ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី ៣០ តុលាម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។ ការប្រកួតដែលមានរយៈពេល ៥ថ្ងៃនេះ នឹងបញ្ចប់នៅថ្ងៃទី ៣ ខែវិច្ឆិកា។ ការប្រកួត កីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅកម្ពុជា ដែលរៀបចំនៅពហុ កីឡដ្ឋានជាតិ មរតកតេជោ ដោយមានកីឡាករ កីឡាការិនី ចូលរួមប្រមាណ ៧០ នាក់ មកពី ៥ ប្រទេស គឺមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។
លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមាន ប្រសាសន៍ថា កត្តាចម្បងៗ ដែលជំរុញដល់ការរៀបចំការប្រកួតកីឡាវាយសីយុវជន អាស៊ី ឆ្នាំ២០២៣ នៅកម្ពុជា នាពេលនេះ គឺដោយសារតែកម្ពុជា ទើបបានបញ្ចប់ ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ (ខែឧសភា ឆ្នាំ២០២៣) ដោយបានបន្សល់ទុក នូវស្នាមញញឹម និងអនុស្សាវរីយ៍ដ៏ច្រើន ដែលធ្វើឲ្យកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក។ ដូច្នេះហើយ ថ្នាក់ដឹកនាំ គណៈកម្មការ ដែលចូលរួមក្នុងការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ បានឃើញពីការរីកចម្រើន និងការអភិវឌ្ឍដ៏លឿនរបស់កម្ពុជា ព្រមទាំងការទទួលបដិសណ្ឋារកិច្ច និងរៀបចំការប្រកួត គឺមានលក្ខណៈយុត្តិធម៌។
លោកប្រធានសហព័ន្ធ បានបន្តទៀតថា គម្រោងរៀបចំការប្រកួតកីឡាវាយសីជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះ ត្រូវបានស្នើឲ្យកម្ពុជា រៀបចំយូរឆ្នាំហើយ ប៉ុន្តែក្រោយ ចប់ស៊ីហ្គេម ២០២៣ យើងមានទីលានស្តង់ដាអន្តរជាតិ រួមទាំងអស់បញ្ហាកូវីដ-១៩ ផងនោះ។ នេះជាគោលបំណងធំរបស់សហព័ន្ធកីឡាវាយសីអាស៊ី ដែលស្នើសុំឲ្យកម្ពុជា រៀបចំធ្វើ ម្ចាស់ផ្ទះ ដោយពេលនេះ បំណងប្រាថ្នារបស់គាត់ បានសម្រេចហើយ។ ក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធ បានត្រៀមកីឡាករ កីឡាការិនីឆ្នើមៗ ដើម្បីចូលរួមប្រកួត ប្រជែងមេដាយ។ ក្នុងការប្រកួតនេះ មាន៥ប្រទេសចូលរួម ដោយក្នុង ១ប្រទេសៗ មានកីឡាករ កីឡាការិនី ចំនួន ១០នាក់ ដែលស្ថិតក្នុងវ័យក្រោមអាយុ ១៥ឆ្នាំ និងក្រោម ១៧ឆ្នាំ។
ជាមួយនឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើន ដោយកម្ពុជាបានត្រៀមកីឡាករល្អៗ ដូច្នេះយើងបានជ្រើសរើស កីឡាករ កីឡាការិនី ណា ដែលមានសមត្ថភាពខ្ពស់ៗ ក្នុងប្រទេស ដើម្បីចូលរួមប្រកួត។
អ្វីដែលជាគោលដៅដ៏ធំមួយទៀត គឺសហព័ន្ធកីឡាវាយសីកម្ពុជា បានត្រៀមកីឡាករ កីឡាការិនី វ័យក្មេងៗ ក្រោម១៣ឆ្នាំ ក្នុងចំណោម ១០នាក់ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងជើងឯកអាស៊ីអាគ្នេយ៍នេះផង ហើយសម្រួចបច្ចេកទេសពួកគាត់ ត្រៀមឆ្ពោះទៅ ប្រកួតប្រជែង សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ៕/V/r