ដោយៈ ប.ខុន / ភ្នំពេញៈ អាជ្ញាធរទន្លេសាប ស្ថិតនៅក្រោមឆត្រ័ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សាក្រុមការ ងារចុះពិនិត្យ តាមដាន និងអធិការកិច្ច ដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងខេត្ត ទាំង ៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង , ពោធិ៍សាត់ , បាត់ដំបង , បន្ទាយមានជ័យ , សៀមរាប និង ខេត្តកំពង់ធំ) ដែលដឹកនាំដោយលោក ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន – អនុប្រធាននាយកដ្ឋាន ប្រធាន – អនុប្រធាន ការិយាល័យ ដែលជាក្រុមការងារ សរុបចំនួន ២៧ រូប។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាទៅលើផែនទី តំបន់៣ ទំហំ ផ្ទៃដី ដែលបានកាត់ឆ្វៀល ទៅជាតំបន់២ និង តំបន់១ , វិធីសាស្ត្រចុះសិក្សាតាមដាន ត្រួត
ពិនិត្យ និងស្រង់ទិន្នន័យ – ព័ត៌មានពាក់ព័ន្ធនឹងតំបន់៣ តំបន់២ និងតំបន់១ បន្ទាប់ពីការ កាត់ឆ្វៀលរួច , ទម្រង់របាយការណ៍លទ្ធផល បន្ទាប់ពីចុះសិក្សា តាមដាន ត្រួតពិនិត្យ របស់ក្រុមការងារ តាមតំបន់នីមួយៗ ក្នុងខេត្តទាំង ៦ជុំវិញ បឹងទន្លេសាប ដើម្បីបូកសរុប និងរាយការណ៍ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច , នីតិវិធីចុះ ផ្សព្វផ្សាយ ណែនាំ អំពីច្បាប់ បទដ្ឋាន គតិយុត្ត ព័ត៌មាន គោលនយោបាយ និង ចំណេះដឹង ពាក់ព័ន្ធដល់ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ស្ថិតក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ។
អាជ្ញាធរទន្លេសាប បានបង្កើតក្រុមការងារ ចុះពិនិត្យ តាមដាន និងអធិការកិច្ចដែនព្រៃ លិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងខេត្តទាំង ៦ ជុំវិញ បឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង ខេត្តកំពង់ធំ) ដែល រាជរដ្ឋាភិបាល បានឆ្វៀលចេញពីដែនព្រៃលិចទឹក តំបន់៣ មកតំបន់២ និងពីតំបន់២ មក តំបន់១ នៃអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១ ដែលមានដែន ទំហំ ៦៤៧.៤០៦ ហិកតា ជូនប្រជាពលរដ្ឋ អាស្រ័យផល និងតាំង ទីលំនៅ ។
ក្រុមការងាររបស់អាជ្ញាធរ ខាងលើ បាននិងកំពុងបន្តអនុវត្តន៍តួនាទី ភារកិច្ច ក្នុងការប្រមូល ផ្ទៀងផ្ទាត់ ទិន្នន័យ ព័ត៌មាន ជាក់លាក់ ដើម្បីពិភាក្សាជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ នៃខេត្តទាំង ៦ ជុំវិញ បឹងទន្លេសាប និងធ្វើការ ផ្សព្វផ្សាយ បង្កើនការយល់ដឹង ពីសារប្រយោជន៍ ធនធានធម្មជាតិ និងចូលរួមកិច្ចការ ការពារធនធានធម្មជាតិ បឹងទន្លេសាប ប្រកបដោយចីរភាព។
អាជ្ញាធរទន្លេសាប ដែលបានបង្កើតឡើងជាង ១០ ឆ្នាំ កន្លងទៅនេះ ត្រូវបានគេមើល ឃើញថា ពុំសូវមានសកម្មភាពស្វាហាប់នោះទេ ដោយសារបឹងទន្លេសាប មានពាក់ព័ន្ធទៅនឹងអាជ្ញាធរខេត្ត ចំនួន ៦ ហេតុដូច្នេះហើយ បានជាកើតមានករណី កន្ទេលធំមន្ត្រីបន្លំដេក រហូតមកដល់មានការឆ្វៀល កាលពីដើមឆ្នាំ រួចមកទើបមាន សកម្មភាពខ្លះ ក្នុងការចុះបោះបង្គោលកំណត់ព្រំដីព្រៃលិចទឹកជាថ្មី។
បើនិយាយពីដី ដែលបានកាត់ឆ្វៀល ដោយជ្រកក្រោមស្លាក ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋ ក្រីក្រ អាស្រ័យផល កន្លងទៅនេះ ត្រូវបានគេនិយាយថា ភាគច្រើន ដីទាំងនោះ បានធ្លាក់ទៅលើដៃអ្នកមានអំណាច និងអ្នកមានធនធាន ឯប្រជាពលរដ្ឋ ដែលគេថា ជាអ្នកអត់ដី និងអាស្រ័យផលលើដីតំបន់បីនោះ ត្រូវបានគេរុញឱ្យទៅយកតំបន់ដីព្រៃ ត្រូវធ្វើការរុករានជាថ្មីបន្ថែមទៀត មិនមែនទទួលបានដី ដែលធ្លាប់បានអាស្រ័យផល នោះទេ៕/V-PC