សំណុំរឿង​យុទ្ធនាការ​ម្រាមដៃ​ស្អា​តៈ គ​.​ជ​.​ប សម្រេច​កែសម្រួល​ការផាកពិន័យ​លើ​មនុស្ស​៥​នាក់​

1001
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​តម្កល់​ការសម្រេច​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ខេ​ត្ត​បាត់ដំបង ទុកជាបានការ​ដដែល ប៉ុន្តែ​បានធ្វើ​ការកែសម្រួល​ចំពោះ​ការផាកពិន័យ​មនុស្ស​០៥​នាក់ ពាក់ព័ន្ធ​ការធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត រារាំង​អ្នកបោះឆ្នោត និង​ធ្វើ​ឲ្យ​ភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។ ការសម្រេច​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០១៨ នេះ បន្ទាប់ពី​បាន​បើកសវនាការ​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាសថា តម្កល់​សេចក្តីសម្រេច​លេខ ០០១ ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ របស់​គណៈកម្មាការ​រៀប​ចំការ​បោះឆ្នោត​ខេត្តបាត់ដំបង ប៉ុន្តែ​កែប្រែ​ចំណុច​បី ចាប់ពី​ត្រ​ទី​ពីរ​ទៅ ដោយ​សម្រេច​ឡើងវិញ​ដូចខាងក្រោម​:
.​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល ក្នុង​ម្នាក់ៗ ដោយ​ពុំទាន់​គិត​ទោស​ព្រហ្ម​ផ្សេងទៀត ចំពោះ​ឈ្មោះ ថោង សារឿន និង​ឈ្មោះ គ្រុយ គឹម​សាំង​។
.​លើកលែង​ការផាកពិន័យ​ចំពោះ​ឈ្មោះ ម៉ាង ឈុន និង​ឈ្មោះ ពៅ តាំង​។
​ចំណែក​ឈ្មោះ ជា ជីវ ផាកពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល​។

​លោក​ស៊ិ​ក ប៊ុន​ហុក បាន​បន្តថា សេចក្តីសម្រេច​នេះ ជំនុំជម្រះ​និង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ចំពោះមុខ​គូរ​ភាគី និង​បើកផ្លូវ​តវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​តាម​កំណត់​ច្បាប់​។​
​គ​.​ជ​.​ប បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​យុទ្ធនាការ​ម្រាមដៃ​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែសីហា​។ សវនាការ​ជំនុំជម្រះ​នេះ ដឹកនាំ​ដោយ​លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប និង​សមាជិក​០៨​រូប​ផ្ស​រង​ទៀត និង​ដោយមាន​ការចូលរួម​ពី​មេធាវី​ដើមបណ្តឹង និង​ចុង​បណ្តឹង​។​

​សំណុំរឿង​ម្រាមដៃ​ស្អាត​នៅក្នុង​ខេត្តបាត់ដំបង ត្រូវ​ប​បាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ បានសម្រេច​ផាកពិន័យ​មនុស្ស​០៥​នាក់ ក្នុង​ម្នាក់ ១០​លាន​រៀល ពាក់ព័ន្ធ​នឹង​បទ​រារាំង​អ្នកបោះឆ្នោត និង​ធ្វើ​ឲ្យ​ភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។ មនុស្ស​ទាំង​០៥​នាក់ ដែល​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត និង​រង​ការផាកពិន័យ​មានដូចជា​
១. ឈ្មោះ ជា ជីវ ២. ឈ្មោះ ថោង សារឿន ៣. ឈ្មោះ ម៉ាង ឈុន ៤. ឈ្មោះ ពៅ តាំង និង​៥. ឈ្មោះ គ្រុយ គឹម​សាំង​។ មនុស្ស​ទាំង ០៥​នាក់ មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត ខេត្តបាត់ដំបង បានដាក់​ពាក្យ​ប្តឹង​ជំទាស់​ទៅ​គ​.​ជ​.​ប​។​

​សូមជម្រាបថា លោក​ពី​វ ហូ​យ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តឹង​មនុស្ស​ទាំង​០៥​នាក់ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ពីបទ​រារាំង​ប្រជាពលរដ្ឋ​មិន​អោយទៅ​បោះឆ្នោត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម