ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ មានកិច្ចប្រជុំ ឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២២ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទែក្នុង ក្រសួងមហាផ្ទៃ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខអ្នកចូលរួមកិច្ចប្រជុំទាំងអស់ លោក អ៊ុំ រាត្រីបានថ្លែងថា ចំណុចធំៗទាំង ៣ ដែលក្រុមសវនកម្ម បានចុះធ្វើការពិនិត្យ រកឃើញ និងផ្តល់អនុសាសន៍ ពិតជាបាន ជំរុញឱ្យមន្ត្រីចំណុះរដ្ឋបាលខេត្ត ទទួលបាននូវលទ្ធផលវិជ្ជមាន ទទួលយកបានចំណុច ខ្វះខាតត្រូវកែលម្អ ដើម្បីអនុវត្តឱ្យល្អឡើងវិញ និងបន្ថែមនូវអនុសាសន៍ ពីសវនករ ។
មន្ត្រីតំណាងប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអាននូវសេចក្តីព្រាងរបាយ ការណ៍សង្ខេប ស្តីពីលទ្ធផល នៃការធ្វើសវនកម្មផ្ទៃក្នុងការិយបិរច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានរកឃើញចំណុច វិជ្ជមាន លទ្ធផលល្អជាច្រើន និងចំណុចខ្វះខាតមួយចំនួនតូច លើកិច្ចការសវនកម្មផ្ទៃក្នុង ដែលត្រូវធ្វើទាំង ៣ ចំណុចធំៗ គឺទី១-ទាក់ទិនការងារធនធានមនុស្ស គឺការងារបុគ្គលិក មានការលើកសរសើរ លើកទឹកចិត្ត ឬស្តីបន្ទោសមន្ត្រី ទី២-ការងារលទ្ធកម្មៈ ការពិគ្រោះ ចរចា ដេញថ្លៃ និងទី៣-ចំណូល ចំណាយលើការងារហិរញ្ញវត្ថុ, លើអង្គភាព/ការិយា ល័យច្រកចេញចូលតែមួយ និងការងារទ្រព្យសម្បត្តិរដ្ឋ ។
របាយការណ៍ ក៏បានបញ្ជាក់ពីគោលបំណង និងអនុសាសន៍នានា ដែលបានទទួល ស្គាល់ លើកសរសើរ និងការដាក់ឱ្យកែលម្អចំណុចខ្វះខាត ដើម្បីឱ្យមន្ត្រីយកទៅអនុវត្ត ឱ្យបានល្អ មានសុច្ចរឹតភាព តម្លាភាព គណនេយ្យភាព មានមនសិការ សម្បជ្ជញ្ញៈ និងប្រកបដោយការទទួលខុសត្រូវ ។
លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ របស់រដ្ឋបាលខេត្ត ដែលមាន អភិបាល ជាតំណាងរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជាមន្ត្រីជាន់ខ្ពស់ នៅថ្នាក់ក្រោមជាតិទទួលខេត្ត ដែលធ្វើឱ្យលទ្ធផលល្អ និងមានប្រសិទ្ធភាព ។
ក្នុងដំណើរការបើក និងបិទសវនកម្មផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃនេះ លោកអភិបាលខេត្ត បានសហការដោយសកម្ម រលូន ហើយចូលរួមដោយផ្ទាល់ ដែលជាការទទួលខុសត្រូវ ចំពោះមុខក្រុមសវនកម្ម ថ្នាក់លើ ថ្នាក់រដ្ឋបាលខ្លួន និងពលរដ្ឋ ហើយក៏ជាឱកាសល្អ ដែលអាចក្តាប់បានពីចំណុចវិជ្ជមាន ចំណុចអវិជ្ជមាន ឬខ្វះខាត ដើម្បីបកស្រាយ បំភ្លឺ ទទួល ឬមិនទទួលយក ហើយកែលម្អ ។
លោក ងួន ស្រេង បានបន្តថា អ្នកអនុវត្តពិតជាចៀសមិនផុតពីកំហុស មិនបានលទ្ធផល ល្អត្រឹមត្រូវ រលូនទាំងស្រុងឡើយ។ ប៉ុន្តែ កំហុសនោះ មិនមែនធំ ហើយជាការប្រព្រឹត្ត ដោយចេតនាឡើយ ។ ការចុះសវនកម្មផ្ទៃក្នុងនេះ មិនមែនចុះទៅចាប់ទោសដំណើរ មន្ត្រីឡើយ ។ ហើយក៏មិនមែនចេះតែចុះធ្វើ រហូតមន្ត្រីលែងមានអារម្មណ៍នឹងនរ ធ្វើការ នោះឡើយ។
សូមរំលឹកថា កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត បានរៀបចំកិច្ចប្រជុំបេីកសវនកម្មផ្ទៃក្នុងការិយបិរច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគ៣ អនុវត្តនៅខេត្តបន្ទាយមានជ័យដោយកម្មវិធីប្រជុំធ្វើនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។ បន្ទាប់មក ប្រតិភូក្រសួងមហាផ្ទៃ នឹងចុះទៅសហការ ជាមួយរដ្ឋបាលខេត្តផ្សេងទៀត មានដូចជា ខេត្តពោធិ៍សាត់, បាត់ដំបងនិងខេត្តប៉ៃលិន ដោយបេីកសវនកម្មផ្ទៃក្នុងការិយបិរច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគ ៣ ដូចខាងលើ ៕/V/r