ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ខន្ទរា
(ខ័ន-ទៈ-រា)
នាមសព្ទ
ឈ្មោះរោគកើតក្នុងបំពង់កហើមចេញមកក្រៅ
រោគកន្ទរា ។
ឈូង
នាមសព្ទ
ញោចសមុទ្ទ, ទន្លេ, ស្ទឹង បឹង ដែលជាញកជាកៀនចូលក្នុងច្រាំង
ឈូងសមុទ្ទ ។
រមូរសំពត់ដែលចងក្របួចចុងសម្រាប់កាន់បោះ ឬចោលក្នុងល្បែងឈូង
បោះឈូង, ចោលឈូង; ល្បែងនុះឯងក៏ហៅថា ឈូងដែរ : លេងឈូង, ច្រៀងឈូង ។
ថេរានុត្ថេរៈ
(ថេរ៉ានុត-ថេរ៉ៈ)
នាមសព្ទ
(បា. ថេរ+អនុត្ថេរ>ថេរានុត្ថេរ) ព្រះថេរៈធំនិងព្រះថេរៈតូច ។
ពង
កិរិយាសព្ទ
( ជានាមកិរិយា ) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់
ដើរកាត់វាលខ្សាច់ក្ដៅពងជើងអស់, រលាកភ្លើងពងស្បែកស្ដុល ។
បង្កើតពង, បញ្ចេញស៊ុត
មេមាន់មួយពងបាន ៨ មេមួយទៀតពងបាន ១០ ។
នាមសព្ទ
ស្បែកឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្ដុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្តងសិន ហើយទើបញាស់ចេញជាកូន
ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្តើក, ពងទន្សង, ពងក្រពើ…( ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ ) ។
ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុសឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាស បើមានតែមួយដុំ ហៅ ពងត្មោល ( ព. សា.; ព. រ. ហៅ ពងល្វា ឬ ពងស្វាស; ព. ខ្ព. ហៅ អណ្ឌៈ ) ។ ពងក្ដ ន. ( ព. អា. ) ពងល្វា, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថាបញ្ជោះឲ្យគ្នាដោយឈ្លានពានប្រមាថមើលងាយ ( ជាសម្ដីពុំគួរប្រើ) ។
វង់
កិរិយាសព្ទ
ធ្វើឲ្យជារង្វង់, ធ្វើឲ្យមានមណ្ឌលមូល, គូសវាសឲ្យមូល
វង់ភ្នែកក្ងោក វង់ឲ្យមានសណ្ឋានមូលប៉ុនភ្នែកក្ងោក ។ វង់វៀន វង់បង្វៀន, វង់ឲ្យមានសណ្ឋានក្រវៀន, វង់ឲ្យមានហៀន ។ ឈរវង់ ឈរព័ទ្ធជាមណ្ឌលមូល, ឈរដំកង់ ។ ល ។
នាមសព្ទ
មណ្ឌលមូល, ទីមានមណ្ឌលមូល, អ្វីៗដែលមានមណ្ឌលមូល; ក្រុមមនុស្សដែលប្រជុំគ្នាជាមណ្ឌលមូល; ប្រជុំកិច្ចការ; ក្រុមភ្លេង, ក្រុមល្បែង ជាដើម
វង់ការ ប្រជុំមុខការ, ដំណើរការ ។ វង់ខែ មណ្ឌលព្រះចន្ទ្រ ។ វង់ចិញ្ចៀន មណ្ឌលចិញ្ចៀន ។ វង់មុខ ទម្រង់មុខ ។ ចិញ្ចៀនមួយវង់ ចិញ្ចៀនមួយ ។ បរវង់ បរសត្វពាហនៈមានសេះជាដើមប្រណាំងគ្នាក្នុងវាលវង់ ។ បាញ់វង់ បាញ់ចន្លោង គឺបាញ់តម្រង់ឲ្យព្រួញឬគ្រាប់ចូលក្នុងប្រហោងមណ្ឌលមូលដែលកំណត់ ។ ភ្លេងមួយវង់ ភ្លេងមួយពួកឬមួយក្រុម ។ ល្បែងមួយវង់ ល្បែងមួយក្រុម ។ វាលវង់ វាលធំមានមណ្ឌលមូល សម្រាប់បរប្រណាំងសត្វពាហនៈមានសេះជាដើម ។ ល ។
នាមសព្ទ
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគូសដីជាវង់មូល, ជង់លុយបន្តុបលើគ្នាដាក់ត្រង់ទីកណ្ដាលវង់, បើចោលដោយមេសំណមូលផ្ដួលលុយនោះឲ្យខ្ទាតខ្លះចេញក្រៅវង់ ទុកថាជាឈ្នះ
ពួកក្មេងលេងវង់ ( មានតែក្នុងពីដើម, ក្នុងសម័យបច្ចុប្បន្ន មិនមានទេ . . . ) ។