ដោយៈ គង់ហេង/ កំពង់ចាម៖ ស្ពានបេតុងដែលបានបាក់កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែតុលា កន្លងទៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចសាងសង់ ជាស្ពានដែកបាឡេត៍ ជូនប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្នសិន។ នេះបើតាមបញ្ជាក់ឱ្យដឹងពីលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត នៅក្នុងផេកហ្វេសបុកផ្លូវការរបស់លោកនៅប៉ុន្មាននាទីមុននាថ្ងៃទី ១ វិច្ឆិកានេះ។
លោកអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ស្ពានជាដែលបាឡេត៍នេះបានការជួយឧបត្ថម្ភពីលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានខាងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិជាអ្នកស្ថាបនាសាងសង់ ដែលនឹងសាងសង់រយៈពេលប្រមាណ មួយ សប្តាហ៍ រួចរាល់អនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងកាត់ធ្វើដំណើរទៅមកបានហើយ។
លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់បានឱ្យដឹងនៅថ្ងៃទី ១ ខែវិច្ឆិកានេះដែរថា ស្ពានបេតុងមានទំហំទទឹង បួន ម៉ែត្រ និងបណ្តោយជាង ១០ ម៉ែត្រឈ្មោះ«ត្រដក់ពង»ដែលស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្រុកស្ទឹង បានបាក់កាលពីយប់ថ្ងៃទី២៧-២៨ តុលា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពីរថ្ងៃជាប់គ្នា។ ឥឡូវរដ្ឋបាលខេត្តសម្រេចសាងសង់ជាស្ពានបាឡេត៍ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នសិន៕ P / N