្ទៃដីសរុប) ជាមួយនឹងកម្រិត ទឹកភ្លៀង ធ្លាក់ប្រែប្រួលពីខ្សោយ ទៅមធ្យម ក្នុងនោះ ក៏មានភ្លៀងធ្លាក់ច្រើន នៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំ ខ្ពង់រាប និងតំបន់មាត់សមុទ្រ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅក្នុងខែតុលា និងខែវិច្ឆិកា របាយទឹកភ្លៀង ធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀង បន្តធ្លាក់មានការថមថយ មកនៅក្នុងកម្រិត ប្រែប្រួល ពីខ្សោយ ទៅមធ្យម លាយឡំទៅដោយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាមួយផ្ទៃដី រងទឹកភ្លៀង ប្រមាណជាពី ៣០ ទៅ ៤០ ភាគរយ (នៃផ្ទៃដីទាំងមូល)។ រដូវវស្សា នឹងបញ្ចប់ ទៅលឿនជាងឆ្នាំ២០២២។ រដូវវស្សា នៅតំបន់ខ្ពង់រាប នឹងបញ្ចប់នៅសប្តាហ៍ ទី៣ នៃខែតុលា តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ រដូវវស្សា នឹងបញ្ចប់នៅក្នុង សប្តាហ៍ទី៤ នៃខែតុលា ។
យោងលើស្ថានភាពអាកាធាតុ ដូចបានព្យាករណ៍ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានអំពាវនាវទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សូមបន្តរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕/V/r