ដោយៈ ភ្នំស្វាយ / ឧត្តរមានជ័យៈ វត្ថុបុរាណ នៃសារមន្ទីរឧត្តរមានជ័យ នឹងត្រូវដាក់តាំង ជូនភ្ញៀវ និងសិស្សានុសិស្ស ចូលទស្សនាស្វែងយល់ ឬស្រាវជ្រាវ សិក្សារៀនសូត្រ បាន។

មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ថា វត្ថុបុរាណជាច្រើនប្រភេទ ដែលបានប្រមូលមកពីតាមបណ្តា ក្រុង ស្រុក ដែលរក្សាទុក ក្នុងសារមន្ទីរខេត្តឧត្តរមានជ័យ ត្រូវរៀបចំតាំងឱ្យត្រូវតាមបច្ចេកទេស និងបិទខ្លឹមសារបញ្ជាក់ ។ ប៉ុន្តែតាំងពីដើមមក មន្ទីរបានអនុញ្ញាតឱ្យមន្ត្រី និងអ្នកពាក់ព័ន្ធ អាចចូលមើលក្នុងលក្ខណៈផ្ទៃក្នុងនៅឡើយ។ ហេតុនេះ ទើបពីពេលនេះតទៅ សារមន្ទីរ នឹងអនុញ្ញាតឱ្យភ្ញៀវ និងមហាជន ចូលទស្សនា និងសិក្សាស្រាវជ្រាវ បានឱ្យទូលំទូលាយ ជាប្រយោជន៍ ជួយផ្សព្វផ្សាយ និងអភិរក្ស ។

សូមរំលឹកថា គិតត្រឹមចុងឆ្នាំ២០២៣ មន្ទីរសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ច វត្តអារាម មហាជន បានប្រមូលបានវត្ថុបុរាណបន្ថែម បានចំនួន ១.២៤០ ដុំ-រូប ។
ក្នុងនោះ ត្រូវបានចុះបញ្ជី បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌ ជាមួយនាយកដ្ឋានបេតិក ភ័ណ្ឌវត្ថុបុរាណ បានចំនួន ៩៦៣ ដុំ-រូប ៕/V-PC