ដោយ:ពៅនិមល/ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃ​ក្រសួងពាណិជ្ជ​កម្ម នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ បានរកឃើញ និងដកហូតសាច់បង្កកប្រមាណ ៣,៥០០ គីឡូក្រាម បន្ទាប់ពីឆែកឆេរលើឃ្លាំងស្កុក និងចែកចាយមួយកន្លែង ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋាន ក.ប.ប. ឱ្យដឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រោយពីមានការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលាកន្លងទៅ លោកអគ្គរង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខា​រាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែក​ចាយសាច់បង្កកនៅទីតាំងខាងលើនេះ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យនោះ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម ។ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោ។ រីឯម្ចាស់ទីតាំង​ត្រូវ​បានអញ្ជើញឱ្យចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. តាមនីតិវិធី៕សរន

សាច់បង្កកដែលអះអាងថា ខូចគុណភាពប្រមាណ ៣,៥០០គីឡូក្រាម បានរកឃើញសង្កាត់ព្រៃស ខណ្ឌដង្កោ។រូបភាព៖ អគ្គនាយកដ្ឋានក.ប.ប.