ជែក​គី ចាន់ និង​ក្រុមការងារ​ថតកុន ជាប់ផុង​ក្នុង​ហេតុការណ៍​រអិល​បាក់​ភក់​ភ្លាមៗ​នៅ​ចិន​…​សំណាងល្អ ត្រូវបាន​គេ​សង្គ្រោះ​ទាន់​

1342
ចែករម្លែក

​វីរបុរស​ក្បាច់គុន​ហុងកុង ជែក​គី ចាន់ បាន​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​បែប​វាយតប់​ជាង ២០០ រឿង ដោយ​ឈុត​ខ្លះៗ​គឺ​គ្រោះថ្នាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ប៉ុន្តែ​កាលពី​សប្ដាហ៍​មុន​គាត់​បាន​ជាប់​ក្នុង​រឿងហេតុ​ពិត​ជាក់ស្តែង ខណៈ​កំពុង​ថត​រឿង​ថ្មី​របស់គាត់ គឺ​រឿង Project X ។​

​ជែក​គី ចាន់ បាន​លាតត្រដាង​ក្នុង​បណ្តាញ​វៃ​ប៉ាវ និង​នៅលើ​ហ្វេ​ស​ប៊ុ​កថា រូប​ខ្លួន​និង​ក្រុមការងារ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ខណៈ​កំពុង​ថត​នៅលើ​ទីតាំង​មួយ​នៅក្នុង​ប្រទេស​ចិន នៅពេល​ក្រុមការងារ​របស់គាត់​ជាប់ផុង​ក្នុង​ហេតុការណ៍​រអិល​បាក់​ភក់​ដ៏​ធំ​។​

​ជែក​គី ចាន់ បានសរសេរថា “​ថ្ងៃនេះ យើង​បានចាប់ផ្តើម​ថត​នៅលើ​ទីតាំង​នោះ​។ អាកាសធាតុ​បាន​ផ្លាស់ប្តូរ​ភ្លាមៗ ហើយ​សហសេវិក​របស់​យើង​បាន​ជាប់​នៅក្នុង​ហេតុការណ៍​រអិល​បាក់​ភក់ល្បាប់​ដ៏​ធំ​” ។​

​ជែក​គី ចាន់ អាយុ ៦៤ ឆ្នាំ​បាន​និយាយថា អាកាសធាតុ​ភ្លាមៗ​បាន​ប្រែ​ទៅជា​អាក្រក់​ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាលឱ្យ​មានការ​រអិល​បាក់​ភក់​ដ៏​ធំ ធ្វើឱ្យ​រថយន្ត​ដឹកទំនិញ​និង​តង់​ហូរ​តាម​លំហូរ​ភក់​ដ៏​លឿន​។ ជែក​គី ចាន់​បាន​បង្ហោះ​រូបថត​ជាច្រើន​នៃ​ល្បាប់​ភក់​ហើយ​សម្តែង​ការដឹងគុណ​ខ្លាំង​ចំពោះ​ក្រុម​ជួយសង្គ្រោះ ដែល​បាន​ជួយ​អូស​រថយន្ដ​ទៅ​កន្លែង​សុវត្ថិភាព​។​

​ជែក​គី​ចាន់ ដែល​គេ​ស្គាល់​ថា “​បងធំ​” នៅ​ចិន​និង​ហុងកុង បានសរសេរថា “​ឡាន​ដឹកទំនិញ​របស់​យើង​មួយចំនួន​បាន​ជាប់​នៅតាម​ដងស្ទឹង​នៃ​ល្បាប់​ភក់​។ សហសេវិក​ជាច្រើន​នាក់​មានការ​ភ័យខ្លាច​ព្រោះ​វា​កើតឡើង​លឿន​ពេក​។ សំណាងល្អ រថយន្ត​សណ្តោង​ធំៗ​មួយចំនួន​បានមក​ជួយ​យើង ហើយ​ជួយ​ទាញ​រថយន្ត​ផលិត​កុន​របស់​យើង​ទៅ​កន្លែង​សុវត្ថិភាព​”​។

​ជែក​គី ចាន់​មិនបាន​បង្ហាញ​ឱ្យ​ច្បាស់​ថា​តើ​គាត់​និង​ក្រុមការងារ​របស់គាត់​កំពុង​ថត​នៅ​កន្លែង​ណា​ទេ នៅពេលដែល​ភក់ល្បាប់​បានកើត​ឡើង ប៉ុន្តែ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​និង​ជាពិសេស​ខេត្ត​យូ​ន​ណាន​បាន​រងគ្រោះ​ដោយ​ភ្លៀង​ខ្លាំង​កាលពី​សប្តាហ៍​មុន​៕ ដោយ៖ កញ្ញាដាលីស

ជែក​គី ចាន់ និង​ក្រុមការងារ​ផលិត​កុន​ជាប់​ក្នុង​ហេតុការណ៍​រអិល​បាក់​ភក់​ភ្លាមៗ​នៅ​ចិន​ខណៈ​កំពុង​ថត​រឿង Project X

ទីតាំងផ្សាយពាណិជ្ជកម្ម