កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ចូល​វត្ត​កំពង់​ក្ដុល​ក្នុង​សង្កាត់​សាក់​សំពៅ​ផ្តាច់​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ជួសជុល​រួច​រល់​

1076
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ស្ថិតនៅតាម​ចូល​វត្ត​កំពង់​ក្ដុល​ក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដែល​ទទួលរង​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ហូរ​ច្រោះ បាក់ស្រុត​ធ្ងន់ធ្ងរ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ជា​បណ្តោះអាសន្ន​រួចរ​ល់ហើយ ដោយបាន​ដាក់អោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​រួចហើយ​ដែរ​។​
លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៨ សីហា​នេះ​ថា ក្រោយពី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​ចូល​វត្ត​រន​តៈ​តេ​ជៈ ហៅ​វត្ត​កំពង់​ក្ដុល ស្ថិតនៅ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដែល​រងទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ហូរ​ច្រោះ បាក់ស្រុត​ធ្ងន់ធ្ងរ មិនអាច​ធ្វើចរាចរ​បា​ន​នោះ​និង​ក្រោយពី​មានការ​ណែនាំ​ជាបន្ទាន់​ពី​លោក​អភិបាល​រាជធានី​អោយធ្វើ​ការជួសជុល​ផ្លូវ​ដែល​ខូចខាត​នេះ​ឡើងវិញ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងមកនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចុះ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​តែម្តង ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ​។​
លោក​ប្រធាន​ក៏បាន​បញ្ជាក់​ផងដែរ​ថា កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ​ខាងលើនេះ យើង​មិនមែន​ស្ថាបនា​ជាការ​ចាក់​មេ​តុង​ភ្ជាប់​អោយ​ដូចដើម​វិញ​នោះទេ ពោលគឺ​យើង​គ្រាន់តែ​ចាក់ដី​បំពេញ កិន​បង្ហាប់ ដើម្បី​ដាក់អោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ហើយ​បើ​គិត​មកដល់​ថ្ងៃនេះ គឺ​ការជួសជុល​ផ្លូវ​នេះ​បាន​រួចរាល់​ទាំងស្រុង​ហើយ​បានអនុញ្ញាត​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​បាន​ស្រួល​ហើយ​។ លោក​សាំ ពិសិដ្ឋ បាន​បន្ត​ឱ្យដឹងទៀតថា ចំពោះ​ការស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ ដោយ​ការចាក់​បេតុង​រឹងមាំ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅក្នុង​ខែវិច្ឆិកា​ឬ​ខែធ្នូ​២០១៨​ខាងមុខ ពោលគឺ​ក្រោយពី​ទឹកបាន​ស្រក​អស់​ជា​ស្ថាពរ​។​
គួរ​រំលឹក​ផងដែរ​ថា​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ពាក់​ព​ន្ធ័ អាជ្ញាធរ​ដែនដី​កាលពី​រសៀល​ថ្ងៃទី​២១ កក្កដា និង​ព្រឹក​ថ្ងៃទី​២៦ កក្កដា​២០១៨​នេះ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​និង​សួរ​សុខទ​ក្ខ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួលរង​ការលិចលង់​ផ្ទះសំបែង​នៅ​តំបន់​១​ចំនួន​ក្នុង ខណ្ឌដង្កោ ក្រោយពី​ប្រជាពលរដ្ឋ​ចំនួន​២៦​ភូមិ នៅក្នុង​សង្កាត់​ចំនួន​០៩​ខណ្ឌ​នេះ ទទួលរង​ការលិចលង់​។​ក្រោយ​ការពិនិត្យ​ឃើញជាក់ស្តែង​ទើប លោក​ឃួ​ង ស្រេង បាន​បញ្ជា​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចុះ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​តែម្តង ។​
ដោយឡែក​សម្រាប់ សហគមន​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស​វិញ តប​តាម​ការសន្យា​របស់លោក ឃួ​ង ស្រេង ថា​នឹង​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៣​ខ្សែ​រួម​និង​ការ​ដាក់លូ​ជូន​ប្រជាពលរដ្ឋ​នោះ ខណៈ​នេះ​ផ្លូវ​៣​ខ្សែ​នោះបាន​និង​កំពុងតែ​ឈូសឆាយ​ចាក់​ថ្ម ស្ថាបនា​ហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម