ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ចិនអះអាងថា ពួកភេរវករបាន “បំពាក់អាវុធ” ដោយខ្លួនឯងជាមួយនឹងអាវុធហ្សែនបង្កើតដោយ AI ដែលកំណត់គោលដៅលើជាតិសាសន៍ជាក់លាក់មួយចំនួន។
ក្រសួងសន្តិសុខរដ្ឋបានចេញសេចក្តីថ្លែងការណ៍មួយនៅលើ WeChat ដោយប្រកាសថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានជ្រើសរើស “អ្នកស្ម័គ្រចិត្ត” ជនជាតិចិន ដើម្បីប្រមូលទិន្នន័យចែកចាយអំពីជីវចម្រុះក្រោមរូបភាពនៃការស្រាវជ្រាវសត្វជីវសាស្ត្រ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ប្រទេសបរទេសទាំងនោះកំពុងធ្វើវិស្វកម្មអាវុធ ដែលស្វែងរកភាពខុសគ្នានៃហ្សែនដែលទាក់ទងនឹងជាតិសាសន៍ឬពូជសាសន៍។
រឿងនេះកើតឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីឯករាជ្យរបស់អាម៉េរិក លោក រ៉ូបឺត កេណ្ណីឌី ជូនៀ (Robert Kennedy Jr) បានអះអាងថា កូវីដ១៩គឺជា “គោលដៅកម្ទេចជាតិសាសន៍” ដើម្បីមិនឱ្យប៉ះពាល់ដល់ប្រជាជនជ្វីហ្វឬជនជាតិចិននៅក្នុងការអះអាងដ៏ចម្លែក។
លោក រ៉ូបឺត កេណ្ណីឌី ជូនៀ
ក្រសួងសន្តិសុខរដ្ឋចិនបានសរសេរថា “បើប្រៀបធៀបជាមួយអាវុធជីវសាស្ត្រនិងអាវុធគីមីធម្មតា អាវុធហ្សែនគឺអាចលាក់ខ្លួន បញ្ឆោត ងាយសាយភាយ និងបង្កគ្រោះថ្នាក់ក្នុងរយៈពេលវែង ហើយពិបាកការពារ ពិបាកបំបែក និងមានតម្លៃទាប។ នៅពេលប្រើក្នុងសង្គ្រាម ផលវិបាកនឹងមានការបំផ្លិចបំផ្លាញខ្លាំងណាស់។”
បទបញ្ជាបន្ទាន់របស់ប្រធានាធិបតី ចូ បៃដិន មានគោលបំណងធានាថា ការសាកល្បងដោយសុវត្ថិភាពនូវគំរូ AI នានាដូចជា ChatGPT របស់ក្រុមហ៊ុន OpenAI និង Bard របស់ Google ត្រូវបានធ្វើឡើង ហើយមន្ត្រីរដ្ឋាភិបាលពិនិត្យមើលលទ្ធផលមុនពេលពួកវាត្រូវបានដាក់ឱ្យប្រើជាសាធារណៈ។
ប្រធានាធិបតីអាម៉េរិកជឿថា វិធីសាស្ត្រនេះនឹងធានាថា AI នឹងមិនត្រូវបានប្រើដើម្បីបង្កើតនុយក្លេអ៊ែរឬអាវុធជីវសាស្ត្រនិងហ្សែន។
ខណៈចិនជឿថាប្រទេសរបស់ខ្លួនគឺជាគោលដៅត្រូវកម្ចាត់ចោល បេក្ខជនប្រធានាធិបតី រ៉ូបឺត កេណ្ណីឌី ជូនៀ មុននេះបាននិយាយថា ជនជាតិចិនគឺជាអ្នកបង្កើតអាវុធជីវសាស្ត្រកម្ទេចជាតិសាសន៍ដទៃ។
បេក្ខជនឯករាជ្យរូបនេះក៏បានកត់សម្គាល់ដែរថា កូវីដ១៩ត្រូវបានធ្វើវិស្វកម្មឡើងដើម្បីឱ្យជនជាតិជ្វីហ្វនិងចិនរួចខ្លួន។
ក្រសួងសន្តិសុខរដ្ឋរបស់ចិនបានលើកឡើងថា ប្រទេសបរទេសខ្លះអាចវាយប្រហារប្រជាជនរបស់ខ្លួន ខណៈពួកគេប្រើប្រាស់ប្រជាជនចិនដើម្បីលួចទិន្នន័យប្រភេទសត្វ ដែលត្រូវបានបង្ហោះទៅក្នុងកម្មវិធីស្មាតហ្វូន។
យោងតាម Global Times ប្រសិនបើគំរូ AI ត្រូវបានផ្តល់ដល់សំណាកហ្សែនរបស់មនុស្សបានគ្រប់គ្រាន់ នោះវាអាចវិភាគ និងយល់ពីលក្ខណៈហ្សែនជាក់លាក់របស់ក្រុមជនជាតិនីមួយៗ។
ក្រសួងនិយាយាថា “ការរក្សាសុវត្ថិភាពជីវសន្តិសុខគឺជាការទទួលខុសត្រូវរួមរបស់សង្គមទាំងអស់។ មនុស្សគ្រប់រូបគួរបង្កើតមនសិការសុវត្ថិភាពជីវសាស្ត្រ និងទាញយកបទពិសោធន៍ពីមេរៀនដែលបានរៀនក្នុងការដោះស្រាយហានិភ័យជីវសន្តិសុខ ដូចជា ការបង្ការគ្រោះអាសន្នផ្នែកសុខភាពសាធារណៈជាដើម។”
ដំណឹងនេះកើតឡើងពីរឆ្នាំបន្ទាប់ពីរបាយការណ៍មួយបានអះអាងថាអ្នកវិទ្យាសាស្ត្រចិនកំពុងត្រៀមសម្រាប់សង្គ្រាមលោកលើកទី ៣ ដែលប្រយុទ្ធដោយអាវុធជីវសាស្ត្រ និងហ្សែន។
ឯកសារដ៏ភ្ញាក់ផ្អើលនេះបានទទូចថា ពួកវានឹងក្លាយជា “អាវុធស្នូលសម្រាប់ជ័យជម្នះ” នៅក្នុងជម្លោះបែបនេះ ដោយរៀបរាប់សូម្បីលក្ខខណ្ឌដ៏ល្អឥតខ្ចោះដើម្បីបញ្ចេញអាវុធជីវសាស្ត្រ និង ចងក្រងជាឯកសារពីផលប៉ះពាល់ដែលវានឹងមានលើ “ប្រព័ន្ធវេជ្ជសាស្ត្ររបស់សត្រូវ”៕
ក្រសួងសន្តិសុខរដ្ឋរបស់ចិនបានលើកឡើងថា ប្រទេសបរទេសខ្លះអាចវាយប្រហារប្រជាជនរបស់ខ្លួនដោយប្រើអាវុធហ្សែន