ដោយ៖ ដេប៉ូ/ភ្នំពេញ៖ កញ្ញា មូណា សួរ (Mona Sur )អ្នកគ្រប់គ្រងការអនុវត្តនៃធនាគារពិភពលោក (World Bank) លើកឡើងឱ្យដឹងថា នឹងរួមដៃគ្នាជាមួយក្រសួងបរិស្ថានលើការងារអាទិភាពរបស់ក្រសួង ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំណល់ប្លាស្ទិកទៅលើសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្រ្ត ចក្រាឆ្នាំ ២០២៣-២០២៨ ។
គួរបញ្ជាក់ថាការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង នៅថ្ងៃទី ៣០ តុលា ឆ្នាំ២០២៣ ។
លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ World Bank និងសហការី ហើយបើកទ្វារទទួលស្វាគមន៍ជានិច្ចចំពោះដៃគូអភិវឌ្ឍទាំងអស់ ដែលចង់រួមចំណែកជួយឱ្យកម្ពុជាស្អាត និងចែករំលែកភាពស្អាតនេះទៅដល់ប្រទេសជិតខាងរបស់កម្ពុជា ជាពិសេសប្រទេសស្ថិតក្នុងតំបន់អាស៊ាន ។
លោករដ្ឋមន្រ្តីបានថ្លែងផងថា កម្ពុជាស្អាតប្រទេសជិតខាងជាមិត្តកម្ពុជាចាំបាច់ត្រូវតែស្អាតដូចគ្នា យើងត្រូវតែជួយសម្អាតគ្នា ព្រោះយើងមានទន្លេមេគង្គជាមួយគ្នា ។
គួររំលឹកថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹងនៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ៕/r