​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បណ្តា​ប្រទេស​អារ៉ាប់ ដែល​បាន​ធ្វើឱ្យ​មាន​ប្រក្រតីភាព​ឡើងវិញ​ឬ​កំពុង​ពិចារណា​កែលម្អ​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល កំពុង​ស្ថិត​ក្រោម​សម្ពាធ​កាន់តែខ្លាំង​ឡើង​ពី​សាធារណជន​ឱ្យ​កាត់​ផ្តាច់ទំនាក់ទំនង​ទាំង​នោះ​ចោល​វិញ ដោយសារ​តែ​សង្គ្រាម​របស់​អ៊ីស្រាអែល​ជាមួយ​ក្រុម​ហា​ម៉ាស​។​នៅពេល​

​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ដើរ​តាម​ផ្លូវ​ក្នុង​ទីក្រុង​រ៉ា​បាត (Rabat) និង​ទីក្រុង​ផ្សេង​ទៀត​របស់​ម៉ារ៉ុក​ដើម្បី​គាំទ្រ​ដល់​ប៉ាឡេ​ស្ទីន​។ នៅ​ប្រទេស​បា​រ៉ែ​ន ដែល​ជា​ប្រទេស​ស្ទើរតែ​មិន​អនុញ្ញាត​ឱ្យមាន​ការតវ៉ា ប៉ូលិស​បាន​ឈរ​យាម ខណៈ​ដែល​មនុស្ស​រាប់រ​យ​នាក់​បាន​ដើរ​ដង្ហែ​កាលពី​ខែ​មុន ដោយ​គ្រវីទង់ជាតិ​និង​ប្រមូលផ្តុំ​គ្នា​នៅមុខ​ស្ថានទូត​អ៊ីស្រាអែល​នៅ​ទីក្រុង​ម៉ា​ណា​ម៉ា (Manama)​។​

​បាតុកម្ម ដែល​ឆ្លុះបញ្ចាំង​ពី​ការតវ៉ា​នៅ​ទូទាំង​មជ្ឈិម​បូព៌ា បាន​បង្ហាញ​ពី​បញ្ហា​ដ៏​លំបាក​សម្រាប់​បណ្តា​រដ្ឋាភិបាល​ដែល​បាន​ទទួល​ផលប្រយោជន៍​ពី​ទំនាក់ទំនង​យោធា និង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អ៊ីស្រាអែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ដែលមាន​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ជាច្រើន​ទសវត្សរ៍ ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង​និង​នៅ​តាម​សាកលវិទ្យាល័យ​នានា ដោយ​ជួនកាល​ស្រែកថា “​ងាប់​ទៅ​អ៊ីស្រាអែល​”​។ គណៈកម្មាធិការ​សភា​ក្នុង​ប្រទេស​ទុយ​នី​ស៊ី​កាលពី​សប្តាហ៍​មុន​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​ធ្វើឱ្យ​ការចង​មិត្ត​ជាមួយ​អ៊ីស្រាអែល​ក្លាយ​ជា​បទឧក្រិដ្ឋ​។​

​នៅក្នុង​ប្រទេស​ម៉ារ៉ុក​និង​បារ៉ែន កំហឹង​សាធារណៈ​កាន់តែ​កើន​ឡើង​ខ្លាំង​។ សកម្មជន​កំពុង​ទាមទារ​ឱ្យ​បដិសេធ​កិច្ចព្រមព្រៀង​ដែល​បង្កើត​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​អ៊ីស្រាអែល ដោយ​គូសបញ្ជាក់​ពី​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​រដ្ឋាភិបាល​និង​មតិសាធារណៈ​។​

​កិច្ចព្រមព្រៀង​អា​ប្រា​ហាំ (Abraham) ដែល​សម្របសម្រួល​ដោយ​សហរដ្ឋ​អាម៉េរិក​ក្នុង​គោលបំណង​ឱ្យ​មាន​ការទទួលស្គាល់​អ៊ីស្រាអែល​កាន់តែ​ទូលំទូលាយ​នៅក្នុង​ពិភព​អារ៉ាប់ បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​និង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​បា​រ៉ែ​ន ម៉ារ៉ុក ស៊ូដង់ និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដែល​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០២០​។ អ្នក​គ្រប់គ្រង​បែប​ផ្តាច់ការ​របស់​ពួកគេ ក៏​ដូចជា​ក្រុម​មន្ត្រី​អាម៉េរិក​និង​អ៊ីស្រាអែល បាន​បន្ត​កំណត់​កិច្ចព្រមព្រៀង​នេះ​ជា​ជំហាន​ឆ្ពោះទៅរក “​មជ្ឈិមបូព៌ា​ថ្មី​” ដែល​ក្នុងនោះ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​អាច​ជំរុញ​សន្តិភាព​និង​វិបុលភាព​។​

​កិច្ចព្រមព្រៀង​នេះ​សម្គាល់​ជ័យជម្នះ​ផ្នែក​ការទូត​ដ៏​ធំ​សម្រាប់​ប្រទេស​ម៉ារ៉ុក ពីព្រោះ​ពួកគេ​បាន​ដឹកនាំ​សហរដ្ឋ​អាម៉េរិក​និង​ទីបំផុត​អ៊ីស្រាអែល​ឱ្យ​ទទួលស្គាល់​ស្វ័យភាព​របស់​ខ្លួន​លើ​តំបន់​សាហា​រ៉ា​ខាងលិច​ដែល​មាន​ជម្លោះ​។ ក្រសួងការបរទេស​ម៉ារ៉ុក​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​កិច្ចព្រមព្រៀង​ឬ​ការតវ៉ា​នោះទេ​៕

​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ដើរ​តាម​ផ្លូវ​ក្នុង​ទីក្រុង​រ៉ា​បាត​និង​ទីក្រុង​ផ្សេង​ទៀត​របស់​ម៉ារ៉ុក​ដើម្បី​គាំទ្រ​ដល់​ប៉ាឡេ​ស្ទីន