ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រសួងការបរទេស​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សា​នី លុក (Shani Louk) ស្ត្រី​ជនជាតិ​អ៊ីស្រាអែល​កាត់​អាល្លឺម៉ង់​អាយុ ២៣ ឆ្នាំ ដែល​ត្រូវបាន​ចាប់ពង្រត់​ដោយ​ពួក​យុទ្ធជន​ហា​ម៉ាស​នៅពេល​ដែល​ពួក​វា​បាន​វាយលុក​ពិធីបុណ្យ​តន្ត្រី​មួយ​នៅ​វាល​ខ្សាច់​អ៊ីស្រាអែល បាន​ស្លាប់​ហើយ​។​

​ក្រសួង​បាន​សរសេរ​នៅក្នុង​សារ​មួយ​នៅ​លើ X ថា “​ពួកយើង​ខូចចិត្ត​” ខណៈ​ក្រសួង​បញ្ជាក់​ពី​ការស្លាប់​របស់​នាង​លុក​។​

​ក្រសួង​បាន​និយាយថា “​នាង​សានី ដែល​ត្រូវបាន​ចាប់ពង្រត់​ពី​មហោស្រព​តន្ត្រី​និង​ធ្វើ​ទារុណកម្ម​និង​យក​ទៅ​ដង្ហែ​ជុំវិញ​តំបន់​ហ្គា​ហ្សា​ដោយ​ពួក​ភេរ​វករ​ហា​ម៉ាស បាន​ជួបប្រទះ​នូវ​ភាព​ភ័យរន្ធត់​ដែល​មិន​អាច​យល់​បាន​។​”

“​សូម​ចងចាំ​រូបនាង​។​”

​នាង​លុក​បាន​បាត់​ខ្លួន​ចាប់តាំងពី​ក្រុម​យុទ្ធជន​ហា​ម៉ាស​បាន​វាយលុក​លើ​ពិធីបុណ្យ​តន្ត្រី​នៅ​ស៊ូ​ពើ​ណូវ៉ា (Supernova) នៅ​ជិត​ព្រំដែន​ហ្គា​ហ្សា ខណៈ​ដែល​ពួក​វា​បាន​ធ្វើ​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​។​

​អធិការបតី​អាល្លឺម៉ង់ អូ​ឡា​ហ្វ សូ​ល (Olaf Scholz) បាន​ពណ៌នា​ដំណឹង​នៃ​ការស្លាប់​របស់​នាង​ថា “​គួរ​ឱ្យ​តក់ស្លុត​” ។​

​គាត់​បាន​សរសេរ​នៅលើ X ថា “​ដូច​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​ដែរ នាង​ត្រូវបាន​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​។​”

​លោក​បាន​និយាយថា “​នេះ​បង្ហាញ​ពី​ភាពព្រៃផ្សៃ​ពេញលេញ​នៅ​ពីក្រោយ​ការវាយប្រហារ​របស់​ពួក​ហា​ម៉ាស ដែល​ត្រូវតែ​ទទួលខុសត្រូវ​។ នេះ​ជា​ភេរវកម្ម ហើយ​អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន​។​”

​អ្នកចូលរួម​ពិធីបុណ្យ​ប្រមាណ​២៧០​នាក់​ត្រូវបាន​សម្លាប់​នៅ​កន្លែង​កម្សាន្ត​ស៊ូ​ពើ​ណូវ៉ា​៕

នាង សា​នី លុក ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​ហើយ