​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ទាហាន​អ៊ីស្រាអែល​ម្នាក់​ត្រូវបាន​រំដោះ​ចេញពី​កន្លែង​ឃុំខ្លួន​របស់​ក្រុម​ហា​ម៉ាស​នៅ​ហ្កា​ហ្សា​ស្ទ្រីប​ក្នុងអំឡុង​ប្រតិបត្តិកា​រជើង​គោក​របស់ខ្លួន​។​ទាហាន​ស្រី​ដែល​មានឈ្មោះ​អូ​រី មេ​ហ្គី​ឌី​ស​( Ori Megidish)​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​ពួក​យុទ្ធជន​ហា​ម៉ាស​ចាប់តាំងពី​ថ្ងៃ​៧​តុលា​។​

​ក្រោយ​ត្រូវ​បាន​រំដោះ​នាង​ត្រូវបាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​និង​បង្ហាញថា​មាន​សុខភាព​ល្អ​ទេ​។​

​យោធា​អ៊ីស្រាអែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ចន្ទ ថា​ការរំដោះ​ចំណាប់ខ្មាំង​ត្រូវបាន​ធ្វើឡើង​កាល​ពី​យប់តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ប្រតិបត្តិការ​ទេ​។​

​មុន​ការប្រកាស​ការរំដោះ​ចំណាប់ខ្មាំង​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយថា កិច្ចខិតខំ​រំដោះ​ចំណាប់ខ្មាំង​ជាង​២០០​នាក់​ដែល​ក្រុម​ហា​ម៉ាស​កំពុង​ឃុំ​ទុក កំពុង​ធ្វើ​ឡើង​ក្នុងអំឡុង​ប្រតិបត្តិការ​ជើងគោក​នៅ​ហ្កា​ហ្សា ដែល​លោក​បាន​និយាយថាវា«​បង្កើត​ឳ​កាស​ដើម្បី​ឈាន​ដល់​ការដោះលែង​ពួកគេ ហើយ​យើង​នឹង​មិន​បំភ្លេច​ពួកគេ​ទេ​»​។​

​អូ​រី មេ​ហ្គី​ឌី​ស ក្រោយ​ត្រូវ​បាន​ទាហាន​អ៊ីស្រាអែល​រំដោះ​ពី​ក្រុម​ហា​ម៉ាស

​លោក​ណេ​តាន់​យ៉ា​ហ៊ូ ក៏​បាន​ថ្កោលទោស​វីដេអូ​«​ឃោសនា​ចិត្តសាស្ត្រ​ដ៏​ព្រៃផ្សៃ​»​មួយ​ដែល​ត្រូវ​ក្រុម​ហា​ម៉ាស​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ ដែល​បង្ហាញ​ចំណាប់ខ្មាំង​បី​នាក់​ដែល​ក្រុម​នេះ​បាន​ចាប់​នាំ​ទៅ​ពី​អ៊ីស្រាអែល​កាលពី​ថ្ងៃ​៧​តុលា​។​

ប្រជាជនអ៊ីស្រាអែលអបអរចំពោះការរំដោះបានចំណាប់ខ្មាំង

 

​វីដេអូ​បង្ហាញ​ស្ត្រី​ជាចំណាប់ខ្មាំងបីនាក់ អង្គុយ​ជាប់​នឹង​ជញ្ជាំង​ដោយ​ស្ត្រី​ម្នាក់​ថ្លែង​សារ​ទាំង​កំហឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​

​វីដេអូ​បង្ហាញ​ស្ត្រី​បីនាក់ អង្គុយ​ជាប់​នឹង​ជញ្ជាំង​ដោយ​ស្ត្រី​ម្នាក់​ថ្លែង​សារ​ទាំង​កំហឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​។​ដោយ​ចោទប្រកាន់​លោក​ណេ​តាន់​យ៉ា​ហ៊ូ ថា​បរាជ័យ​ក្នុង​ការការពារ​ពលរដ្ឋ​អ៊ីស្រាអែល​ក្នុងអំឡុង​ការវាយប្រហារ​របស់​ហា​ម៉ាស និង​បរាជ័យ​ក្នុងការ​នាំ​ពួកគេ​វិល​ទៅ​ស្រុក​វិញ ស្ត្រី​ចំណាស់​នេះ​បាន​អំពាវនាវ​អោយ​មាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ធានា​ការ​ដោះលែង​ចំណាប់ខ្មាំង​ជា​ថ្នូរ​នឹង​អ្នកទោស​ប៉ាឡេ​ស្ទីន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ លោក​ណេ​តាន់​យ៉ា​ហ៊ូ បាន​ធ្វើ​ការសន្យា​ជាថ្មី​ថា​នឹង​ខិតខំ​គ្រប់បែបយ៉ាង​ដើម្បី​នាំ​ចំណាប់ខ្មាំង​ទាំងអស់​មក​វិញ​។​

​យោង​តាម​អាជ្ញាធរ​អ៊ីស្រាអែល ចំណាប់ខ្មាំង​២៣៩​នាក់ មាន​ទាំង​អ៊ីស្រាអែល​និង​បរទេស ត្រូវ​ពួក​ហា​ម៉ាស​ចាប់​ជា​ចំណាប់ខ្មាំង​ក្នុងអំឡុងពេល​ឆ្មក់​ចូល​វាយប្រហារ​អ៊ីស្រាអែល​ខាងត្បូង​កាលពី​ថ្ងៃ​៧​តុលា ដែល​បាន​សម្លាប់​មនុស្ស​១.៤០០​នាក់​។​

​ចំណាប់ខ្មាំង​បួន​នាក់​ត្រូវបាន​ក្រុម​ហា​ម៉ាស​ដោះលែង​តាំងពី​មុន​មក តែ​កិច្ចខិតខំ​ក្រោយ​ឆាក​ដឹកនាំ​ដោយ​កាតា​ដើម្បី​អោយមាន​ការដោះលែង​បន្ថែម​ទំនងជា​ជាប់គាំង​ក្រោយ​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​ជើងគោក​ចូល​ហ្កា​ហ្សា​៕